
ប្រជាពលរដ្ឋរស់នៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បាននាំគ្នាភ្ញាក់ផ្អើលទៅនឹងហេតុការណ៍មួយ គឺកូនក្របីចម្លែក១ក្បាលកើតមកកាលពីវេលាម៉ោងប្រមាណជាង២២យប់ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក មានក្បាល២ជាប់គ្នា ច្រមុះ២ ភ្នែក៤ និងស្នែង៤ ហើយវាអាចមានដង្ហើមរស់នៅបានរហូតដល់ម៉ោង២២និង៣០នាទីយប់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ តាមរយៈការបៅទឹកដោះគោដូចមនុស្ស ។
លោក ឌិត ពុំ អាយុ៤២ឆ្នាំ ជាម្ចាស់ក្របី បានឲ្យដឹងថា ពេលឃើញកូនក្របីចម្លែកនេះកើតមកហាក់ដូចជាអស់កម្លាំង គាត់ក៏បានលើកបីវាទៅដាក់លើពំនូកចំបើងអស់រយៈពេល២ម៉ោង នៅតែមិនអាចក្រោកដើររួច ទើបគាត់យកទឹកដោះគោឲ្យវាបៅ ដោយត្រូវបានអ្នកជិតខាងនាំគ្នាមកមើលក្របីចម្លែកនេះគ្រប់ៗគ្នាជាបន្តបន្ទាប់ ។
បុរសម្ចាស់ក្របីបានរៀបរាប់ឲ្យដឹងទៀតថា កាលមេក្របីផើម គាត់គ្មានយល់សប្តិឃើញអ្វីប្លែកទេ រហូតដល់កូនក្របីចម្លែកនេះកើតមកទើបយល់សប្តិឃើញមានគេមកប្រាប់ថា ឲ្យយកធូបទៅអុជនិយាយបួងសួងសុំសេចក្តីសុខសាន្ត និងដាក់លុយចំនួន២.០០០រៀល ។ ក្រោយមក គាត់ក៏បានធ្វើតាមការយល់សប្តិនេះ ហើយត្រូវបានអ្នកស្រុកដែលមកមើលកូនក្របីចម្លែកនេះផ្តល់យោបល់ថា មិនបាក់ដាក់លុយកាក់ទេ ព្រោះខ្លាចគេចោទប្រកាន់ថា ស្វែងរកលាភសក្ការៈ ៕
Source from: www.dtn7.com