
រាជធានីភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន ៥ ដែលឃ្លាំមើលការបំផ្លាញ ធនធានធម្មជាតិ បានសំដែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃ បទល្មើសព្រៃឈើនៅកម្ពុជា រួមទាំងការដឹកជញ្ជូន ឈើប្រណិតៗយ៉ាងគគ្រឹកគគ្រេង ទៅលក់នៅក្រៅប្រទេស ដោយគ្មានវិធានការទប់ស្កាត់ ជាពិសេសក្រុមឈ្មួញបានឆក់ឱកាស មុននិងក្រោយពេលបោះឆ្នោត និងស្ថានភាពជាប់គាំង ខាងនយោបាយនៅពេលបច្ចុប្បន្ននេះ សម្រុកកាប់ឈើតាមតែទំនើងចិត្ត ដោយមិនក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល បានព្រមានថា នឹងទម្លាយឈ្មោះ ព្រមទាំងដាក់ពាក្យបណ្ដឹង ប្រឆាំងឈ្មួញ និងមន្ត្រី ក្នុងស្ថាប័នរដ្ឋជាង ១០០នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការកាប់បំផ្លាញព្រៃឈើ ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការបន្ទាន់ ទប់ស្កាត់ការបំផ្លាញ និងការដឹកជញ្ជូនឈើខុសច្បាប់។ អង្គការសង្គមស៊ីវិលទាំង ៥ នោះរួមមានសមាគមអាដហុក អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ សម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបណ្ដាញកសាងសន្តិភាពសហគមន៍ ដែលមានសាខាតាមឃ្លាំមើលសិទ្ធិមនុស្ស និងធនធានធម្មជាតិចំនួន ២៤រាជធានីខេត្តដែលឃ្លាំមើល ការបំផ្លាញធនធានធម្មជាតិ។
អង្គការសង្គមស៊ីវិលទាំង ៥ បានដាស់តឿនព្រមគ្នា ទៅរដ្ឋាភិបាលឲ្យ យកចិត្តទុកដាក់ ចំពោះការកាប់បំផ្លាញព្រៃឈើ ហើយដឹកខុសច្បាប់ ទៅលក់នៅក្រៅប្រទេស ព្រោះថា វិនាសកម្មព្រៃឈើអាចនឹង កើតឡើងយ៉ាងរាលដាល អំឡុងពេល ៣ទៅ៦ ខែទៀត ប្រសិនបើគ្មានការទប់ស្កាត់។ មានការកត់សម្គាល់ ថា របត់ថ្មីនៃការកាប់បំផ្លាញព្រៃឈើ មានរូបភាពប្លែកៗ ដោយក្រុមឈ្មួញបានបំផុស ឲ្យពលរដ្ឋក្នុងសហគមន៍ កាប់បំផ្លាញព្រៃឈើ ដោយខ្លួនឯង ហើយសហគមន៍ដែលធ្លាប់ ដើរតួនាទីការពារព្រៃឈើ បានប្រែក្លាយជាអ្នក កាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម និងបានយកទៅលក់ ឲ្យក្រុមឈ្មួញ និងកងកម្លាំងប្រដាប់អាវុធ មុននឹងយកទៅលក់ឲ្យក្រុមហ៊ុន។
មូលហេតុនៃការផ្លាស់ប្ដូរនោះ ដោយសារតែពួកគេ ហាក់គ្មានជំនឿទៅលើរដ្ឋាភិបាល ហើយគិតថា ប្រសិនបើពួកគេ មិនកាប់ទេនោះ ក៏នៅតែមានក្រុមឈ្មួញ និងក្រុមហ៊ុនកាប់បំផ្លាញដែរ។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាលឲ្យទៅ ក្រុមហ៊ុនភាគច្រើនស្ថិ តនៅក្នុងតំបន់ព្រៃស្រោង ដែលច្បាប់ហាមឃាត់ ដូចជាការកាប់បំផ្លាញព្រៃឈើ នៅខេត្តរតនគិរី កើតឡើងដោយសារតែ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយក៏មានការបន្លំដឹកឈើ ដោយខុសច្បាប់ចេញទៅលក់ ឲ្យប្រទេសវៀតណាម ជ្រកក្រោមស្លាកសម្បទានសេដ្ឋកិច្ច។ ការផ្លាស់ប្ដូរមូលដ្ឋានទ័ព ញឹកញាប់នៅតាមព្រំដែន ក៏ជាបុព្វហេតុនៃការ កាប់បំផ្លាញព្រៃឈើ ដោយសារតែការប្ដូរ ទីតាំងកងទ័ពម្តងៗ ត្រូវការផ្ទៃដីច្រើនពាន់ហិកតា ។
ពាក់ព័ន្ធនឹងសកម្មភាព កាប់ឈើក្នុងព្រៃសហគមន៍ ដូចជាមានរូបភាពថ្មីៗដែលក្រុមឈ្មួញ និងអ្នកមានលុយមានអំណាច កំពុងដឹកឈើចេញតាមផ្លូវទឹក ពីតំបន់ព្រៃឡង់ រាប់សិបម៉ែត្រគូប ក្នុងមួយថ្ងៃៗ។ មានមូលហេតុចំនួន ៥ ដែលអង្គការសង្គមស៊ីវិល បានរកឃើញថា នាំឲ្យកើតមានការបំផ្លាញព្រៃឈើយ៉ាងគំហុក។ ទី១-ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទី២-ផែនការអភិវឌ្ឍន៍ គម្រោងថាមពលវារីអគ្គិសនី។ ទី៣-តម្លៃឈើនៅក្នុងទីផ្សារ មានហាងឆេងខ្ពស់ និងសំបូរដោយ សិប្បកម្មកែច្នៃឈើ។ ទី៤-ការកាប់បំផ្លាញព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងតំបន់ ដែលមានព្រៃឈើ និងទី៥ ការផ្លាស់ប្ដូរនិងការសាងសង់មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធថ្មី។
អង្គការសង្គមស៊ីវិលបានរាយការណ៍ថា តំបន់ព្រៃឈើដែល ត្រូវកាប់បំផ្លាញនោះ មាននៅតំបន់ព្រៃការពារ តំបន់ព្រៃឈើ សម្រាប់អភិរក្សសត្វព្រៃ តំបន់ព្រៃស្នួល សម្រាប់ការពារជីវចម្រុះ និងតំបន់ព្រៃសួនឧទ្យានជាតិជាដើម។ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍បានរកឃើញ ជនប្រព្រឹត្តបទល្មើសច្រើនរយនាក់ ប៉ុន្តែមានជាង ១០០នាក់ដែលត្រៀម នឹងដាក់ពាក្យបណ្ដឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងប្ដឹងទៅតុលាការ ប្រសិនបើរដ្ឋាភិបាល នៅតែមិនស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ទៅលើការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងមានរូបភាព ដ៏រាលដាលទេនោះ៕
Source from: watphnom-news.com