
ប្រភពព័ត៌មានពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញនេះ សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សមួយរូបគឺលោក ប៉ែន ងឿន បានសរសេរលិខិតមួយច្បាប់ជូនលោកនិពន្ធនាយកព្រឹត្តិបត្រ Cambodia Daily ស្នើឲ្យព្រឹត្តិបត្រនេះធ្វើការកែតម្រូវទៅលើអត្ថបទមួយមានចំណងជើងថា «អ្នកភូមិរស់នៅជុំវិញប្រាសាទព្រះវិហារបានក្រាបចុះរង់ចាំការកាត់សេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ» ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយលោក ប៉ែន ងឿន អះអាងថា ជាការចុះផ្សាយធ្វើឲ្យអ្នកអានយល់ខុសយ៉ាងធ្ងន់ធ្ងរទាំងក្នុងប្រទេស ទាំងលើឆាកអន្តរជាតិទៅលើករណីកម្មសិទ្ធិលើប្រាសាទព្រះវិហារ ដោយនិយាយថា «ប្រជាជនដែលរស់នៅប៉ែកខាងដីថៃលើផ្ទៃព្រំប្រទល់ជុំវិញប្រាសាទព្រះវិហារដែលមានទំនាស់នោះ បានចាប់ផ្តើមសាងសង់លេណដ្ឋានក្រោមដី ដើម្បីត្រៀមពេលដែលតុលាការយុត្តិធម៌អន្តរជាតិចេញសាលដីកាអំពីកម្មសិទ្ធិនៃប្រាសាទនៅថ្ងៃចន្ទដោយយោងទៅតាមការផ្សាយរបស់កាសែតថៃ»។
សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើកឡើងថា តាមការពិតរឿងដែលកើតឡើងហើយអាចនិយាយយ៉ាងហោចណាស់ដែលគេយល់ដឹងទូទាំងប្រទេស និងនិយាយក្នុងន័យឲ្យទូលាយទាំងផ្នែកតំបន់ និងលើឆាកអន្តរជាតិបានទទួលស្គាល់ថា ប្រាសាទព្រះវិហារ «គឺឋិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា» យោងតាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានរយៈពេល៥១ឆ្នាំ កន្លងមកហើយ។ Cambodia Daily មិនអាចធ្វើមិនដឹងមិនឮម្នាក់ឯងនោះទេ។
លើសពីនេះ សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើកឡើងដែរថា ម្យ៉ាងវិញទៀតការកំណត់ពេលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្រាប់ចេញសាលដីកាដោយតុលាការយុត្តិធម៌អន្តរជាតិនោះ គឺយោងជាពិសេសទៅលើពាក្យបណ្តឹងរបស់កម្ពុជា ដែលបានដាក់ចុះបញ្ជីនៅតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ដើម្បីសុំឲ្យធ្វើការបកស្រាយនូវសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ស្តីពី «រឿងក្តីប្រាសាទព្រះវិហារ» ដែលនេះពុំមែនជា «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ លើរឿងក្តីកម្មសិទ្ធិនៃប្រាសាទ» ដែល Cambodia Daily បានសរសេរខុស។
ទាក់ទងនឹងការស្នើឲ្យមានការកែតម្រូវលើការចុះផ្សាយរបស់ព្រឹត្តិបត្រ Cambodia Daily ដោយសមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនេះ គេមិនបានឃើញព្រឹត្តិបត្រ Cambodia Daily ចេញផ្សាយនៅថ្ងៃសៅរ៍-អាទិត្យទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ធ្វើការចុះផ្សាយកែតម្រូវអ្វីឡើយ៕
Source from: www.dtn7.com