
ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ថន សេងតារា ដែលសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញ ក្នុងបទល្មើសព្រហ្មទណ្ឌចេញមូលប្បទានបត្រអត់លុយមានតម្លៃ៣០ម៉ឺនដុល្លារអាមេរិកឲ្យទៅជនរងគ្រោះឈ្មោះ ខៃ ណារិន នោះត្រូវបានលោកចៅក្រម កោ វណ្ឌី អនុប្រធានសាលាដំបូងរាធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ សម្រេចដោះលែងឲ្យមានសេរីភាពវិញហើយនារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
មូលហេតុដែលនាំឲ្យចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួនជនត្រូវចោទ និងដោះលែងជនត្រូវចោទឲ្យមានសេរីភាពវិញនោះគឺដោយសារជនត្រូវចោទ យល់ព្រមតម្កល់លុយនៅតុលាការចំនួន៥ម៉ឺនដុល្លារអាមេរិក និងប្លង់ដីមួយកន្លែង។
សូមបញ្ជាក់ជូនថា ជនត្រូវចោទឈ្មោះ ថន សេងតារា ហៅ អូន អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក ហៀង សុភក្ត្រ ចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» មានតម្លៃចំនួន៣០ម៉ឺនដុល្លារអាមេរិក នៅធនាគារ ANZ Royal តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខៃ ណារិន។
ក្រោយមកលោក កោ វណ្ឌី ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនត្រូវចោទឈ្មោះ ថន សេងតារា ឲ្យចូលខ្លួនមកបំភ្លឺតុលាការតាមនីតិវិធីនៃច្បាប់ តែជនត្រូវចោទរូបនេះរឹងរូសមិនព្រមចូលខ្លួនតាមការកោះរបស់តុលាការទេ ទើបតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤២ត.ព្រ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ហើយក៏ត្រូវសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបានទាំងមនុស្សទាំងរថយន្តនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះនៅលើដងមហាវិថីព្រះមុនីវង្ស ទល់មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតែម្តង៕
Source from: www.dtn7.com