
ខេត្តកំពង់ធំ ៖ កម្លាំងអាវុធហត្ថស្រុកស្ទោង បានស្ទាក់ឃាត់រថយន្តម៉ាក រ៉ង់រ៉ូវែរ ដឹកទំនិញគេចពន្ធ ចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ២២និង ១៥នាទីយប់ ធ្វើការត្រួតពិនិត្យក៏ប្រទះឃើញ មានវ៉ាលីចំនួន៤ ពណ៌ខ្មៅធំៗ បានផ្ទុកទូរស័ព្ទពេញទាំង ៤វ៉ាលី ដែលមានម៉ាក LG និង SUMSUNG ទើបឈានដល់ការឃាត់ខ្លួន មនុស្សចំនួន ៣នាក់។
រថយន្តស៊េរីទំនើបដែលដឹក ទូរស័ព្ទគេចពន្ធនេះម៉ាក រ៉ង់រ៉ូវែរ ពណ៌ស អត់ស្លាកលេខបានចាកចេញពីខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកស្ទោង ទើបកម្លាំងអាវុធហត្ថសុំយោបល់ ពីលោកព្រះរាជអាជ្ញាខេត្តកំពង់ធំ ស្ទាក់ឃាត់រថយន្តខាងលើ ដើម្បីសុំការត្រួតពិនិត្យ ដោយមានការសង្ស័យថា រថយន្តមួយគ្រឿងនេះបានដឹកបទល្មើស ។ ក្រោយពីធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញ ទូរស័ព្ទពេញទាំង ៤វ៉ាលី ដែលមានម៉ាក LG និង SUMSUNG ហើយបានបន្តឃាត់ខ្លួន មនុស្សចំនួន ៣នាក់។
ជនសង្ស័យដែលដឹក បទល្មើសគេចពន្ធនេះរួមមាន ទី១-ឈ្មោះ កែវ សុបេ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំសូត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី២-ឈ្មោះ កែវ សុខហេង ជាម្ចាស់ទូរស័ព្ទ អាយុ ៦២ឆ្នាំ រស់នៅទីក្រុងភ្នំពេញ ចំណែកម្នាក់នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ព្រមទាំងដកហូតវត្ថុតាងមានទូរស័ព្ទចំនួន ១៤៨៣ គ្រឿង ប្រគល់ជូនលោក សារឹម សារ៉ាន់ ប្រធានរដ្ឋបាល និងគណនេយ្យ សាខាគយរដ្ឋាករខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចាត់ការបន្ត៕
Source from: watphnom-news.com