
ក្រុងប៉ោយប៉ែត ៖ ជនជាតិម៉ាឡេស៊ីពីរនាក់ និងជនជាតិថៃពីរនាក់ បានឆ្លងដែនចូលទឹកដីខ្មែរ ប៉ុនប៉ងឆបោកប្រាក់ពី អាជីវករនៅប៉ោយប៉ែត តែមិនបានសម្រេច ក៏ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ក្របួចចូលទ្រុង នៅចំណុចស្តង់តាងួន កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ប៊ុន ណាំអៀង អាយុ ៣២ឆ្នាំ មានមុខរបជាអាជីករ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ត្រូវបានជនសង្ស័យ ៤នាក់ជាជនជាតិបរទេស មកលួងលោម ប៉ុនប៉ងឆបោកលុយ។ ជនសង្ស័យ ៤នាក់រួមមានទី១-ឈ្មោះជា យៀវថុង អាយុ ៥៥ឆ្នាំ ទី២-ឈ្មោះ អាន វ៉លបន អាយុ ៣៨ឆ្នាំ ជនសង្ស័យទាំងពីរនាក់នេះ ជាជនជាតិឡេស៊ី ទី៣-ឈ្មោះ សាវ៉ាលី អាយុ ៣៦ឆ្នាំនិងទី៤- ឈ្មោះ សុរ៉ា ដិ អាយុ ២៩ឆ្នាំ ជនសង្ស័យទាំងពីរនាក់នេះ ជាជនជាតិថៃ។
ជនសង្ស័យ៤នាក់នេះ បានទាក់ទងជាមួយជនរងគ្រោះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ តាមរយៈទូរស័ព្ទក្នុងគោលបំណង បបួលឲ្យដាក់ភាគហ៊ុន រកស៊ីជាមួយគ្នាគិតជា ទឹកប្រាក់ចាប់ពី ១ម៉ឺនដុល្លារ អាចទទួលការប្រាក់បាន ១៥ភាគរយ ពីព្រោះពួកគេមានក្រុមហ៊ុនក្រៅស្រុក ចំនួន៥ ហើយចំណែកលុយដែលដាក់ហ៊ុននេះ យកទៅចងការប្រាក់ ឲ្យទៅអ្នកផ្សេងទៀត ។
ប្រសិនជាជនរងគ្រោះ អាចបបួលមិត្តភក្តិ ឬអ្នកដ៏ទៃបានផ្សេងទៀត មកដាក់ហ៊ុនអាចទទួលបានលុយទឹកតែ ៥០០ដុល្លារថែមទៀតផង។ លុះថ្ងៃទី៣០ ខែតុលា ជនរងគ្រោះ និងជនសង្ស័យបានណាត់គ្នាមកហូបបាយ នៅក្នុងទឹកដីកម្ពុជា ហើយជនរងគ្រោះបាននិយាយថា ត្រូវធ្វើកិច្ចសន្យាមុខសមត្ថកិច្ច ទើបហ៊ានប្រគល់លុយឲ្យ។
ភ្លាមៗនោះជនសង្ស័យទាំង ៤នាក់ ក៏ប្រាប់ចាំសួរថ្នាក់លើ និងសុំពន្យាពេលសិន តែជនរងគ្រោះគិតថា មិនសូវល្អក៏បានរាយការណ៍ ប្រាប់កម្លាំងអាវុធហត្ថក្រុង ចុះមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យទាំង៤នាក់នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅ តុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com