
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង មួយពាន់នាក់ ដែលធ្វើបាតុកម្មបិទផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងក្រុមហ៊ុនអេងកាំង យកគ្រឿងចក្រ ទៅកម្ទេចទីប៉ាឆា ទាំងកណ្ដាលអធ្រាត្រនោះ បានបើកផ្លូវឲ្យធ្វើចរាចរ ជាធម្មតាវិញហើយនៅម៉ោង១០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បន្ទាប់ពីមានការសម្របសម្រួល ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ដោយមានការសន្យាថានឹ ងដោះស្រាយបញ្ហានោះ ជូនប្រជាពលរដ្ឋនៅពេលក្រោយ។
តាំងពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ប្រជាពលរដ្ឋរស់នៅភូមិខ្ទរ បានប្រមូលផ្តុំគ្នា រាប់រយនាក់ ដើម្បីប្រឆាំងជំទាស់ទៅនឹង ក្រុមហ៊ុន អេងកាំង ដែលបានយកគ្រឿងចក្រ មកឈូសឆាយវាយកំទេច កន្លែងបូជាសព នៅវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា កំណាត់ផ្លូវជាតិលេខ៦ ត្រូវបានបិទមិនអាច ធ្វើចរាចរណ៍បានទេ ដោយសារប្រជាជន និងព្រះសង្ឃ បានធ្វើការតវ៉ាទាមទាររកដំណោះស្រាយ។
ប្រជាពលរដ្ឋដែលមានកំហឹង បានដុតកំទេចអេស្កាវ៉ាទ័រ និងទុយោ ដែលដាក់ក្នុងបរិវេណ ទីប៉ាឆា នេះផងដែរ។ ប្រជាពលរដ្ឋរស់ក្នុងភូមិខ្ទរ បានបញ្ជាក់ថា ដីដែលមានទំនាស់នេះ មានទំហំជាង ២ ហិកតា ហើយខាងក្រុមហ៊ុន បានទិញដីនេះ ហើយបានបញ្ជូនគ្រឿងសក្រ មករុះរើប៉ាឆានេះចេញ យកទៅដាក់ នៅទីតាំងថ្មី ដែលខាងក្រុមហ៊ុនធ្វើ ទីប៉ាឆាឲ្យ នៅខាងក្រោយ វត្តបាក់ខែងវិញ តែប្រជាពលរដ្ឋមិនព្រមដោយសារទីតាំងនោះលិចទឹក ហើយវានៅឆ្ងាយពី ប៉ាឆាចាស់ទៀត ទើបប្រជាពលរដ្ឋ មិនព្រមឲ្យខាងក្រុមហ៊ុន រុះរើចេញ បង្កទៅជាជម្លោះអូសបន្លាយ ពេលវេលាយូរឆ្នាំមកហើយ៕
Source from: watphnom-news.com