ម្ចាស់ដេប៉ូ សិប្បកម្ម និងអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ជាប់កាតព្វកិច្ចបង់លុយជូនលោក នូវ ដារ៉ា មេនគរបាលសេដ្ឋកិច្ចខេត្តរតនគិរី

ខេត្តរតនគិរី ៖ ច្រើនឆ្នាំមកហើយ ដែលលោក នូវ ដារ៉ា ឈ្មោះដើមគឺ ឡុក ឈុន បានទិញឈ្មោះគេចូល បម្រើក្របខ័ណ្ឌនគរបាល កាលពីឆ្នាំ១៩៩៣ រហូតប៉ែងជើងមេខ្លួនឯង ឡើងធ្វើជាប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ហើយលោក នូវ ដារ៉ា មានជំនាញប្រមូលលុយ ពីបទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើមិនដែលខ្វះចន្លោះ ទើបលោក នូវ ដារ៉ា ក្លាយជាគ្រាប់ពេជ្រ ដ៏មានតម្លៃដែលថ្នាក់ដឹកនាំ ស្នងការនគរបាលខេត្តរតនគិរី ត្រូវការទាំងការងារជំនាញ និងការងារសេដ្ឋកិច្ច។
កាលពីជំនាន់លោក ស៊ីន សុខន ធ្វើជាប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី មិនសូវមានភាពអនាធិបតេយ្យ នៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមឈ្មួញ រកស៊ីឈើខុសច្បាប់ ឲ្យបង់លុយតាមតែអំពើចិត្តនោះទេ ហើយក្រោយមកដោយសារ តែលោក ស៊ីន សុខន រវល់ការងារផ្សេងច្រើនពេក គាត់បានផ្ទេរសិទ្ធិឲ្យលោក ងិន អូន ឡើងធ្វើជាប្រធានស្តីទី ទើបលោក នូវ ដារ៉ា រត់រកខ្សែទុយោឡើងធ្វើជា ប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ជំនួសលោក ស៊ីន សុខន។ រឿងហេតុដែលលោក នូវ ដារ៉ា អាចរត់ការឡើងធ្វើជា នាយការិយាល័យ តាមរយៈការប៉ែងជើងលោក ស៊ីន សុខន ជាមេកើយរបស់ខ្លួនបានសម្រេចនោះ ក៏ដោយសារតែលោក នូវ ដារ៉ា ពូកែប្រមូលលុយ ពីបទល្មើសសេដ្ឋកិច្ច យកទៅបង់ជូន ថ្នាក់លើផងដែរ ។
មន្ត្រីតូចតាចជាច្រើន បានបញ្ជាក់ថា ចាប់តាំងពីឡើងតំណែងជា នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចរួចមក លោក នូវ ដារ៉ា ចាប់ផ្តើមបញ្ចេញ ឥទ្ធិពលរបស់ខ្លួន តាមរយៈការចាត់តាំង មន្ត្រីជំនិតៗឲ្យចុះប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់និងអ្នករកស៊ី ដឹកជញ្ជូនសត្វព្រៃ យ៉ាងអនាធិបតេយ្យបំផុត។ មន្ត្រីមួយចំនួនទៀត ត្រូវបានលោក នូវ ដារ៉ា បញ្ជូនឲ្យទៅដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវដើម្បីរាប់ក្បាលឡាន ដឹកជញ្ជូនឈើខុសច្បាប់ ទាំងតូចទាំងធំឲ្យបង់លុយ ទៅតាមតែទំនើងចិត្ត របស់ពួកគេ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់ ឬបទបញ្ជា របស់រាជរដ្ឋាភិបាល ម្តងណាឡើយ ហើយក្នុងចំណោមមន្ត្រី ប្រមាណ ២០នាក់ ក្នុងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក នូវ ដារ៉ា បានចាត់តាំងប្រើប្រាស់ មន្ត្រីជំនិតៗរបស់ខ្លួន ឲ្យចុះប្រមូលលុយចំនួន ៣ នាក់ប៉ុណ្ណោះ។
មន្ត្រីនគរបាលដែលពូកែ រកលុយយកទៅបង់ជូនលោក នូវ ដារ៉ា ទទួលបានសិទ្ធិអំណាចធំធេង ក្នុងការចុះប្រមូលលុយពី ឡានដឹកឈើខុសច្បាប់ ដូចជាប្រភេទរថយន្តតូចៗ ត្រូវបង់លុយចាប់ពី ៣០ទៅ៥០ ដុល្លារអាមេរិក គេគិតទៅតាមចំនួនឈើជាក់ស្តែង ហើយបើមិនបង់លុយទេ ត្រូវលោក នូវ ដារ៉ា ចេញបញ្ជាឲ្យចាប់ យកទៅការិយាល័យ ដើម្បីកោសរូសបង្ខំឲ្យបង់ លុយ ១គុណជា៣។ បើនិយាយពីរថយន្ត ដឹកជញ្ជូនឈើធំៗវិញ ត្រូវនគរបាលសេដ្ឋកិច្ច របស់លោក នូវ ដារ៉ា បង្ខំឲ្យបង់លុយចាប់ពី ២០០ដល់៥០០ ដុល្លារអាមេរិក អាស្រ័យទៅលើទំហំ នៃការដឹកជញ្ជូនឈើ ដែលសូម្បីតែឡានដឹកឈើ របស់ក្រុមហ៊ុន ទ្រី ភាព ចេញពីខេត្តរតនគិរី ទៅវៀតណាម តាមច្រកអូរយ៉ាដាវ ក្នុងមួយខែ ៤ទៅ៥ ជើងជាទៀងទាត់ ក៏នគរបាលសេដ្ឋកិច្ចរបស់លោក នូវ ដារ៉ា ហ៊ានសុំលុយថ្លៃបាយ គ្មានក្រែងញញើតអ្វីឡើយ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ មួយចំនួនទៀតបានរអ៊ូរទាំថា ក្នុងខេត្តរតនគិរី លោក នូវ ដារ៉ា បានពង្រាយកូនចៅរបស់ខ្លួន ឲ្យចុះទៅឈរជើងតាម ចំណុចសំខាន់ៗជាច្រើនកន្លែង ហើយពេលខ្លះរថយន្តដឹកឈើ មួយគ្រឿងត្រូវចូលបង់លុយ ឲ្យប៉ុស្តិ៍ជជុះរបស់លោក នូវ ដារ៉ា ដល់ទៅ ២ កន្លែងឯណោះ គ្មានការយោគយល់អ្វីឡើយ។ ចំពោះម្ចាស់សិប្បកម្ម កែច្នៃឈើ ឬដេប៉ូលក់ឈើ នៅទូទាំងខេត្តរតនគិរី ត្រូវបានមន្ត្រីរបស់លោក នូវ ដារ៉ា ចុះប្រមូលលុយ ក្នុងមួយកន្លែងចាប់ពី ១៥០០ដុល្លារ ទៅ២០០ ដុល្លារអាមេរិក អាស្រ័យទៅលើរូបភាព នៃទីតាំងសិប្បកម្មទាំងនោះ តូចឬធំប្រមូលទិញឈើខុសច្បាប់ ឬស្របច្បាប់ ហើយទីតាំងសិប្បកម្មរាប់សិបកន្លែង នៅក្នុងខេត្តរតនគិរី សុទ្ធតែជាប់កាតព្វកិច្ចបង់ខែ ជូនលោក នូវ ដារ៉ា ជាទៀងទាត់៕
Source from: watphnom-news.com