ឪពុកម្តាយ​ខាង​ស្រី​មានះ​បំបែក​កូនប្រុស​-​ស្រី ស្រឡាញ់គ្នា​ដោយ​ចិត្ត​ស្មោះ មក​ជាប់​ខ្នោះ​ឪពុកម្តាយ​ខាង​ប្រុស​

​គូស្នេហ៍​មួយគូ​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្តកំពង់ចាម ដែល​ស្រឡាញ់គ្នា​ប្តូរផ្តាច់​បែរជា​ត្រូវបាន​ឪពុកម្តាយ​ខាង​ស្រី​មានះ​ព្យាយាម​តាម​បំបែក ហើយ​ប្រើប្រាស់​ល្បិចកល​ចោទថា ឪពុកម្តាយ​ខាង​ប្រុស​បាន​ប្រើ​អំពើហិង្សា​លើ​ខ្លួន​រួច​ប្តឹងទៅ​តុលាការ​នាំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកានាំខ្លួន និង​ត្រូវបាន​សមត្ថកិច្ច​វាយខ្នោះ​ឪពុកម្តាយ​ខាង​ប្រុស​យកមក​ឃុំខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​ភាគី​ខាង​ប្រុស​ឈ្មោះ ម៉ូត សំ​អូន អាយុ​២៣​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា ឪពុក​របស់ខ្លួន​ឈ្មោះ គង់ ម៉ូត អាយុ​៥៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ អ៊ុក សន អាយុ​៥៣​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូនមក​សាលាដំបូង​ខេត្តកំពង់ចាម តាម​ដីកានាំខ្លួន​របស់​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​ដោយ​យល់ឃើញថា រឿងនេះ​មាន​ភាពអយុត្តិធម៌​ទើប​ភាគី​ខាង​ប្រុស និង​ប្រពន្ធ​ឈ្មោះ នេ​ត ស្រី​លក្ខណ៍ អាយុ​១៩​ឆ្នាំ បាន​បីកូន​តូច​អាយុ​ជាង​៧​ខែ ជិះ​ម៉ូតូ​តាម​មក​មើល​ដំណើរការ​នៃ​ការនាំ​ខ្លួន​ឪពុកម្តាយ​មក​តុលាការ​នោះដែរ​។

​បុរស​ឈ្មោះ ម៉ូត សំ​អូន បាន​រៀបរាប់​អំពី​ដំណើររឿង​ស្នេហា​របស់ខ្លួន​ឲ្យ​ដឹងថា ខ្លួន​បាន​ស្រឡាញ់​នាង នេ​ត ស្រី​លក្ខណ៍ រីឯ​នាង​ក៏​ស្រឡាញ់​ខ្លួន​វិញ​ដែរ រួចហើយ​ឲ្យ​ឪពុកម្តាយ​ទៅ​ចូល​ស្តីដណ្តឹង​នាង​ធ្វើជា​ប្រពន្ធ​ក៏មាន​ការ​ត្រូវរ៉ូវ​គ្នា​ព្រមទាំង​បាន​ទៅ​ជួល​ម្ហូប​ការ​រួចរាល់​ថែមទៀត​។ លុះដល់​ថ្ងៃ​ជិត​ចូល​រោងការ​ទៅហើយ​បែរជា​ម្តាយ​ខាង​ស្រី​សុំ​ផ្តាច់​កូន​ដោយ​ប្រែ​ក្រឡាស់​ពាក្យសម្តី​ថា មិន​ឲ្យ​ទៅវិញ​។ នៅពេល​មាន​ហេតុការណ៍​នេះ​កើតឡើង លុយ​កក់​ថ្លៃ​ម្ហូប​ការ​ត្រូវបាន​ខាតបង់​ទទេ តែ​សំណាងល្អ​ដែរ​ដោយ​សំបុត្រ​ការ​មិនទាន់បាន​បោះ​ហៅភ្ញៀវ​នៅឡើយ​។ ក្រោយមក​នាង នេ​ត ស្រី​លក្ខណ៍ ជា​គូ​ដណ្តឹង​បាន​រត់​មក​ផ្ទះ​របស់ខ្លួន​ចំនួន​២​លើក តែ​ត្រូវ​ម្តាយ​នាង​តាម​យកទៅ​វិញ​។ ទោះជា​ម្តាយ​នាង​ខំ​បំបែក​យ៉ាងណាក្តី​ក៏​នាង នេ​ត ស្រី​លក្ខណ៍ បាន​រត់​មក​ផ្ទះ​របស់ខ្លួន​ដដែល ហើយ​មក​រួមរស់​ជាមួយ​ខ្លួន​តាមរបៀប​ប្តី​-​ប្រពន្ធ​រហូត​បានកូន​ប្រុស​ម្នាក់​អាយុ​ជាង​៧​ខែ ប៉ុន្តែ​ពួកគេ​សោកស្តាយ​ដែល​មិនបាន​រៀបការ​ព្រោះ​ស្ថានការណ៍​មេបា​ក្រឡាស់​ពាក្យសម្តី​បាតដៃ​ជា​ខ្នងដៃ​។​

​លោក គង់ ម៉ូត ជា​ឪពុក​របស់​ភាគី​ខាង​ប្រុស និង​ជា​អ្នករងគ្រោះ​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ជាមួយ​ប្រពន្ធ​ខ្លួន​នោះ បាន​ឲ្យ​ដឹងថា កូនៗ​ស្រឡាញ់គ្នា​ស្មោះ​ទាំងសងខាង បែរជា​ម្តាយ​ខាង​ស្រី​ព្យាយាម​តាម​បំបែក​រហូតដល់​ទៅ​៣-៤​លើក​ឯណោះ និង​ចុង​ក្រោយមក​បាន​តាម​វាយ​កូនស្រី​ខ្លួនឯង​ដល់​ចម្ការ​ស្វាយ​របស់គាត់​ទៀតផង​។ ដោយ​ឃើញ​ម្តាយ​វាយ​កូនស្រី​បែបនេះ គាត់​ក៏បាន​ឃាត់​កុំ​ឲ្យ​ធ្វើ​ដូច្នេះ តែ​លុះដល់​ពេលចេញ​ផុតពី​ចម្ការ​គាត់ ម្តាយ​ខាង​ស្រី​បាន​ប្តឹង​ចោទប្រកាន់​គាត់ និង​ប្រពន្ធ​ថា បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ខណៈដែល​គាត់​មិនបាន​វាយដំ​ដូច​ម្តាយ​ខាង​ស្រី​ចោទប្រកាន់​នោះឡើយ​។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម គឺ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ បាន​ឲ្យ​ដឹងថា លោក​បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​មកពី​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ជា​ជន​ត្រូវ​ចោទ​មិនបាន​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​ច្រើនដង​មកហើយ​ក្នុង​រឿង​គេ​ប្តឹង​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដោយមាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ប៉ុន្តែ បន្ទាប់ពី​បាន​ស៊ើបសួរ​ជន​ត្រូវ​ចោទ និង​ដំណើររឿង​ពាក់ព័ន្ធ​នា​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣​រួចមក លោក​នឹង​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ឋិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយនឹង​ចាត់ការ​ស៊ើ​ន​អង្កេត​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕​

432156777


Source from: www.dtn7.com

No comments:

Post a Comment