
ក្រុងប៉ោយប៉ែត ៖ បុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូហ្គ្រែន ដាយមិនស៊ីធី ប៉ោយប៉ែត ២នាក់ប្តីប្រពន្ធ ត្រូវបានប្រធានរដ្ឋបាល របស់ក្រុមហ៊ុន បណ្តេញចេញពី អគារស្នាក់នៅរបស់បុគ្គលិក ដោយចោទប្រកាន់ថា ប្តីលបលួចទៅលេងប្រពន្ធដែលទើបរៀបការថ្មីថ្មោង ក្នុងអគារស្នាក់នៅ របស់បុគ្គលិកស្រី ខណៈដែលលោក ងួន ម៉ូវ ធ្លាប់ប្រព្រឹត្តខុសឆ្គងសឹងរាប់ភ្លេច តែគ្មាននរណា ហ៊ានដេញដោល។
ករណីបណ្តេញបុគ្គលិក ២នាក់ប្តីប្រពន្ធខាងលើនេះ ធើ្វឲ្យបុគ្គលិកជាច្រើន មិនសប្បាយចិត្តចំពោះទង្វើអមនុស្សធម៌ របស់ប្រធានរដ្ឋបាល គឺលោក ងួន ម៉ូវ ហើយក៏មានលិខិតអនាមិកមួយ បានសរសេររៀបរាប់ និងរិះគន់លោក ងួន ម៉ូវ ខ្លាំងៗថា បានប្រើប្រាស់យន្តការដោះស្រាយ បែបគំនិតអាត្មានិយម ហាក់មិនយោគ យល់ដល់ជីវិត មនោសញ្ចេតនាប្តីប្រពន្ធ របស់ពួកគេនោះឡើយ ។ បុគ្គលិកដែលរងគ្រោះយ៉ាងអយុត្តិធម៌នោះ មានឈ្មោះ កែវ ប៊ុនហឺ ចំណែកនាងជាប្រព្ធ មានឈ្មោះ អៀ ឈុនអែម ពួកគេជាបុគ្គលិក ផ្នែកចែកបៀរទាំងពីរនាក់។
លិខិតអនាមិកនោះ បានលើកឡើងថា លោក ងួន ម៉ូវ ពីមុនក៏ធ្លាប់ប្រព្រឹត្តខុសច្បាប់ ក្រុមហ៊ុនផងដែរ ជាងនេះទៅទៀតនោះ បុគ្គលម្នាក់នេះ បានទាំងយកប្រពន្ធរបស់ខ្លួន ដែលមិនមែនជាបុគ្គលិក របស់ក្រុមហ៊ុន ឲ្យមកចូលលេង ក្នុងបរិវេណអគារ បុគ្គលិកថែមទាំង ស៊ីបាយផឹកទឹក របស់ក្រុមហ៊ុនទៀតផង ប៉ុន្តែគ្មានអ្នកណា គេទៅរករឿងប្តឹងផ្តល់នោះទេ ព្រោះគេគិតថា លោក ងួន ម៉ូវ វ ក៏ជាបុគ្គលិកម្នាក់ បម្រើការងារ ឲ្យក្រុមហ៊ុនដែរ ។
លិខិតបានបន្តថា ចំណែករឿង ២នាក់ប្តីប្រពន្ធ ដែលទើបតែបានរៀបការ ថ្មោងថ្មីគេស្រឡាញ់គ្នា នឹករលឹកគ្នា ទៅសួរសុខទុក្ខគ្នាសោះ បែរជា លោក ងួន ម៉ូវ ចោទថា បានប្រព្រឹត្តអំពើរួមមេថុន ក្នុងបន្ទប់បុគ្គលិកខាងស្រី ហើយប្រើច្បាប់ព្រៃ ដេញចេញពីអគារចំនួន ៩០ថ្ងៃ ទើបអនុញ្ញាតឲ្យចូលស្នាក់នៅវិញ។ មានការខ្សិបខ្សៀវផងដែរថា លោក ងួន ម៉ូវ ក៏ជាមនុស្សម្នាក់ ធ្លាប់មានរឿងអាស្រូវ ច្រើនគ្រាន់បើដែរ ពាក់ព័ន្ធនឹង ករណីលួចលាក់មានស្នេហា ជាមួយបុគ្គលិកដូចគ្នា នៅក្នុងក្រុមហ៊ុនកាស៊ីណូនេះ ។
ចំណែកបុគ្គលិកដែលរងគ្រោះ ២ នាក់ប្តីប្រពន្ធ ដែលត្រូវបានលោក ងួន ម៉ូវ ប្រធានរដ្ឋបាលក្រុមហ៊ុន ដេញចេញនោះ មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ដោយឡែក លោក ងួន ម៉ូវ ដែលជាប្រធានរដ្ឋបាល ក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយមិនស៊ីធី ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺ ជុំវិញមូលហេតុនៃការបណ្តេញ បុគ្គលិកដោយមិន សមហេតុផលនោះដែរ។
យ៉ាងណាក៏ដោយ បុគ្គលិកមួយចំនួនបាននាំគ្នាបង្ហើបឲ្យដឹងថា លោក ងួន ម៉ូវ ធើ្វបែបនេះ វាហាក់ដូចជាមិនត្រឹមត្រូវ ទាំងស្រុងនោះទេ ព្រោះពួកគេទាំងពីរនាក់ ក៏ជាបុគ្គលិកបម្រើការ នៅក្នុងក្រុមហ៊ុនតែមួយដូចគ្នា ហើយរឿងរ៉ាវខាងលើនេះ វាមិនមានអ្វីធ្ងន់ធ្ងរនោះទេ បើសូម្បីតែប្តីទៅលេង ប្រពន្ធរបស់ខ្លួននោះ ។ បុគ្គលិកបានសំណូមពរឲ្យ លោក ងួន ម៉ូវ ហៅ ២នាក់ប្តីប្រពន្ធនោះ មកស្នាក់នៅក្នុងអគារវិញ ដោយរៀបចំឲ្យពួកគេ បាននៅជាមួយគ្នា ទើបជាការប្រសើរ ព្រោះអាគារសម្រាប់ អ្នកមានប្តីប្រពន្ធ ក៏មានដែរ ហេតុអីបានជាលោក ងួន ម៉ូវ មិនចាត់ចែងបែរជាជ្រើសរើស យកផ្លូវងងឹតទៅវិញ ៕
Source from: watphnom-news.com