
ខេត្តបាត់ដំបង ៖ កម្លាំងគយចល័ត នៅចំណុចភូមិកកោះ និងនគរបាលស្រុកថ្មគោល បានឃាត់រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2M-9336 មួយគ្រឿង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៣ ដែលសង្ស័យដឹក ទំនិញខុសច្បាប់ ដោយឃាត់ខ្លួនមនុស្ស ៣នាក់ ជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងវែងខ្លី ៣១ ដើម នៅតាមបណ្ដោយផ្លូវជាតិ លេខ៥ស្ថិតនៅភូមិកកោះឃុំអូរ តាគី ស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។
សមត្ថកិច្ចគយចល័ត ប្រចាំនៅភូមិកកោះ បានសង្ស័យលើរថយន្តឡិចស៊ីស RX300 ពាក់ ស្លាកលេខ ភ្នំពេញ 2M-9336 ថាមានដឹកទំនិញខុសច្បាប់ ក៏ចេញប្រតិបត្តិការ ស្ទាក់ឃាត់ធ្វើការត្រួតពិនិត្យ រកឃើញកាំភ្លើង ក៏បានប្រគល់ឲ្យនគរបាល ដែលឈជើងសហការជាមួយ ហើយដឹកជញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ បុរស ២នាក់ជាជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន រួមមានទី១-ឈ្មោះ វៀង វ៉ាងជឿង អាយុ ៣០ឆ្នាំនិងទី២-ឈ្មោះ វៀន ថាច់ហ្វុង អាយុ ៤៦ឆ្នាំទាំង ២នាក់មានទីលំនៅ ក្នុងទីក្រុងហូជីមីញ។
ចំណែកបុរសជនជាតិខ្មែរម្នាក់ទៀត មានឈ្មោះ សយ ប៊ុននឿន អាយុ ៣៧ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅ ក្នុងភូមិចាក់អង្រែក្រោម រាជធានីភ្នំពេញ។ វត្ថុតាងដែលដកហូតបាន រួមមានកាំភ្លើងវែចំនួន ១៨ដើម និងកាំភ្លើងខ្លីចំនួន ១៣ដើមសរុបចំនួន ៣១ ដើម ដែលកាំភ្លើងទាំងនេះជាកាំភ្លើងស៊េរីទំនើប ពាក់កណ្តាជ័រ ដែលប្រើហ្គាស សម្រាប់បាញ់គ្រាប់កង់ ។ បុរសជនជាតិវៀតណាម បានប្រាប់សមត្ថកិច្ចថា ដោយឃើញអ្នកជិតខាងផ្ទះ នៅប្រទេសរបស់ខ្លួនប្រើកាំភ្លើងបាញ់គ្នាលេង ពួកខ្លួនក៏ឆ្លងដែនមកប្រទេសថៃ ទិញកាំភ្លើងក្នុង ១ដើមតម្លៃ ៣ពាន់បាតស្មើ១ ០០ដុល្លារទៅ ៥ពាន់បាត។
លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានបញ្ជាក់ថា កាំភ្លើងទាំងនេះ ជាកាំភ្លើងដែលបង្កឲ្យ មនុស្សរងរបួសធ្ងន់បាន ទោះជាវាជាកាំភ្លើង មិនពិតពាក់កណ្តាលក៏ដោយ ម្យ៉ាងទៀតវាបាញ់ចេញ មិនឮសំឡេងអាចត្រូវ ជនសង្ស័យយកទៅប្រើ ក្នុងផ្លូវអាក្រក់ណាមួយ មិនខាន។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការនារសៀលថ្ងៃដដែល ដើម្បីចាត់ការតាមនីតិវិធី៕ សុខជា
Source from: watphnom-news.com
No comments:
Post a Comment