
ប្រិយមិត្តអ្នកអានទាំងឡាយប្រហែលជាអាចនៅចងចាំបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង២២និង៣០នាទីយប់ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយបុរសរាជការម្នាក់បើកបររថយន្តទំនើបរបស់ខ្លួនម៉ាកហាយឡិនឌ័រ ពណ៌ទឹកមាស គ្មានពាក់ស្លាកលេខ បុកទៅលើអ្នកជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 1M-9210 ម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមិនព្រមឈប់រថយន្តបន្តទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AH-4569 ជាប់ម៉ូតូក្រោមរថយន្តអូសចម្ងាយជាង៥០០ម៉ែត្រ ធ្វើឲ្យបុរសជាម្ចាស់ម៉ូតូត្រឹមរងរបួសគេចផុតពីគ្រោះថ្នាក់ដល់ជីវិត ព្រោះបានលោតផុតចេញពីម៉ូតូទាន់ពេលវេលា ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ឯម ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ត រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសមានឈ្មោះ ចន្ទ រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯម្ចាស់រថយន្តបង្កមានឈ្មោះ លាង សុផល ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាមន្ត្រីរាជការ បម្រើការងារនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ខណៈដែលសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលឋិតក្នុងស្ថានភាពស្រវឹងជោកជាំនោះ គឺជនបង្កជាមន្ត្រីរាជការរូបនេះបានអួតក្អេងក្អាងដាក់សមត្ថកិច្ចថា ខ្លួនមានលុយអាចធ្វើអីខ្លួន ទះតុនគរបាលបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង និងប្រមាថទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ ទោះបីក្រុមគ្រួសារឪពុកម្តាយ និងប្រពន្ធរបស់ជនបង្កចេញមុខមកជួយឃាត់ និងពន្យល់ណែនាំយ៉ាងណាក៏ដោយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការចាប់អារម្មណ៍លើកឡើងអំពីកម្រិតល្មើសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយបុរសជាមន្ត្រីរាជការឈ្មោះ លាង សុផល ដូចខាងក្រោម ៖
១-បើកបរដោយគ្មានស្លាកលេខសម្គាល់យានយន្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ ឬ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី២៥.០០០រៀលទៅ២០០.០០០រៀល តាមបញ្ញតិ្តមាត្រា៧៩នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
២-បើកបរដោយបង្កឲ្យស្លាប់ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ឬ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល តាមបញ្ញតិ្តមាត្រា៨២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
៣-បើកបរក្នុងស្ថានភាពស្រវឹង "មានកម្រិតជាតិអាល់កុលចំនួន០,៥៧Mg/Lខ្យល់" ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមាបន្ថែមលើទោសចែងក្នុងមាត្រា៨២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
៤-បើកបររត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ គឺត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមាបន្ថែមលើទោសចែងក្នុងមាត្រា៨២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
៥-បញ្ចេញអាកប្បកិរិយាប្រមាថទៅលើសមត្ថកិច្ចជាមន្ត្រីរាជការសាធារណៈកំពុងបំពេញការងារ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១.០០០រៀលទៅ១០០.០០០រៀល ពីបទប្រមាថទៅលើអ្នករាជការសាធារណៈ តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រុមអ្នកច្បាប់បានលើកឡើងទៀតថា អំពើរបស់ជនបង្កឈ្មោះ លាង សុផល គឺដាច់ខាតត្រូវតែទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌ ទាំងផ្នែករដ្ឋប្បវេណីចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត ក្នុងការបើកបរយានជំនិះ ដោយមិនតម្រូវឲ្យរួចខ្លួនពីការផ្តន្ទាទោសតាមការសម្រុះសម្រួលគ្នាជាមួយក្រុមគ្រួសារជនរងគ្រោះក្រៅផ្លូវតុលាការនោះឡើយ ទើបអាចឆ្លុះបញ្ចាំងឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការអនុវត្តនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងពេញលេញ ។
ទោះយ៉ាងណាក៏ដោយ ប្រភពច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ជាមន្ត្រីរាជការឈ្មោះ លាង សុផល នោះ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង និងបញ្ជូនខ្លួនមកកាន់តុលាការរួចហើយ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
Source from: www.dtn7.com