ក្មេងទំនើង ១៤នាក់មានដំបងនិងដុំថ្ម រងចាំសងសឹកគូជម្លោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ក្មេងទំនើង ១៤នាក់ ដែលប្រមូលផ្តុំគ្នា មានដំបងដុំថ្ម អង្គុយរងចាំសងសឹក ជាមួយក្រុមប៊ីប៊ីអ (BBR) ដែលមានគ្នា ១២នាក់ ធ្លាប់បានយកកាំបិត ដេញកាប់ពួកគេ កាលពីវេលាម៉ោង ១១និង៣០ នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកអប់រំកាលពីរសៀលវេលាម៉ោង ៥និង៣០ នាទីថ្ងៃដដែល នៅមុខសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ យកមកអប់រំមានចំនួន ១៤នាក់រួមមាន ១-ឈ្មោះ ថន បញ្ញា អាយុ ១៧ឆ្នាំ ២-ឈ្មោះ ជី សឹង្ហហាក់ អាយុ ១៦ឆ្នាំ ៣-ឈ្មោះ ជឿត រក្សា អាយុ ១៧ឆ្នាំ ៤-ឈ្មោះ ជ្រឿនវិសាល អាយុ ១៨ឆ្នាំ ៥-ឈ្មោះ កៅ សីហា អាយុ ១៥ឆ្នាំ ទាំង ៥នាក់ជាសិស្ស មានទីលំនៅក្នុង ភូមិឃុំអន្លង់វិល ស្រុកសង្កែ។ ទី៦-ឈ្មោះ ទន់ សុភារ៉ុង អាយុ ១៧ឆ្នាំ ៧-ឈ្មោះ រ័ត្ន សុភា អាយុ ១៧ឆ្នាំ ៨-ឈ្មោះ ហា ផានិត អាយុ ១៧ឆ្នាំ ៩-ឈ្មោះ អ៊ុយ បញ្ញា អាយុ ១៦ឆ្នាំ ទាំង ៤នាក់ជាសិស្ស រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកកសង្កែ។
១០-ឈ្មោះ ជុំ ជុងអ៊ី អាយុ ១៦ឆ្នាំ ជាសិស្សមានទីលំនៅ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។ ១១-ឈ្មោះ វ៉ាន មករា អាយុ ១៧ឆ្នាំ ១២-ឈ្មោះ ទន់ គឹមឡេង អាយុ ១៦ឆ្នាំ ទាំង ២នាក់ជាសិស្ស រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។ ១៣-ឈ្មោះ ហេង លីហួរ អាយុ ១៦ឆ្នាំ ជាសិស្សរស់នៅ ភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុងបាត់ដំបង និង១៤-ឈ្មោះ សឿង សិលា អាយុ ១៥ឆ្នាំជាសិស្ស រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានដកហូត ម៉ូតូចំនួន ១១គ្រឿង ដុំថ្មចំនួន ៦ដុំនិងដំបងចំនួន ១។
ក្រុមក្មេងស្ទាវទាំង ១៤នាក់បានប្រាប់សមត្ថកិច្ចថា ពួកគេស្គាល់គ្នា តាមរយៈការជួបជុំតាមផ្លូវ ព្រោះរៀននៅសាលាផ្សេងគ្នា ហើយការដែលប្រមូលផ្តុំគ្នានេះ ដោយសារកាលពីវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ មានក្រុមប៊ីប៊ីអ (BBR) ជិះម៉ូតូ ៦គ្រឿងមានគ្នា ១២នាក់ បានយកកាំបិតដេញកាប់ពួកខ្លួន ហេតុនេះហើយទើបនៅម៉ោង ៥រសៀល ពួកគេនាំគ្នាមកអង្គុយ រងចាំក្រែងឃើញគូជម្លោះ ចេញពីវាលយន្តហោះ ព្រួតវាយសងសឹកវិញ តែមិនទាន់បានវាយផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ យុវជនទំនើងចំនួន ១៤នាក់ ត្រូវបានសមត្ថកិច្ចអប់រំ និងមានអាណាព្យាបាលមកធានា ទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ ដោយ សុខជា
Source from: watphnom-news.com