
ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា អាជីវករលក់គ្រឿងអលង្ការនិងប្តូរប្រាក់មានយីហោ«ស្រស់ សុខា» ត្រូវបានក្រុមចោរប្រដាប់អាវុធពីរនាក់ធ្វើសកម្មភាពប្លន់ដោយភ្ជង់គំរាមនិងវាយបំបែកកញ្ចក់ទូមាសទាំងព្រឹកព្រលឹមប្រមូលយកគ្រឿងអលង្ការនិងលុយមួយចំនួនចាកចេញទៅដោយសុវត្ថិភាព ។
ហេតុការណ៍ប្លន់ទូមាសនេះបានកើតឡើងនៅវេលាម៉ោង០៦និង១៥នាទីព្រឹកនាថ្ងៃអាទិត្យទី១០ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចផ្សារកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ខណៈក្រុមចោរប្លន់ប្រដាប់អាវុធប្រើប្រាស់អាវុធអាកាស្វាយបត់១ដើមនិងពូថៅដៅមួយ ហើយប្រមូលយកគ្រឿងអលង្ការអស់ចំនួន១០តម្លឹង លុយដុល្លារចំនួន២.០០០ដុល្លារអាមេរិក និងលុយខ្មែរចំនួន៤លានរៀល ។
ករណីចោរប្លន់ទូមាសនេះបានកើតមានជារឿយៗទាំងនៅកណ្តាលរាជធានីភ្នំពេញ ទាំងនៅតាមបណ្តាខេត្ត ជាហេតុធ្វើឲ្យអាជីវករលក់គ្រឿងអលង្ការនិងប្តូរប្រាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ៕
Source from: www.dtn7.com