
រាជរដ្ឋាភិបាលអាណត្តិទី៤ធ្លាប់បានចេញបទបញ្ជាមួយលេខ ០២បប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញ ឈើគ្រញូង ដោយដាក់ចេញនូវបទបញ្ជាចំនួន៩ចំណុច ក្នុងនោះក៏បានបង្គាប់បញ្ជាឲ្យសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់សហការចាត់វិធានការឲ្យបានម៉ឺងម៉ាតក្នុងការស្រាវជ្រាវបង្ក្រាបមេខ្លោងប្រមូលទិញ ខ្សែបណ្តាញប្រមូលទិញឈើគ្រញូង ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។ លើសពីនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ក្នុងដំណើរការស្រាវជ្រាវ ប្រសិនរកឃើញអ្នកការពារឬអ្នកនៅពីក្រោយសកម្មភាពចរាចរណ៍ឈើគ្រញូងនេះ ហើយមានការលំបាកក្នុងការចាត់វិធានការ ត្រូវធ្វើរបាយការណ៍ដោយផ្ទាល់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោយមិនមានការយោគយល់ និងលើកលែងឡើយ ។
ទោះបីមានបទបញ្ជារបស់រាជរដ្ឋាភិបាលបែបនេះក្តី ប៉ុន្តែបទល្មើសចរាចរណ៍ឈើគ្រញូងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា មិនមានការថមថយចុះទេ ហើយបែរជាមានសន្ទុះ កើនឡើងខ្លាំងថែមទៀត ដោយឈ្មួញដឹកជញ្ជូន និងប្រមូលទិញឈើគ្រញូង បានចំណាយប្រាក់សូកប៉ាន់ឲ្យទៅមន្ត្រីមានសមត្ថកិច្ចជាកូនចៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចាប់ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកដល់រាជធានីភ្នំពេញ មាន១៦គោលដៅ និងត្រូវចំណាយទឹកប្រាក់ចំនួនប្រមាណ៧.០០០ដុល្លារអាមេរិក សម្រាប់រថយន្តតូច១គ្រឿង និងក្នុង១ជើង ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ឈើគ្រញូង ចំនួន៤៨ដុំ ស្មើនឹងទម្ងន់ជាង ១តោន បានចរាចរណ៍ចេញពីខេត្តសៀមរាប ដោយរថយន្តទំនើបម៉ាក Lexus RX 33០ ពណ៌សមួយគ្រឿង ឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យ ។
ដោយឡែក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ឈើគ្រញូង ចំនួន៩៦ដុំ ស្មើនឹងទម្ងន់ជាង ៣តោន បានចរាចរណ៍លើទឹកដីខេត្តសៀមរាប ដោយរថយន្តទំនើបចំនួន២គ្រឿង គឺម៉ាក ហាយឡិនឌ័រ ពណ៌ខ្មៅមួយគ្រឿង និង ម៉ាក កាមរី បាឡែន ពណ៌សមួយគ្រឿង ។
ព័ត៌មានពីសមត្ថកិច្ចមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗ ចេញពីស្រុកអន្លង់វែងមកកាន់ខេត្តសៀមរាប តាមផ្លូវលេខ៦៧ ក្នុងមួយយប់ៗ មិនតិចជាងពី២០គ្រឿង ទៅ៣០គ្រឿងឡើយ ហើយសមត្ថកិច្ចធ្វើការបង្ក្រាបបាន ក្នុងកម្រិតតិចតួច ដើម្បីយកស្នាដៃថតដាក់ទូរទស្សន៍ និងសារព័ត៌មាន បង្អួតថ្នាក់លើប៉ុណ្ណោះ ។
ដូច្នេះ សរុបសេចក្តីមក បទល្មើសចរាចរណ៍ឈើគ្រញូង នៅតែមានសកម្មភាព យ៉ាងគគ្រឹកគគ្រេង ដែលបង្ហាញឲ្យឃើញថា បទបញ្ជារបស់«សម្តេចតេជោ ហ៊ុន សែន » ជាបុរសខ្លាំងនៃកម្ពុជា បានក្លាយទៅជា ក្រដាសអនាម័យបាត់ទៅហើយ ដោយសាមន្ត្រីថ្នាក់ក្រោមឱវាទ ស្គាល់ចិត្តស្គាល់ថ្លើម «សម្តេចតេជោ ហ៊ុន សែន » យ៉ាងច្បាស់ ៕
Source from: www.dtn7.com
No comments:
Post a Comment