
រាជធានីភ្នំពេញ ៖ ក្នុងតំណែងជាមេគយចល័ត ឡើងដុះស្លែទៅហើយនោះ ជីវភាពរបស់លោក កែវ សុខឃាង បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយរហូតមកដល់ពេលនេះ ថ្នាក់លើបានសម្រេចផ្លាស់ប្តូរតំណែង ឲ្យលោកកែវ សុខឃាង ទៅធ្វើជាប្រធាននាយកដ្ឋាន គ្រប់គ្រងតំបន់រួចពន្ធ ក៏គាត់មានជំនាញបង្កើត ឲ្យមានការិយាធិបតេយ្យ ឬបណ្តាញនៃការប្រព្រឹត្ត អំពើពុករលួយ គួរឲ្យភ័យខ្លាច នៅក្នុងតំណែងថ្មីមួយនេះទៀត រហូតដល់ថ្នាក់ក្រុមឈ្មួញ ទាំងតូចទាំងធំ បានគ្រោងនាំគ្នានាំយក ឯកសារភស្តុតាងជាច្រើន រៀបចំជាបណ្តឹងដាក់ជូនអង្គភាព ប្រឆាំងអំពើពុករលួយ ឲ្យស្រាវជ្រាវស៊ើបអង្កេតពីភាពមិនប្រក្រតី និងអំពើពុករលួយក្នុងមុខតំណែង របស់លោក កែវ សុខឃាង ឡើងវិញ។
គេដឹងថា ក្នុងអំណាចជាមេគយចល័ត នៅទូទាំងប្រទេស លោក កែវ សុខឃាង បានចាត់ចែងប្រមូលលុយពីគ្រប់ច្រកល្ហក ទាក់ទិនអំពើគេចពន្ធទំនិញ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយលោក កែវ សុខឃាង បានចាត់តាំងឲ្យសាច់ញាតិ របស់គាត់ជាច្រើន មានតួនាទីសំខាន់ៗ ក្នុងអង្គភាពគយចល័ត ហើយក្រុមនេះបានកេណ្ឌប្រមូល ក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ឲ្យចូលខ្លួនមកបង់លុយ តាមតែទំនើងចិត្តរបស់ពួកគេ ហើយក្រុមហ៊ុនរកស៊ី ស្របច្បាប់ជាច្រើន ក៏ធ្លាប់សម្តែងការមិនពេញចិត្តចំ ពោះអំពើពុករលួយដ៏រាលដាល ក្រោមការចាត់ចែង របស់លោក កែវ សុខឃាងផងដែរ។
សម្រាប់ការដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងខុសច្បាប់ លោក កែវ សុខឃាង អាចក្តោបក្តាប់នូវមុខសញ្ញា ក្រុមឈ្មួញបានយ៉ាងច្បាស់លាស់ គ្មាននរណាម្នាក់ហ៊ានរំលង ឬធ្វើមិនដឹងមិនឮ ភ្លេចចូលបង់លុយឲ្យលោក កែវ សុខឃាង នោះទេ។ ពេលខ្លះលោក កែវ សុខឃាង បានធ្វើឲ្យមន្ត្រីគយជាច្រើន ដែលប្រចាំការនៅចំណុចព្រំដែន រងនូវការឈឺចាប់យ៉ាងខ្លាំង តាមរយៈការបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបឬត្រួតពិនិត្យ ទំនិញមួយចំនួន ដែលឈ្មួញនាំចូលមិនប្រក្រតី តាមច្រកព្រំដែនទាំងនោះ ដើម្បីបំបាក់មុខមេគយមួយចំនួន និងធ្វើរបាយការណ៍ទៅថ្នាក់លើ ឲ្យកោះហៅមេគយទាំងនោះទៅសួរនាំ ហើយរូបមន្តនេះ លោក កែវ សុខឃាង បានប្រើប្រាស់ដើម្បីឲ្យ មន្ត្រីគយដទៃទៀត ចេះកោតក្រែងនិងត្រូវរណបគាត់។
