
ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលធ្លាក់ចូល ទឹកសមុទ្រលង់ស្លាប់ ខណៈដែលអង្គុយស្ទូចត្រី នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រូវបានរកឃើញហើយ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។ជនរងគ្រោះមានឈ្មោះទូច ទុំ អាយុ ២៧ឆ្នាំ រស់នៅក្នុងក្រុមទី១៩ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានមុខរបរស្ទូចត្រី។
ឈ្មោះ អ៊ូច សុវណ្ណផល ភេទប្រុស អាយុ ២៦ឆ្នាំ ដែលត្រូវជា បងប្អូនជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់យប់ ខ្លួននិងបងប្រុស ជាជនរងគ្រោះ តែងតែនាំគ្នាចូលទៅក្នុង បរិវេណកំពង់ផែ ដើម្បីស្ទូចត្រីមិនដែលខកខាននោះទេ ហើយនៅយប់កើតហេតុ ខ្លួននិងជនរងគ្រោះ ក៏បានមកស្ទូចត្រី ដូចសព្វដងផងដែរ តែនៅយប់កើតហេតុនោះ ខ្លួនបានដឹកជនរងគ្រោះ ដល់កន្លែងស្ទូចត្រីហើយ មិនបាននៅស្ទូចត្រីជាមួយនោះទេ ដោយត្រូវទៅរកទិញ អាហារមកហូប។
ឈ្មោះ អ៊ូច សុវណ្ណផល បានបន្តទៀតថា រយៈពេលកន្លះម៉ោងក្រោយមក ខ្លួនបានត្រឡប់មកវិញ ស្រាប់តែបាត់បងប្រុសរបស់ខ្លួន មិនឃើញនៅកន្លែងស្ទូចត្រីនោះទេ។ ពេលនោះខ្លួនបានដើររក គ្រប់ច្រកល្ហកក្នុងបរិវេណកំពង់ផែ ប៉ុន្តែរកមិនឃើញសោះ រហូតដល់ព្រឹកឡើង ទើបមានគេប្រាប់ថា ប្រទះឃើញ បងប្រុសស្លាប់អណ្តែតទឹក នៅត្រង់ចំណុច អង្គុយស្ទូចត្រីបាត់ទៅហើយ។ ជនរងគ្រោះត្រូវគេសង្ស័យថា វិលមុខខ្យល់គធ្លាក់ទឹក ស្លាប់ក្នុងខណៈ អង្គុយស្ទូចត្រីម្នាក់ឯង៕
Source from: watphnom-news.com