
ខេត្តបន្ទាយមានជ័យ ៖ រថយន្តទំនើបរបស់កូនថៅកែ រោងម៉ាស៊ីនកិនស្រូវ នៅភូមិកូនដំរី បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជិត១០ ត្រលប់ បន្ទាប់ពីបានបើកជែង ឡានយីឌុបមួយគ្រឿង បណ្តាលឲ្យរងរបួសម្នាក់ ហើយក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេខ្លួន កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តឹងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះក្នុងហេតុការណ៍ ក្រឡាប់រថយន្តនេះ មានឈ្មោះ ស៊ុន ធឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មករក្នុងរោងម៉ាស៊ីនកិនស្រូវ នៅភូមិកូនដំរី រស់នៅក្រុងប៉ោយប៉ែត បានរងរបួសដៃស្តាំ និងជើងឆ្វេង ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ តាមរយ រថយន្តអង្គការកាមា។ ដោយឡែកអ្នកបើកបរ ពុំរងរបួសទេ បានលូនចេញពីរថយន្តហើយរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ បានជិះរថយន្តម៉ាកហ្វត ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A:0030 ពី ក្រុងប៉ោយប៉ែត ឆ្ពោះទៅរោងម៉ាស៊ីនកិនស្រូវរបស់ខ្លួន នៅភូមិកូនដំរី ស្របពេលនោះមេឃកំពុងបង្អុរភ្លៀង អ្នកបើករថយន្តបានឡើង ប្រជែងរថយន្តធុនធំ ម៉ាកយីឌុបមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ពេលនោះបានរអិល និងរេចង្កូតធ្លាក់ទៅម្ខាងផ្លូវ ក្រឡាប់ជាច្រើនត្រលប់៕
Source from: watphnom-news.com