វិសមិតភាពការងារ ក្នុងមុខតំណែងសំខាន់ៗទាំង៣ នាំឲ្យលោក អ៊ុយ កុសល មានលុយខាប់ដូចទឹកគ្រឿង មិនដែលខ្វល់ពីការកែទម្រង់
រាជធានីភ្នំពេញ៖ក្នុងប្រវត្តិសាស្ត្ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករមានតែលោកអ៊ុយកុសលម្នាក់ប៉ុណ្ណោះរាជធានីភ្នំពេញ ៖ ក្នុងប្រវត្តិសាស្ត្ររបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានតែលោក អ៊ុយ កុសល ម្នាក់ប៉ុណ្ណោះ ដែលមានបុព្វសិទ្ធិធំធេង អាចកាន់តំណែងសំខាន់ៗចំនួន ៣តែម្នាក់ឯង រាប់សិបឆ្នាំមកហើយ បង្កើតឲ្យមានវិសមិតភាពការងារ ក្នុងជួរមន្ត្រីគយ ដោយសារតែតំណែងទាំង ៣របស់លោក អ៊ុយ កុសល បង្កើតឲ្យមានភាពប្រទាំងប្រទើស និងទំនាស់ផលប្រយោជន៍។ ដូច្នេះការចាប់ផ្តើមកែទម្រង់ដ៏សំខាន់នៅពេលនេះ មិនគួរណាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើលរំលងពីភាពអសកម្ម និងវិសមិតភាពការងារ របស់លោក អ៊ុយ កុសល នោះទេ។
មន្ត្រីគយមួយចំនួនបានស្ញើចសរសើរ ពីលោក អ៊ុយ កុសល ដែលមានសិទ្ធិអំណាច កាន់ការងារសំខាន់ៗចំនួន៣ រួមមាន ជាប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល និងជាអនុប្រធាននាយកដ្ឋាន ច្បាប់និងវិវាទផងដែរ។ មុខតំណែងទាំង ៣នេះមានមន្ត្រីជាច្រើនទៀត អាចធ្វើការងារជំនួសលោក អ៊ុយ កុសល សឹងថាមានសមត្ថភាព ធ្វើការងារបានល្អខ្លាំងជាងលោក អ៊ុយ កុសល ទៅទៀត ប៉ុន្តែមិនដឹងជាមាន រឿងរ៉ាវអាថ៌កំបាំងអ្វីទេ ដែលលោក អ៊ុយ កុសល អាចក្រាញអំណាច តោងតំណែងទាំង ៣នេះ ឡើងដុះស្លែទៅហើយ។
បើពិនិត្យលើផែនការសកម្មភាព ត្រង់ចំណុចទី២ សូមលោក អូន ព័ន្ធមុនីរ័ត្ន ជាពិសេសអគ្គនាយក គយនិងរដ្ឋាករ មេត្តាពិនិត្យមើល ពីបញ្ហាវិសមិតភាពការងារគយ របស់លោក អ៊ុយ កុសល ឡើងវិញផង ព្រោះសព្វថ្ងៃនេះ ការងារទាំង ៣របស់លោក អ៊ុយ កុសល អាចប្រមូលផលប្រយោជន៍ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមរបៀបពុករលួយនៅត្រង់ថា ពេលគាត់ប្រព្រឹត្តខុសឆ្គង ក្នុងតួនាទីជាប្រធានសាខាគយរាជធានីភ្នំពេញ និងជាប្រធានសាខាគយខេត្តកណ្តាល គ្មាននរណាហ៊ានស៊ើបអង្កេត កំហុសឆ្គងនោះទេ ព្រោះលោក អ៊ុយ កុសល មានតួនាទីមួយទៀត ជាអនុប្រធាននាយកដ្ឋាន ច្បាប់និងវិវាទ។
មន្ត្រីគយមួយចំនួន បានបង្ហើបឲ្យដឹងថា វិសមិតភាពការងារគយនេះហើយ ដែលធ្វើឲ្យលោក អ៊ុយ កុសល មានលុយឡើងខាប់ដូចទឹកគ្រឿង ហើយសិទ្ធិអំណាច របស់គាត់ពេញដៃ ដែលក្រុមឈ្មួញទាំងតូចទាំងធំ ត្រូវតែឱនលំទោន យកចិត្តយកថ្លើម សឹងថាតំណែងជាមេគយចល័ត នៅទូទាំងប្រទេស មិនបានមួយចម្រៀក នៃអំណាចដ៏មហិមា របស់លោក អ៊ុយ កុសល ផងទេ។ មានការបញ្ជាក់ថា ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទមកពី តាមច្រកព្រំដែន សំដៅចូលមក ចំណុចចុងទី គឺឃ្លាំងស្តុកទំនិញធំៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ ទៅតាមទីផ្សារ ស្ថិតក្រោមការគ្រប់គ្រង យ៉ាងណែនពេញដៃ ពីសំណាក់លោក អ៊ុយ កុសល។
