
គូស្នេហ៍មួយគូរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលស្រឡាញ់គ្នាប្តូរផ្តាច់បែរជាត្រូវបានឪពុកម្តាយខាងស្រីមានះព្យាយាមតាមបំបែក ហើយប្រើប្រាស់ល្បិចកលចោទថា ឪពុកម្តាយខាងប្រុសបានប្រើអំពើហិង្សាលើខ្លួនរួចប្តឹងទៅតុលាការនាំឲ្យចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកានាំខ្លួន និងត្រូវបានសមត្ថកិច្ចវាយខ្នោះឪពុកម្តាយខាងប្រុសយកមកឃុំខ្លួនគួរឲ្យភ្ញាក់ផ្អើល។
ភាគីខាងប្រុសឈ្មោះ ម៉ូត សំអូន អាយុ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា ឪពុករបស់ខ្លួនឈ្មោះ គង់ ម៉ូត អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ អ៊ុក សន អាយុ៥៣ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម តាមដីកានាំខ្លួនរបស់តុលាការកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣។
ដោយយល់ឃើញថា រឿងនេះមានភាពអយុត្តិធម៌ទើបភាគីខាងប្រុស និងប្រពន្ធឈ្មោះ នេត ស្រីលក្ខណ៍ អាយុ១៩ឆ្នាំ បានបីកូនតូចអាយុជាង៧ខែ ជិះម៉ូតូតាមមកមើលដំណើរការនៃការនាំខ្លួនឪពុកម្តាយមកតុលាការនោះដែរ។
បុរសឈ្មោះ ម៉ូត សំអូន បានរៀបរាប់អំពីដំណើររឿងស្នេហារបស់ខ្លួនឲ្យដឹងថា ខ្លួនបានស្រឡាញ់នាង នេត ស្រីលក្ខណ៍ រីឯនាងក៏ស្រឡាញ់ខ្លួនវិញដែរ រួចហើយឲ្យឪពុកម្តាយទៅចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធក៏មានការត្រូវរ៉ូវគ្នាព្រមទាំងបានទៅជួលម្ហូបការរួចរាល់ថែមទៀត។ លុះដល់ថ្ងៃជិតចូលរោងការទៅហើយបែរជាម្តាយខាងស្រីសុំផ្តាច់កូនដោយប្រែក្រឡាស់ពាក្យសម្តីថា មិនឲ្យទៅវិញ។ នៅពេលមានហេតុការណ៍នេះកើតឡើង លុយកក់ថ្លៃម្ហូបការត្រូវបានខាតបង់ទទេ តែសំណាងល្អដែរដោយសំបុត្រការមិនទាន់បានបោះហៅភ្ញៀវនៅឡើយ។ ក្រោយមកនាង នេត ស្រីលក្ខណ៍ ជាគូដណ្តឹងបានរត់មកផ្ទះរបស់ខ្លួនចំនួន២លើក តែត្រូវម្តាយនាងតាមយកទៅវិញ។ ទោះជាម្តាយនាងខំបំបែកយ៉ាងណាក្តីក៏នាង នេត ស្រីលក្ខណ៍ បានរត់មកផ្ទះរបស់ខ្លួនដដែល ហើយមករួមរស់ជាមួយខ្លួនតាមរបៀបប្តី-ប្រពន្ធរហូតបានកូនប្រុសម្នាក់អាយុជាង៧ខែ ប៉ុន្តែពួកគេសោកស្តាយដែលមិនបានរៀបការព្រោះស្ថានការណ៍មេបាក្រឡាស់ពាក្យសម្តីបាតដៃជាខ្នងដៃ។
លោក គង់ ម៉ូត ជាឪពុករបស់ភាគីខាងប្រុស និងជាអ្នករងគ្រោះត្រូវសមត្ថកិច្ចវាយខ្នោះជាមួយប្រពន្ធខ្លួននោះ បានឲ្យដឹងថា កូនៗស្រឡាញ់គ្នាស្មោះទាំងសងខាង បែរជាម្តាយខាងស្រីព្យាយាមតាមបំបែករហូតដល់ទៅ៣-៤លើកឯណោះ និងចុងក្រោយមកបានតាមវាយកូនស្រីខ្លួនឯងដល់ចម្ការស្វាយរបស់គាត់ទៀតផង។ ដោយឃើញម្តាយវាយកូនស្រីបែបនេះ គាត់ក៏បានឃាត់កុំឲ្យធ្វើដូច្នេះ តែលុះដល់ពេលចេញផុតពីចម្ការគាត់ ម្តាយខាងស្រីបានប្តឹងចោទប្រកាន់គាត់ និងប្រពន្ធថា បានប្រើអំពើហិង្សាដោយចេតនា ខណៈដែលគាត់មិនបានវាយដំដូចម្តាយខាងស្រីចោទប្រកាន់នោះឡើយ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម គឺលោក គង់ ច័ន្ទខេមរិទ្ធ បានឲ្យដឹងថា លោកបានចេញដីកាបង្គាប់ឲ្យនាំខ្លួនមកពីប្តីប្រពន្ធទាំងពីរនាក់ជាជនត្រូវចោទមិនបានចូលខ្លួនតាមដីកាកោះហៅរបស់តុលាការច្រើនដងមកហើយក្នុងរឿងគេប្តឹងចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ុន្តែ បន្ទាប់ពីបានស៊ើបសួរជនត្រូវចោទ និងដំណើររឿងពាក់ព័ន្ធនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣រួចមក លោកនឹងសម្រេចឲ្យជនត្រូវចោទពីរនាក់ប្តីប្រពន្ធនេះឋិតនៅក្រៅឃុំបណ្តោះអាសន្ន ហើយនឹងចាត់ការស៊ើនអង្កេតបន្តតាមនីតិវិធីនៃច្បាប់៕
Source from: www.dtn7.com