តុលាការ​ដោះលែង​ជន​ត្រូវ​ចោទ​ដែល​ចេញ​សែក​ស្អុយ​គ្មាន​លុយ​តម្លៃ​៣០​ម៉ឺន​ដុល្លារ ដោយ​ជន​ត្រូវ​ចោទ​ដាក់​លុយ​តម្កល់​៥​ម៉ឺន​ដុល្លារ និង​ប្លង់ដី​មួយកន្លែង​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ថន សេង​តារា ដែល​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់លុយ​មានតម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ជនរងគ្រោះ​ឈ្មោះ ខៃ ណារិន នោះ​ត្រូវបាន​លោក​ចៅក្រម កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រា​ធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នា​រសៀល​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ និង​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ​នោះ​គឺ​ដោយសារ​ជន​ត្រូវ​ចោទ យល់ព្រម​តម្កល់​លុយ​នៅ​តុលាការ​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក និង​ប្លង់ដី​មួយកន្លែង​។​

​សូមបញ្ជាក់​ជូន​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ថន សេង​តារា ហៅ អូន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ហៀ​ង សុភ​ក្ត្រ ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន «​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​» មានតម្លៃ​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ធនាគារ ANZ Royal តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ខៃ ណារិន​។​

​ក្រោយមក​លោក កោ វណ្ឌី ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ថន សេង​តារា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​តុលាការ​តាម​នីតិវិធី​នៃ​ច្បាប់ តែ​ជន​ត្រូវ​ចោទ​រូបនេះ​រឹងរូស​មិន​ព្រម​ចូលខ្លួន​តាម​ការ​កោះ​រប​ស់​តុលាការ​ទេ ទើប​តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៤២​ត​.​ព្រ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ ហើយក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​ទាំង​មនុស្ស​ទាំង​រថយន្ត​នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​នៅលើ​ដង​មហាវិថី​ព្រះមុនីវង្ស ទល់មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​តែម្តង​៕​

5432322

 

 


Source from: www.dtn7.com

No comments:

Post a Comment