តៃកុងឡានហ្វ៊រ៉ាន់ណឺងោកមួយភាំង បើកបុកទួរីសចំពីមុខលាន់ដូចរន្ទះ ក្រឡាប់ធ្លាក់ផ្លូវ

ខេត្តកំពត ៖ មនុស្សប្រុសស្រីប្រមាណ ៨នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ រថយន្តតូយ៉ូតា ហ្វ៊រ៉ាន់ណឺ បើកបុករថយន្តទួរីស ប្រភេទ ១៥កៅអី ចំពីមុខយ៉ាងពេញទំហឹង រួចជ្រុលធ្លាក់ផ្លូវក្រឡាប់ខ្លួនឯង កាលពីម៉ោងប្រហែល ១ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។
សាក្សីបានឱ្យដឹងថា មុនពេលហេតុគេឃើញ រថយន្តទួរីស ប្រភេទ១៥ កៅអីមួយគ្រឿង បើកមកពីទិសខាងកើត ហើយភ្លាមៗនោះ ស្រាប់តែរថយន្តតូយ៉ូតា ហ្វ៊រ៉ាន់ណឺ បើកមកពីទិសខាងលិច រេចង្កូតទៅបុករថយន្តទួរីសចំពីមុខ យ៉ាងពេញទំហឹង រួចរថយន្តនេះ ធ្លាក់ពីផ្លូវក្រឡាប់តែម្តង។ ជនរងគ្រោះក្នុងរថយន្ត មានកូនក្មេង និងមនុស្សប្រុសស្រីរងរបួស។
ចំណែកអ្នកដំណើរ ក្នុងរថយន្តទួរីស ជាជនបរទេសប្រមាណ ១០នាក់ ដែលត្រូវធ្វើដំណើរ ទៅខេត្តព្រះសីហនុ មិនមានរបួសអ្វីទេ តែឈ្មោះ សយ វណ្ណាត ជាអ្នកបើកបររថយន្តទួរីស ប្រភេទ ១៥កៅអី មានទីលំនៅ ក្នុងភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកគៀនស្វាយ ខេត្តកណ្តាល បានរបួសស្រាល រយះជើងបន្តិចបន្តួច បានអះអាងថា ប្រសិនបើរថយន្តរបស់គាត់ បើកលឿនមិនដឹងជាមាន គ្រោះថ្នាក់ធំប៉ុនណានោះទេ។
គ្រោះថ្នាក់នេះត្រូវបាន សាក្សីនិយាយថា បង្កឡើងដោយ រថយន្តតូយ៉ូតា ហ្វ៊រ៉ាន់ណឺ ពាក់ស្លាក លេខ ខ.ម 02-2-6502 ទំនងជាអ្នកបើកបរឈ្មោះ សយ ស៊ីនួន ដែលមានទីលំនៅ ក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ងោកមួយភាំង ព្រោះគេឃើញរថយន្ត បើកធ្លាក់ចិញ្ចើមផ្លូវ ផ្នែកខាងត្បូង ប្រហែល ៣០ម៉ែត្រទៅ៤០ ម៉ែត្រ រួចរេឡើងផ្លូវវិញ ជ្រុលបុករថយន្តទួរីស ចំពីមុខពេញទំហឹងតែម្តង៕
Source from: watphnom-news.com