ក្រុមអ្នករកស៊ីដឹកទំនិញ ធ្លាប់បានលើកឡើងថា លោក កែវ សុខឃាង គឺជាយក្សស៊ីកំពឹស ពោលគឺទាំងលុយសេន និងលុយដុំ សុទ្ធតែត្រូវបញ្ជូនមកឲ្យគាត់ គ្រប់ចំនួន ព្រោះលោក កែវ សុខឃាង មិនចេះយោគយល់ឈ្មួញណាម្នាក់ ដែលមើលរំលងគាត់នោះទេ ហើយឥទ្ធិពលអំណាច របស់លោក កែវ សុខឃាង ដែលមានភាពជិតដិតបំផុត ជាមួយលោក ប៉ែន ស៊ីម៉ន និងលោក ប៉ែន សំអាត ធ្វើឲ្យគាត់បង្ហាញចរិតពើងទ្រូង ដាក់អគ្គនាយករងគយមួយចំនួន មិនដែលខ្លាចញញើតនោះទេ ព្រោះគាត់មានទាំងអំណាចមានទាំងលុយ បើនិយាយពីភូមិគ្រឹះរបស់លោក កែវ សុខឃាង នៅតាមផ្លូវ ២០០៤ វិញ គឺធំស្កឹមស្កៃដែលមន្ត្រីល្មមៗសឹងខ្មាស គឺមិនមានតុល្យភាព ទៅនឹងប្រាក់ខែដ៏តិចតួច របស់លោក កែវ សុខឃាង នោះទេ។
យ៉ាងណាក៏ដោយ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ គ្រប់ប្រភេទទាំងស្របច្បាប់និងខុសច្បាប់ បានត្រៀមខ្លួនរួចហើយ ក្នុងការបញ្ជូនឯកសារពាក្យបណ្តឹង ដាក់ជូនលោក ឱម យ៉ិនទៀង ដើម្បីឲ្យស៊ើបអង្កេតស្រាវជ្រាវ លើអំពើពុករលួយក្នុងមុខតំណែង របស់លោក កែវ សុខឃាង ព្រោះគេជឿជាក់ថា គ្រាន់តែទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់ របស់លោក កែវ សុខឃាង ក៏អាចចាត់ទុកជា ភស្តុតាងក្នុងការដាក់បន្ទុកចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងមុខតំណែងផងដែរ។ មន្ត្រីគយមានប្រាក់ខែ មិនដល់ ១ ពាន់ដុល្លារផងទេ បើពិនិត្យលើយានយន្តទំនើបៗ ដែលមន្ត្រីគយទាំងនោះ កំពុងប្រើប្រាស់ គឺក្នុងផ្ទះមន្ត្រីគយមួយចំនួនមានរថយន្ត ៤ទៅ៥គ្រឿង មានវីឡា និងដីឡូត៍រាប់សិបកន្លែង តើមន្ត្រីគយអស់ទាំងនោះបានប្រាក់ពីណា បើមិនពុករលួយ មិនឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ។
រយៈពេល ៦០ ថ្ងៃ ដែលសម្តេច ហ៊ុន សែន បានប្រកាសឲ្យមន្ត្រីគយ ធ្វើកំណែទម្រង់ដោយខ្លួនឯង ជិតផុតឱសានវាទទៅហើយ ប៉ុន្តែអ្វីៗនៅតែដដែល គ្មានការកែទម្រង់ជាដុំកំភួនទេ ហើយនៅក្រោយពេលកែទម្រង់ គេកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ថាតើមន្ត្រីគយដែលមាន ប្រវត្តិប្រព្រឹត្តអំពើពុករលួយ ក្នុងមុខតំណែង ដូចជាលោក កែវ សុខឃាង នឹងត្រូវថ្នាក់លើចាត់វិធានការ នាំទៅដាក់ពិន័យឬផ្តន្ទាទោស ពីបទប្រព្រឹត្តអំពើពុករលួយ ឬក៏យ៉ាងណានោះទេ ហើយគេយល់ថា អ្វីៗដែលកើតឡើងជាលក្ខណៈប្រព័ន្ធ ក្នុងអង្គភាពគយ មានតែការផ្លាស់ប្តូរតំណែងលោក ប៉ែន ស៊ីម៉ន ដែលជាមេគយធំនៅទូទាំងប្រទេស ទើបអាចនាំមន្ត្រីពុករលួយ ទាំងនោះទៅដាក់ទោសបាន៕
Source from: watphnom-news.com