
ខេត្តកណ្តាល ៖ ស្ពាននិងផ្លូវជាតិលេខ២១ ត្រូវទទួលរងនូវការគម្រាមកំហែង ដោយសារការដឹកជញ្ជូន ទំនិញផ្ទុកលើសទម្ងន់ ហើយគេសង្ស័យថា ឧត្តមសេនីយ៍យោធាចំនួន ២ រូប ដែលជាម្ចាស់ក្រុមហ៊ុន នាគខៀវ និងក្រុមហ៊ុន ហង្ស កំពុងរកស៊ីនាំចូលនិងដឹកជញ្ជូន ទំនិញមិនបង់ប្រក្រតី ឬបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម តាមច្រកជ្រៃធំ នៃស្រុកកោះធំ ខេត្តកណ្តាល ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់ថ្ងៃ មានកប៉ាល់និងសាឡង់ធំៗ ប្រហែល ១០ទៅ២០ គ្រឿង បានដឹកទំនិញ របស់ក្រុមហ៊ុនទាំងពីរនេះ នាំចូលពីប្រទេសវៀតណាម មកចតឈប់តាមច្រាំង ទន្លេបាសាក់ នៅក្នុងស្រុកស្អាង។ ចំណុចដែលគេចតទី១ នៅភូមិព្រែកប៉ាន ឃុំទឹកវិល ,ទី២ នៅភូមិព្រែកគយ ឃុំព្រែកគយ និងទី៣ នៅភូមិកោះគ ឃុំរកាខ្ពស់ គេមិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យនោះទេ។ ពេលចូលចតសាឡង់រួចហើយនោះ ទំនិញភាគច្រើនដែលជា ប្រភេទគ្រឿងសំណង់ ដូចជាស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ និងថ្នាំលាបគ្រប់ប្រភេទ ត្រូវបានលើកសាង ដាក់ក្នុងរថយន្តធំៗ ផ្ទុកលើសទម្ងន់ ក្នុងមួយថ្ងៃរាប់សិបគ្រឿង ដឹកជញ្ជូនតាមផ្លូវជាតិ លេខ២១ យ៉ាងអនាធិបតេយ្យ។
មន្ត្រីតូចតាចមួយចំនួន បានធ្លោយឲ្យដឹងថា គ្រឿងសំណង់ទាំងនេះ ត្រូវបាននាំចូលដោយ មន្ត្រីយោធាមានអំណាច ថ្នាក់ផ្កាយពីរ និងផ្កាយបី ដែលគេសង្ស័យថា មិនបានបង់ពន្ធត្រឹមត្រូវ និងធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធ រាប់ពាន់លានរៀលក្នុងមួយខែៗ នេះមិនទាន់និយាយ ដល់ការខូចខាត ស្ពាននិងផ្លូវដោយសារការដឹកលើសទម្ងន់នោះទេ។ មានការបញ្ជាក់ថា ការនាំចូលទំនិញប្រភេទគ្រឿងសំណង់ គ្រប់ប្រភេទរបស់ក្រុមហ៊ុនទាំងពីរនេះ មិនត្រឹមតែមិនបានចូលបង់ពន្ធ ជូនរដ្ឋប៉ុណ្ណោះទេ សូម្បីតែមន្ត្រីតូចតាច ក៏មិនហ៊ានទៅក្បែរផង គឺបណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញដ៏មាន អំណាចទាំងពីរនាក់នេះ ធ្វើអ្វីៗតាមតែទំនើងចិត្ត ។
បើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្ននេះលោកផ្កាយ៣ ស៊ី ហ៊រហ៊ុយ ជាប្រធានក្រុមហ៊ុន នាគខៀវ កំពុងយកផ្លូវជាតិលេខ ២១បេ នៅចំណុចខាងលើនេះ ធ្វើជាទីតាំងចតរថយន្ដធំៗ ពេញលើផ្លូវនេះ សម្រាប់ឡើងទំនិញពីសាឡង់ធំៗ ដែលនាំមកពីប្រទេសវៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ង់ត៍។ ករណីក្រុមហ៊ុននាគខៀវ ដែលបង្កភាពអនាធិបតេយ្យបែបននេះ តើលោក ផៃ ប៊ុនឈឿន អភិបាលខេត្ដកណ្ដាល គួរមានចំណាត់ការរបៀបណា ហើយបើអាសូរផ្លូវជាតិ និងអាណិតប្រជាពលរដ្ឋ គួរតែមានវិធានការ ឲ្យបានសមស្របផង។
