អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ចាត់ការ​បាន​ត្រឹម​មន្ត្រី​កំប៉ិកកំប៉ុក​តូចតាច​

​ចាប់តាំងពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ បង្កើត​ឡើង​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​រួច​មក​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣"​ និង​ជា​រាជរដ្ឋាភិបាល​ដែល​អះអាង​ថា​ នឹង​ធ្វើការ​"​កែទម្រង់​ស៊ីជម្រៅ​"​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ដោយ​បញ្ជាក់​ថា​ អង្គភាព​នេះ​បាន​រក​ឃើញ​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ស៊ីដាច់​ប្រាក់​សោធន​និវត្តន៍​របស់​និវត្តជន​អតីត​គ្រូបង្រៀន​ ក្លែង​ស្នាម​មេដៃ​ ដើម្បី​បើក​យក​ប្រាក់​សោធន​និវត្តន៍​ និង​ស៊ីដាច់​ប្រាក់​បំណាច់​ជីវភាព​ចំនួន​២​ម៉ឺន​រៀល​ក្នុង​១​ខែ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ជូន​និវត្តជន​ជា​ច្រើន​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ថ្មីៗ​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើការ​ឃាត់ខ្លួន​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់​ឈ្មោះ​ ភី​ រិ​ទ្ធ​ នា​វេលា​ម៉ោង​១៩​យប់​ ពាក់ព័ន្ធ​នឹង​បទល្មើស​យក​ថ្លៃ​សេវា​ពន្ធដារ​លើស​ពី​ការ​កំណត់​របស់​រដ្ឋ​ ។​ មិនតែប៉ុណ្ណោះ​ នៅ​ថ្ងៃ​ដដែល​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី​ចំនួន​២​នាក់​ទៀត​ មានឈ្មោះ​ សួត​ សា​រឹម​ ភេទ​ប្រុស​ ទទួល​បន្ទុក​ផ្នែក​អាជីវកម្ម​ និង​ឈ្មោះ​ នី​ សុពណ៌​ ភេទ​ស្រី​ ទទួល​បន្ទុក​ជា​បេឡា​ រស់នៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ និង​កិបកេង​ថវិកា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ចំនួន​ជាង​៤០០​លាន​រៀល​ ។​

​តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ជនសង្ស័យ​ភាគច្រើន​ដែល​មាន​ឋានៈ​តូចតាច​ល្មមៗ​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​តែងតែ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដោយ​តុលាការ​ តែ​ត្រង់​ការ​ឃុំខ្លួន​នោះ​មាន​រយៈពេល​យូរ​ ឬ​ក៏​ឆាប់​ ស្រេច​លើ​ស្ថាប័ន​តុលាការ​ ដែល​មាន​ប្រព័ន្ធ​តែ​មួយ​ប្រទាក់ក្រឡា​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​ពិសេស​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​ ជីវ​ កេង​ ជា​ប្រធាន​សាលាដំបូង​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ រីឯ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ចប់​ភារកិច្ច​របស់​ខ្លួន​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រោម​សិល្បៈ​នៃ​ការ​ចែករំលែក​ ដែល​ជា​អនុសាសន៍​ ជា​ទម្លាប់​ និង​ជា​ទ្រឹស្តីបទ​ដ៏​ពេញ​និយម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​ គឺ​មន្ត្រី​ថ្នាក់​ក្រោម​អាច​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​ដោយសារ​រក​លុយ​ជូន​ថ្នាក់លើ​ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ជូន​កាកបាទក្រហមកម្ពុជា​ ហើយ​ក៏​ទទួល​បានការ​គាំពារ​ពី​ថ្នាក់លើ​មក​វិញ​ ។​ ដូច្នេះ​ មន្ត្រី​នៅ​ថ្នាក់លើ​ទៅ​វិញ​ទេ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​កម្រិត​ខ្ពស់​ ដោយ​មាន​មន្ត្រី​ជំនិត​ថ្នាក់​ក្រោម​អនុវត្តន៍​ជំនួស​ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​អំពើ​ពុក​រលួយ​បាន​ត្រឹម​នៅ​កម្រិត​ថ្នាក់​ក្រោម​តូចតាច​ កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ យោង​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ស្វ័យប្រវត្តិ​ ។​ ដូច្នេះ​ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​ ឬ​ឧបនាយករដ្ឋមន្ត្រី​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​វិញ​នោះ​ គឺ​ប្រាកដ​ណាស់​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ នឹង​មិន​ហ៊ាន​ចាត់ការ​ឡើយ​ ហើយ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​គណបក្ស​នយោបាយ​ជាមួយ​គ្នា​ថែម​ទៀត​ បូក​រួម​នឹង​មាត្រា​៤១​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចែង​អំពី​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​រៀល​ទៅ​១.០០០.០០០​រៀល​ ទៅ​លើ​អ្នក​ដែល​ចេញ​មុខ​ប្តឹង​បរិហារ​អំពី​អំពើ​ពុក​រលួយ​ ប្រសិនបើ​ការ​ប្តឹង​នោះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឬ​តុលាការ​រក​ឃើញ​ថា​ ស្រាវជ្រាវ​ទៅ​ឥតប្រយោជន៍​ ។​

​សំខាន់​ជាង​នេះ​ទៀត​ គឺ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ មិនមែន​ជា​មន្ត្រី​តំណាង​ឲ្យ​មនុស្ស​ឯករាជ្យ​ពិតប្រាកដ​នោះ​ទេ​ ។​

​បច្ចុប្បន្ន​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ មាន​សមាសភាព​ចំនួន​៥​រូប​ គឺ​ ៖​ ១-​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​,​ ២-​ឯកឧត្តម​ ស៊ា​ន​ បូ​រ៉ាត​ ជា​អនុប្រធាន​,​ ៣-​ឯកឧត្តម​ ឆាយ​ សា​វុ​ធ​ ជា​អនុប្រធាន​,​ ៤-​ឯកឧត្តម​ នួន​ បូ​ផល​ ជា​អនុប្រធាន​ និង​៥-​ឯកឧត្តម​ ឃាង​ សេង​ ជា​អនុប្រធាន​ ៕​

oum-yinteang


Source from: www.dtn7.com

No comments:

Post a Comment