
ប្រិយមិត្តអ្នកលេង Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងរូបថតអនុស្សាវរីយ៍អតីកាលមួយសន្លឹករបស់គ្រួសារបុរសខ្លាំងដែលត្រូវបានគេយកមក Post នៅក្នុងបណ្តាញសង្គមដ៏ពេញនិយមនៅកម្ពុជា។
រូបថតអនុស្សាវរីយ៍អតីតកាលរបស់គ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ គឺមានរូបសម្តេច, រូបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន «ប៊ុន សំហៀង» និងកូនៗកាលនៅជាកុមារា កុមារី ចំនួន៤នាក់ទៀត ដែលរូបថតនេះទំនងជាត្រូវបានថតទុកជាអនុស្សាវរីយ៍នាអំឡុងឆ្នាំ១៩៨៣-១៩៨៤។
ក្នុងចំណោមកុមារា កុមារី ត្រូវជាកូនតូចៗទាំង៤របស់បុរសខ្លាំងនៅក្នុងរូបថតនេះ គឺទំនងជាកូនទី១ប្រុសឈ្មោះ ហ៊ុន ម៉ាណែត «កើតថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៧» កូនទី២ស្រីឈ្មោះ ហ៊ុន ម៉ាណា «កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨០» កូនទី៣ប្រុសឈ្មោះ ហ៊ុន ម៉ានិត «កើតថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៨១» និងកូនទី៤ប្រុសឈ្មោះ ហ៊ុន ម៉ានី «កើតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២» ។ ដោយឡែកកូនទី៥ស្រីឈ្មោះ ហ៊ុន ម៉ាលី «កើតថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣» និងកូនចិញ្ចឹមម្នាក់ទៀតស្រីឈ្មោះ ហ៊ុន ម៉ាលីស គ្មានវត្តមាននៅក្នុងរូបថតអនុស្សាវរីយ៍នេះទេ។
ឆ្នាំ១៩៧៩ បុរសខ្លាំងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ឆ្នាំ១៩៨១ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ឆ្នាំ១៩៨៥ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតក្នុងពិភពលោក។ ឆ្នាំ១៩៨៦ លះបង់ឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស។ ឆ្នាំ១៩៨៧ យកឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសត្រឡប់មកវិញ ដើម្បីចូលរួមចរចាជាមួយសម្តេចនរោត្តមសីហនុលើកដំបូងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឥឡូវនេះ ក្រុមគ្រួសាររបស់បុរសខ្លាំងទាំងមូលមានអំណាចដ៏មហិមា និងទ្រព្យសម្បត្តិមហាសាលគឺប្តីជានាយករដ្ឋមន្ត្រី ប្រពន្ធជាប្រធានកាកបាទក្រហមកម្ពុជា កូនប្រុសពីរនាក់ជាឧត្តមសេនីយ៍យោធា កូនប្រុសម្នាក់ជាអ្នកតំណាងរាស្ត្រដែលមានអាយុក្មេងជាងគេក្នុងរដ្ឋសភា និងកូនស្រីម្នាក់ជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា៕
Source from: www.dtn7.com