
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ ស្រាប់តែបែកធ្លាយនូវល្បិចបោកថ្មីមួយ បង្កដោយជនខិលខូចចំនួន២នាក់ បានប្រើក្រដាសប្រាក់ប្រភេទ១លានដុល្លារក្លែងក្លាយ យកមកបន្លំស្ទូច នាំឲ្យព្រះចៅអធិការវត្តស្នោ ឋិតក្នុងឃុំខុនរ៉ង ស្រុកបរិបរូណ៍ ខេត្តកំពង់ឆ្នាំង ព្រះនាម ជ័យ ភូ ចាញ់បោកប្រាក់ពិតប្រាកដអស់ចំនួន១ម៉ឺនដុល្លារអាមេរិក ។
ដំណើររឿងរ៉ាវលេចចេញល្បិចបោកថ្មីនេះ គឺត្រូវបានព្រះចៅអធិការវត្តស្នោព្រះនាម ជ័យ ភូ មានសង្ឃដីកាប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ មានបុរសម្នាក់ដោយប្រាប់ឈ្មោះថា សារី បានធ្វើដំណើរមកកាន់វត្តស្នោ ទូលព្រះអង្គថា ខ្លួនគេចង់កសាងសមិទ្ធផលមួយចំនួនក្នុងអារាមនេះ ។ តមក ឈ្មោះ សារី នោះក៏បានណាត់ព្រះអង្គម្តងទៀតនៅវត្តធម្មវ័ន្ត ឋិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ដោយទូលព្រះអង្គថា មានគេចង់ទិញវត្ថុបុរាណទៅវិញ តែភ្លាមៗនោះ ព្រះអង្គមានសង្ឃដីកាប្រាប់ទៅឈ្មោះ សារី វិញថា វត្តគ្មានវត្ថុបុរាណអ្វីទេ ។ ក្រោយមកទៀត ឈ្មោះ សារី នេះប្រើវិធីសាស្ត្រសុំខ្ចីប្រាក់ព្រះអង្គចំនួន៣.០០០ដុល្លារអាមេរិកវិញ តែព្រះអង្គមានសង្ឃដីកាថា អត់ដដែល ។ បន្តបន្ទាប់មក ឈ្មោះ សារី បានរៀបអន្ទាក់សាជាថ្មី ដោយទូលព្រះអង្គថា ប្រសិនបើអ្នកណាមានក្រដាសប្រាក់ប្រភេទ១លានដុល្លារអាមេរិក គឺស្ថានទូតអាមេរិកនឹងប្រកាសប្រមូលយកវិញ ដោយផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តចំនួន៤ម៉ឺនដុល្លារអាមេរិក ។
ព្រះតេជគុណ ជ័យ ភូ បានមានសង្ឃដីកាប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មានបុរសម្នាក់បានទូរស័ព្ទចូលមកទូរស័ព្ទព្រះអង្គ រួចហើយនិយាយថា ច្រឡំលេខ តែបន្ទាប់មកបុរសដដែលនោះបានទូរស័ព្ទមកព្រះអង្គ ដោយនិយាយថា ច្រឡំលេខទៀត ហើយថែមទាំងបានប្រាប់ថា ឈ្មោះ លី គឹមឆាយ មានក្រដាសប្រាក់ប្រភេទ១លានដុល្លារអាមេរិក បើមានគេចង់បានសូមជួយប្រាប់ផង ។ បន្ទាប់ពីទំនាក់ទំនងគ្នារឿងប្រាក់ដុល្លារនេះរួចហើយ ឈ្មោះ លី គឹមឆាយ ក៏បានណាត់ជួបជាមួយព្រះអង្គនៅក្រុងកំពង់ឆ្នាំង ដោយឈ្មោះ លី គឹមឆាយ បានបើកកេសមួយបង្ហាញឲ្យឃើញក្រដាសប្រាក់ប្រភេទ១លានដុល្លារ រួចក៏ថ្វាយក្រដាសប្រាក់នេះមកព្រះអង្គ ដើម្បីយកទៅចាត់ចែងនៅស្ថានទូតអាមេរិក ដោយទូលព្រះអង្គថា បើខាងស្ថានទូតអាមេរិកគេថ្វាយប្រាក់រង្វាន់នោះ សូមព្រះអង្គយកទៅកសាងវត្តចុះ តែចំពោះគេសុំត្រឹម១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ដោយព្រះតម្រិះឃើញថា អាចចំណេញប្រាក់ច្រើនរហូតដល់ទៅ៣ម៉ឺនដុល្លារអាមេរិកនោះ ព្រះអង្គជាព្រះចៅអធិការវត្តក៏បានយកក្រដាសប្រាក់ប្រភេទ១លានដុល្លារនោះមកវត្ត ហើយឲ្យគណៈកម្មការវត្តម្នាក់ឈ្មោះ ទឹម សារុន និងភរិយាឈ្មោះ ហិន គុណ យកប្លង់ដីនិងផ្ទះទៅបញ្ចាំធនាគារយកលុយចំនួន៣.០០០ដុល្លារអាមេរិកឲ្យព្រះអង្គខ្ចី បូកជាមួយលុយវត្តចំនួន១២លានរៀល និងលុយរបស់ព្រះអង្គមួយចំនួនទៀតបង្គ្រប់ចំនួន១ម៉ឺនដុល្លារអាមេរិកផ្ទេរឲ្យទៅឈ្មោះ លី គឹមឆាយ តាម Wing កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៦រសៀល ។
ទោះយ៉ាងណា ក្រដាសប្រាក់ប្រភេទ១លានដុល្លារអាមេរិកដែលទទួលបានពីឈ្មោះ លី គឹមឆាយ មិនទាន់បានទៅដល់ស្ថានទូតអាមេរិកផង ក៏ស្រាប់តែបែកធ្លាយដល់អាជ្ញាធរ និងសមត្ថកិច្ចនាំគ្នាចុះស៊ើបអង្កេតស្រាវជ្រាវរកឈ្មោះ សារី និងឈ្មោះ លី គឹមឆាយ តាមទូរស័ព្ទ ប៉ុន្តែមិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទរបស់ពួកគេបានបិទទាំងអស់គ្នា ទើបព្រះចៅអធិការវត្តភ្ញាក់ព្រះកាយដឹងថា ចាញ់បោកគេហើយ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការបែកធ្លាយរឿងជនខិលខូចយកក្រដាសប្រាក់ប្រភេទ១លានដុល្លារអាមេរិកក្លែងក្លាយ មកបន្លំស្ទូចធ្វើឲ្យព្រះចៅអធិការវត្តចាញ់បោកប្រាក់ពិតអស់១ម៉ឺនដុល្លារអាមេរិកនោះ គឺដោយសារលោក ទឹម សារុន ជាគណៈកម្មការវត្ត ទៅប្តឹងលោកមេភូមិថា ចៅអធិការវត្ត ជ័យ ភូ ខ្ចីលុយ៣.០០០ដុល្លារអាមេរិក ថាសងក្នុងរយៈពេល២ថ្ងៃ ដែលនេះជាវិធីសាស្ត្របោកប្រាស់ថ្មីរបស់ជនខិលខូច ៕
Source from: www.dtn7.com