ដោយឡែកមន្ត្រីយោធាពាក់ផ្កាយ ២ ម្នាក់ទៀតគឺលោក ឡៅ តុងហាន ជាប្រធានក្រុមហ៊ុនហង្ស បានធ្វើសកម្មភាព នាំចូលគ្រឿងសំណង់ គ្រប់ប្រភេទមកពី វៀតណាមតាមច្រក ព្រំដែនទ្វេភាគីជ្រៃធំ រាប់សិបឆ្នាំមកហើយ គឺប្រើប្រាស់រថយន្ដដឹក ជញ្ជូនលើសទម្ងន់ធ្វើឱ្យខូចខាត ផ្លូវស្ពានតាមផ្លូវជាតិលេខ២១បេ ជាញឹកញាប់ដោយមិនខ្លាចញញើត ចំពោះបទបញ្ជារបស់ថ្នាក់លើណោះទេ ។ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ឱ្យតែក្រឡេកឃើញរថយន្ដដឹក ជញ្ជូនគ្រឿងសំណង់ របស់លោក ឡៅ តុងហាន ដែលមានឈ្មោះ “ហង្ស” ជាសញ្ញាសម្គាល់នោះ គឺគ្មាននរណាម្នាក់ហ៊ានទៅក្បែរទេ។
លោកផ្កាយ២ ឡៅ តុងហាន បានចេញមុខរកស៊ីដឹកជញ្ជូន គ្រឿងសំណង់មកពី ប្រទេសវៀតណាម តាមរូបភាពបង់ពន្ធមិនគ្រប់ ឬលើកលែងពន្ធ ដោយ ការប្រើអំណាចផ្ទាល់ខ្លួន ច្រើនជាងការបង្ហាញវត្ដមាននៅក្នុងអង្គភាព ដែលពេលខ្លះគេចាត់ទុកថា លោក ឡៅ តុងហាន ប្រើប្រាស់មុខតំណែង ក្នុងជួរកម្លាំងប្រដាប់អាវុធ សម្រាប់ការពារជំនួញរបស់ខ្លួន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះ ។ ការដឹកជញ្ជូនទំនិញគេចពន្ធ ឬគ្រឿងសំណង់បង់ពន្ធមិនគ្រប់ របស់លោក ឡៅ តុងហាន ធ្វើឱ្យខាតបង់ចំណូលថវិកាជាតិ ជាពិសេសការផ្ទុកលើសទម្ងន់ ធ្វើឱ្យខូចខាតផ្លូវស្ពាន តាមផ្លូវជាតិលេខ២១ បេ ដោយរដ្ឋត្រូវចំណាយប្រាក់ ជួសជុលអស់ច្រើនសន្ធឹកសន្ធាប់។
ប្រមុខរាជរដ្ឋាភិបាល បានព្រមានដាក់ទោស មន្ដ្រីយោធាខិលខូច មួយចំនួនដែលនៅតែ គឃ្លើនយកមុខនាទីរបស់ខ្លួន ទៅពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់ ឬការដឹកជញ្ជូនទំនិញគេចពន្ធ ព្រោះម៉ោងនេះល្មមដល់ពេល កែទម្រង់ភាពអសកម្ម ឱ្យបានល្អប្រសើរឡើងវិញ។ ដូចជាការដឹកជញ្ជូន ទំនិញគេចពន្ធ អាចប្រមូលផលប្រយោជន៍ យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ចាយមិនអស់រួចទៅហើយ ប៉ុន្តែលោកផ្កាយ២ ឡៅ តុងហាន មិនដែលខ្វល់ខ្វាយពីបទបញ្ជានេះទេ ហើយក៏មិនដែលមាននរណា ហ៊ានធ្វើអ្វីគាត់ដែរ ព្រោះសិទ្ធិអំណាច របស់លោកផ្កាយ២ ឡៅ តុងហាន ធំសម្បើមណាស់៕
Source from: watphnom-news.com