
ក្រុមអាជីវករតូចតាចដែលនាំទំនិញចេញចូលតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាមនោះ បានត្អូញត្អែរ រអ៊ូររទាំទៅនឹងអំពើកោសរូសយកលុយក្រៅប្រព័ន្ធច្រើនហួសហេតុពីសំណាក់មន្ត្រីគយប្រចាំការនៅច្រកនោះ ។
អាជីវករតូចតាចទាំងនោះបានរៀបរាប់ឲ្យដឹងថា ទោះបីទំនិញមួយចំនួនត្រូវបានបង់ពន្ធត្រឹមត្រួវរួចហើយក៏ដោយ ក៏លោក តន ចាន់ធី ជាមេគយប៉ុស្តិ៍ព្រែកចាកកោសរូសតម្រូវឲ្យបង់លុយក្រៅប្រព័ន្ធជាប្រចាំថ្ងៃច្រើនជាងអត្រាបង់ពន្ធគយស្របច្បាប់ទៅទៀត រួមមានជាអាទិ៍ ៖ -ទំនិញដឹកតាមរ៉ឺម៉កម៉ូតូត្រូវបង់ចំនួន១០ម៉ឺនរៀលក្នុងមួយជើង និងមួយរ៉ឺម៉ក ។ -រថយន្តកូរ៉េធុនតូចត្រូវបង់ចំនួន៣០ម៉ឺនរៀល ក្នុងមួយជើងនិងមួយគ្រឿង ។ -រថយន្តធុនធំត្រូវបង់ចំនួន១លានរៀលក្នុងមួយជើង និងមួយគ្រឿង"ដោយមិនទាន់គិតដល់ការបង់ប្រាក់ប្រចាំខែផង" ។
ក្រុមអាជីវករតូចតាចដែលកំពុងរងគ្រោះព្រោះមេគយប៉ុស្តិ៍ព្រែកចាកនោះ បានឲ្យដឹងដែរថា បើមិនព្រមបង់លុយឲ្យគយតាមការកំណត់ទេ គឺលោកមេគយ តន ចាន់ធី បង្ខិតបង្ខំឲ្យពួកគាត់ផ្តិតមេដៃលើកំណត់ហេតុចុះកិច្ចសន្យាថា ឈប់រកស៊ីដឹកទំនិញតាមច្រកព្រែកចាកនេះទៀត ។
សូមមេគយថ្នាក់លើ មេត្តាត្រួតពិនិត្យមើលនិងមានវិធានការទៅលើមេគយប៉ុស្តិ៍ព្រែកចាកឈ្មោះ តន ចាន់ធី នេះផង ដើម្បីកុំឲ្យក្រុមអាជីវកររកស៊ីតូចតាចដឹកទំនិញតាមច្រកនេះនាំគ្នារអ៊ូររទាំខ្លាំងពេក ៕
Source from: www.dtn7.com