សង្ស័យសង្ឃក្លែងក្លាយដេកស្លាប់ ពេលកំពុងបត់ជើងធំ នៅក្នុងផ្ទះសំណាក់លេខ៦៩១

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេ ប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ទឹក ពេលកំពុងបត់ជើងធំ កាលពីវេលាម៉ោង ៧និង២០ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះសំណាក់ លេខ៦៩១ ផ្លូវលេខ២២ ភូមិ-សង្កាត់ ទួលតាឯកក្រុងបាត់ដំបង ខេត្ដបាត់ដំបង ហើយសមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជាករណីខ្យល់គរ ដោយសារអត់ហូបអាហារ និងផឹកតែស្រាច្រើនថ្ងៃ ។
ម្ចាស់ផ្ទះសំណាក់ឈ្មោះ ពុទ្ធ កែវ អាយុ ៥៣ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ វ៉ា សួរ អាយុ ៣២ឆ្នាំ រស់នៅភូមិដា ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បានមកជួលបន្ទប់ស្នាក់នៅ អស់ចំនួន ២ថ្ងៃកន្លងមកហើយ។ តាំងពីមកជួលបន្ទប់ស្នាក់នៅ បុរសនេះមិនដែលឃើញ ហូបអាហារទេផឹកតែស្រា ហើយនៅយប់ថ្ងៃទី២៩ ខែធ្នូ ពេលត្រឡប់មកពីខាងក្រៅវិញ ជនរងគ្រោះមានអាការៈស្រវឹង និងនិយាយទូរស័ព្ទមុខបន្ទប់។
ពេលនោះម្ចាស់ផ្ទះសំណាក់ បានដេញឱ្យចូលដេក លុះព្រឹកឡើងស្រាប់តែ ប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុង បន្ទប់ទឹកពេលកំពុងបត់ជើងធំ ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានជំងឺខ្យល់គរ មិនហូបអីច្រើនថ្ងៃ ទើបស្លាប់ពេលកំពុង បត់ជើងបែបនេះ។សមត្ថកិច្ចបានរកឃើញ ស្បង់ជីវរនៅក្នុងកែបម៉ូតូ របស់ជនរងគ្រោះ ដូច្នេះសង្ស័យថា ជនរងគ្រោះអាចជា សង្ឃ ក្លែងក្លាយទៀតផង៕
Source from: watphnom-news.com