
ខេត្តបាត់ដំបង ៖ ក្រុមអន្តរាគមន៍បង្ក្រាប បទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) បានហៅអ្នកលក់សត្វព្រៃ មកអប់រំនិងធ្វើកិច្ចសន្យា ឈប់ទិញឬលក់បន្តទៀត និងរឹបអូសបាន សត្វស្លាបព្រៃដែលស្លាប់ មានមាន់ទឹក ដុំដោ កុកត្របកត្រពាំងថ្លុំ ថ្វាងជិត២០០ ក្បាលយកទៅកប់ចោល កាលពីម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ពេលកំពុងលក់នៅផ្សារបឹងឈូក និងផ្សារ ១៣មករាហៅផ្សារថ្មីក្នុងខេត្តបាត់ដំបង។
មន្ត្រីអង្គការវ៉ាយអេតបានឲ្យដឹងថា សត្វស្លាបព្រៃដែលរឹបអូស ជារបស់ ទី១-ឈ្មោះ ម៉ុន ស្រីរ័ត្ន ហៅ សោ ណារី អាយុ ២៦ឆ្នាំ អ្នកលក់នៅផ្សារបឹងឈូកចំនួន ១១៩ក្បាល មានទីលំនៅ ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ទី២-ឈ្មោះ សោម ធឿន ភេទប្រុសអាយុ ៥២ឆ្នាំ ជានគរបាលប៉ុស្តិ៍ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង រឹបអូសបានសត្វចំនួន ១២ក្បាលនៅចំណុចផ្សារ ១៣មករា(ផ្សារថ្មី)។ ទី៣-ឈ្មោះ ឈួង ហ៊ួ ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិគំពតអាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ រឹបអូសបានសត្វចំនួន ៥១ក្បាលនៅចំណុចផ្សារ ១៣មករា(ផ្សារថ្មី)។
អាជីវករទាំង ៣នាក់បានឲ្យដឹងថា ពួកគេទើបតែលក់បាន ២-៣ ថ្ងៃប៉ុណ្ណោះ ដោយទិញបន្តពីអ្នកដើរវ៉ៃសម្លាប់យកមកលក់។ យ៉ាងណាក៏ដោយ មន្ត្រីអង្គការវ៉ាយអេត បានឲ្យដឹងថា សត្វស្លាបព្រៃដែលរឹបអូសបាន សរុបមានចំនួន ១៨២ ក្បាលត្រូវបាន ជីករណ្តៅកប់ចោល ហើយអ្នកលក់សត្វព្រៃទាំង ៣នាក់ តម្រូវឲ្យគាត់ធ្វើកិច្ចសន្យា ឈប់ទិញឬលក់បន្តទៀត និងអប់រំរួចអនុញ្ញាតិ ឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
Source from: watphnom-news.com
No comments:
Post a Comment