ដូចដែលក្រុមមន្ត្រីមួយចំនួន បានបញ្ជាក់ថា ប្រសិនបើលោក អ៊ុយ កុសល មានឆន្ទៈលុបបំបាត់ អំពើគេចពន្ធ គឺគាត់អាចធ្វើបានដោយជោគជ័យ ព្រោះឃ្លាំងស្តុកទំនិញទាំងអស់ សុទ្ធតែតាំងនៅក្នុង រាជធានីភ្នំពេញ ហើយក្រុមឈ្មួញទាំងតូចទាំងធំ សុទ្ធតែមានទំនាក់ទំនង ចូលបង់លុយជាប្រចាំ ឲ្យជំនាញគយរបស់លោក អ៊ុយ កុសល។ ដូចជាសម្រាប់រថយន្ត ដឹកជញ្ជូនទំនិញមួយគ្រឿង ចូលទៅក្នុងឃ្លាំងចាំបាច់ ត្រូវតែបង់លុយចំនួន ២០០ដុល្លារ ឲ្យជំនាញគយក្រោមបញ្ជាផ្ទាល់ របស់លោក អ៊ុយ កុសល មិនដែលខកខាន ម្តងណាឡើយ បើមិនដូច្នេះទេ លោក អ៊ុយ កុសល នឹងចាប់យក ទំនិញទាំងនោះទៅផាកពិន័យ ឬអាចបង្កបញ្ហាផ្សេងៗ។
មុនពេលដឹកទំនិញ ចូលដល់រាជធានីភ្នំពេញ ក៏ត្រូវឆ្លងកាត់ខេត្តកណ្តាល ហើយក្នុងតួនាទីជាប្រធានសាខាគយខេត្តកណ្តាល លោក អ៊ុយ កុសល ក៏កំពុងសុខស្រួល ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទ ឲ្យប្រមូលលុយពីក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញ យ៉ាងអនាធិបតេយ្យបំផុត ពោលគឺទាំងការដឹកជញ្ជូនទំនិញស្របច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ សុទ្ធតែជាប់កាតព្វកិច្ច បង់លុយជូនលោក អ៊ុយ កុសល មិនអាចមានឈ្មួញណាម្នាក់ គេចផុតបានឡើយ។ ចំពោះតួនាទីជា អនុប្រធាននាយកដ្ឋានវិវាទនិងច្បាប់ ក៏ជាសិទ្ធិអំណាចយ៉ាងពិសេស របស់លោក អ៊ុយ កុសល ក្នុងការដាក់សម្ពាធ ទៅលើជំនាញគយគ្រប់ការិយាល័យ គ្រប់អង្គភាព ដែលបានប្រព្រឹត្តខុស ឬមានពាក្យបណ្តឹង។
ព្រោះតួនាទីជាអនុប្រធាន នាយកដ្ឋានវិវាទនិងច្បាប់នេះ លោក អ៊ុយ កុសល មានសិទ្ធិ ដាក់ពិន័យឬបើកការស៊ើបអង្កេត លើភាពមិនប្រក្រតីណាមួយ ដែលមន្ត្រីគយបានប្រព្រឹត្តខុស។ អាចបញ្ជាក់បានថា តួនាទីទាំង ៣ របស់លោក អ៊ុយ កុសល មានវិសមិតភាពការងារ ក្នុងនាយកដ្ឋានគយនិងរដ្ឋាករ រាប់សិបឆ្នាំមកហើយ បើនិយាយថា គ្មានមន្ត្រីសម្រាប់ជំនួស តំណែងរបស់លោក អ៊ុយ កុសល ក៏មិនត្រឹមត្រូវ ប៉ុន្តែរឿងពិតវាផ្តើមចេញ ពីទេពកោសល្យដែលលោក អ៊ុយ កុសល ចេះប្រមូលផលប្រយោជន៍ ពីអំពើពុករលួយ យកទៅបែងចែកថ្នាក់លើ និងទុកសម្រាប់អភិវឌ្ឍន៍ មុខតំណែងយ៉ាងក្រអឺតក្រទម។
ក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាល បានដាក់វិធានការកែទម្រង់ លើការប្រមូលពន្ធនិ ងលុបបំបាត់ភាពអសកម្ម របស់ជំនាញគយ រឿងចាំបាច់ដែលត្រូវគិតគូរ គឺករណីលោក អ៊ុយ កុសល ដែលកំពុងកាន់តំណែងធំៗចំនួន ៣ម្នាក់ឯង បង្កើតឲ្យមានវិសមិតភាពការងារ ហើយតំណែងទាំង ៣នេះ បាននាំឲ្យលោក អ៊ុយ កុសល មានលុយខាប់ដូចទឹកគ្រឿង ព្រោះគ្រប់ច្រក សុទ្ធតែពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ដែលលោក អ៊ុយ កុសល អាចប្រមូលយកទៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ បើនិយាយភាសាសាមញ្ញ គឺមន្ត្រីគយដែលឃុបឃិត ឲ្យមានបទល្មើស គេចពន្ធធំជាងគេ បំផ្លាញចំណូលថវិកាជាតិ តាមអំពើចិត្ត គឺលោក អ៊ុយ កុសល តែម្តង៕
Source from: watphnom-news.com