លោក ប្រាក់ ប៉ូលី និងលោក ប្រាក់ ប៉ូលីន នាំគ្នាប្រមូលលុយអភិវឌ្ឍន៍ជីវភាពគ្រួសារ ក្លាយជាមហាសេដ្ឋីទាំងក្មេង មានលុយចាយមិនខ្វះ

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋនៅទូទាំង ក្រុងប៉ោយប៉ែត បានរអ៊ូរទាំអំពីការគាបជំរិត និងការកោសរូសបង្ខំឲ្យបង់លុយ ក្នុងកម្រិតខ្ពស់ពីសំណាក់ មន្ត្រីសុរិយោដីនិងសំណង់ ក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រងរបស់លោក ប្រាក់ ប៉ូលីដោយគ្មានការយោគយល់អ្វីឡើយ ហើយលោក ង៉ោ ម៉េងជ្រួន ហាក់ដូចជាបិទភ្នែកបិទត្រចៀក ទុកឱកាសឲ្យមន្ត្រីសាលាក្រុងប៉ោយប៉ែត ចំនួន ២នាក់សហការជាមួយជំនាញសុរិយោដី និងសំណង់ ប្រមូលលុយពីម្ចាស់សំណង់ផ្សេងៗ យកទៅចែកគ្នាធ្វើមានធ្វើបាន មិនខ្វល់ពីវិធានការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីជំនាញសុរិយោដី និងសំណង់ក្រុងប៉ោយប៉ែត ដែលគ្រប់គ្រងដោយលោក ប្រាក់ ប៉ូលី បង្កផលលំបាកជាច្រើន ដល់ប្រជាពលរដ្ឋដែលចង់ ធ្វើប័ណ្ណកម្មសិទ្ធិ និងសុំច្បាប់សាងសង់ផ្សេងៗ ហើយលោក ប្រាក់ ប៉ូលី ក៏បានចាត់តាំងឲ្យ បងប្អូនបង្កើតរបស់ខ្លួនឈ្មោះ ប្រាក់ ប៉ូលីន ដែលជាអនុប្រធាន ទទួលបន្ទុកការងារជំនាញ ផ្នែកសំណង់ ដើរស្វែងរកផលប្រយោជន៍ និងគាបជំរិតម្ចាស់សំណង់ ខុសច្បាប់រាប់ពាន់កន្លែង ប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួន។ សំណង់ជាច្រើនដែលបានសាងសង់កន្លងមក ទោះជាបានសុំច្បាប់ត្រឹមត្រូវ ចំណាយលុយច្រើន សន្ធឹកសន្ធាប់ក៏លោក ប្រាក់ ប៉ូលីន កោសរូសបង្ខំឲ្យបង់លុយ ក្នុងមួយកន្លែងពី ៧ពាន់បាត ទៅ ៥ម៉ឺនបាត ហើយករណីខ្លះទៀតដែលម្ចាស់សំណង់ធំៗ មិនបានគោរពតាម បទដ្ឋានបច្ចេកទេស ឬសាងសង់លើសពី ការសុំច្បាប់បន្តិចបន្តួច ត្រូវលោក ប្រាក់ ប៉ូលីន កោសរូសបង្ខំឲ្យបង់លុយចាប់ពី ៥ពាន់ដុល្លារទៅ ១ម៉ឺនដុល្លារអាមេរិក ។
អំពើពុករលួយរបស់ មន្ត្រីជំនាញសុរិយោដី និងសំណង់ក្រុងប៉ោយប៉ែត បានធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំង ក៏ព្រោះតែលោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត បានផ្តល់ភ្លើងខៀវឲ្យ មន្ត្រីជំនាញសុរិយោដី និងសំណង់ ចេញប្រមូលលុយយ៉ាងប្រសេចប្រសាច។ ប្រជាពលរដ្ឋមួយចំនួន បានដាក់ពាក្យសុំច្បាប់សាងសង់ ត្រូវបានមន្ត្រីជំនាញរបស់លោក ប្រាក់ ប៉ូលី បង្កផលលំបាក មិនចេញលិខិតអនុញ្ញាតឲ្យទេ ក៏ព្រោះតែម្ចាស់សំណង់ មិនមានលុយបង់ តាមការទាមទាររបស់លោក ប្រាក់ ប៉ូលីន។ ជាធម្មតាមន្ត្រីជំនាញផ្នែកសំណង់ ត្រូវតែទទួលយកលិខិត ស្នើសុំសាងសង់ ពីប្រជាពលរដ្ឋ ហើយចុះទៅត្រួតពិនិត្យនៅលើ ទីតាំងជាក់ស្តែង ដើម្បីណែនាំឲ្យម្ចាស់សំណង់ គោរពតាមបទដ្ឋានបច្ចេកទេស អំពីពន្លាតនិងព្រំដីជាដើម ប៉ុន្តែការអនុវត្តជាក់ស្តែង លោក ប្រាក់ ប៉ូលី មិនដែលខ្វាយខ្វល់អ្វីឡើយ ឲ្យតែសំណុំឯកសារសុំច្បាប់សាងសង់ មានលុយគ្រប់ចំនួន គាត់ឯកភាពភ្លាមៗ ប៉ុន្តែបើគ្មានលុយបង់ទេ គឺឯកសារនៅទ្រឹង ជួនកាលត្រូវគេទុកចោលឲ្យកណ្តៀរកោរ កណ្តុរកាត់ទៅទៀត ។
នៅក្នុងអាណាចក្រ ក្រុងប៉ោយប៉ែតនេះផងដែរ គេសង្កេតឃើញជម្លោះដីធ្លី កើតមានយ៉ាងផុសផុល ដូចជាករណីខ្លះ អ្នកមានលុយមានអំណាច អាចឃុបឃិតជាមួយលោក ប្រាក់ ប៉ូលី ឲ្យចេញប័ណ្ណកម្មសិទ្ធិជាន់លើដី ប្រជារាស្ត្រក្រីក្រដែលពួកគាត់ គ្មានលុយរត់ការធ្វើប័ណ្ណកម្មសិទ្ធិ ហើយមានជម្លោះប្តឹងផ្តល់តាមផ្លូវតុលាការ ប្រជាពលរដ្ឋតែងតែរងគ្រោះ បាត់បង់ដីធ្លីយ៉ាងអយុត្តិធម៌បំផុត។ លោក ប្រាក់ ប៉ូលី មិនដែលខ្វល់ខ្វាយ ពីរឿងរ៉ាវអយុត្តិធម៌ដែល ប្រជាពលរដ្ឋក្រីក្រ បានជួបប្រទះនោះទេ ធ្វើយ៉ាងណាឲ្យតែគាត់ អាចមានឱកាសប្រមូលលុយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន គឺអ្វីៗអាចដំណើរការដោយរលូនល្អ ដូច្នេះហើយទើបប្រជាពលរដ្ឋ នៅទូទាំងក្រុងប៉ោយប៉ែត បានលួចបង្ហើបឲ្យដឹងថា ទាំងលោក ប្រាក់ ប៉ូលី និងលោក ប្រាក់ ប៉ូលីន ដែលជាបងប្អូននឹងគ្នា គ្រាន់តែបានឡើងធ្វើជាប្រធាន និងអនុប្រធានការិយាល័យសុរិយោដី និងសំណង់ ក្រុងប៉ោយប៉ែត ពួកគេបានអភិវឌ្ឍន៍ជីវភាពគ្រួសារ ក្លាយជាមហាសេដ្ឋីទាំងក្មេង មានលុយចាយមិនខ្វះ។
លោក លី សារី ដែលជាប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តបន្ទាយមានជ័យ មិនដែលហ៊ានហើបមាត់ពីភាពអសកម្ម និងអំពើពុករលួយដែលលោក ប្រាក់ ប៉ូលី និងលោក ប្រាក់ ប៉ូលីន កំពុងប្រព្រឹត្តតាមរបៀប ជិះសេះលែងដៃនោះទេ មិនដឹងជាលោក លី សារី ទទួលបានផលប្រយោជន៍ពីលោក ប្រាក់ ប៉ូលី ប៉ុន្មាននោះទេ សម្រាប់សំណង់ខុសច្បាប់ ឬសំណង់ដែលសាងសង់ ខុសលក្ខណៈបច្ចេកទេស ទើបសំណង់ទាំងនោះ អាចដំណើរការសាងសង់ ដោយគ្មានឧបសគ្គ។ លោក ឱម យ៉ិនទៀង ធ្លាប់បានប្រកាសយក ខេត្តបន្ទាយមានជ័យ ជាគំរូល្អមុនគេក្នុងការ លុបបំបាត់អំពើពុករលួយ ប៉ុន្តែលោក ប្រាក់ ប៉ូលីនិងលោក ប្រាក់ ប៉ូលីន ដែលទទួលបានភ្លើងខៀវ ពីលោក ង៉ោ ម៉េងជ្រួន ផងដែរនោះមិនបានព្រឺរោមជើង ចំពោះចំណាត់ការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ហើយគ្រប់សំណង់ខុសច្បាប់ និងសាងសង់ខុសលក្ខណៈបច្ចេកទេស រងនូវការកោសរូសបង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់៕
Source from: watphnom-news.com