ស្ត្រីម៉េម៉ាយដែលរងគ្រោះដោយអគ្គិភ័យ អំពាវនាវដល់សប្បុរសជន រកជំនួយសង់ផ្ទះ

ខេត្តបាត់ដំបង ៖ ស្ត្រីម៉េម៉ាយម្នាក់ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បានអំពាវនាវដល់ សប្បុរសជនរកជំនួយ សម្រាប់សាងសង់លំនៅដ្ឋាន ជ្រកកោនឡើងវិញ ព្រោះបច្ចុប្បន្ននេះ គាត់មានជីវភាពទីទាល់ក្រ គ្មានទីជម្រកទេ បានត្រឹមតែសុំផ្ទះ អ្នកជិតខាងស្នាក់នៅ បណ្តោះអាសន្ន កុំឲ្យត្រូវខ្យល់ត្រូវក្តៅ។
ម្ចាស់ផ្ទះដ៏កម្សត់មានឈ្មោះ និញ ផុន អាយុ ៦៩ឆ្នាំ ជាស្ត្រីម៉េម៉ាយ រស់នៅជាមួយកូនស្រីឈ្មោះ ឆៃ យ៉ាអាយុ ២៧ឆ្នាំ និងកូនប្រសារឈ្មោះ សាន សុភី អាយុ ២៩ឆ្នាំជាគ្រូបង្រៀន នៅភូមិតាគត់ ឃុំតាក្រីស្រុកកំរៀង។ អ្នកទាំងអស់គ្នា រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ហើយផ្ទះដែលឆេះ ខូចខាត ១ខ្នងមានទំហំ ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី និងទ្រព្យសម្បត្តិ មានកុំព្យូទ័រ ១គ្រឿងកង់ ២គ្រឿង អង្ករ ២ការ៉ុង ប្រាក់ ២០ម៉ឺនរៀល ខោអាវចានឆ្នាំង និងឯកសារមួយចំនួន សរុបជាទឹកប្រាក់ចំនួន ២៥០០ដុល្លារ។
ស្ត្រីឈ្មោះ និញ ផុន បានអោយដឹងថា នៅវេលាម៉ោង ៦យប់ថ្ងៃទី២៥ ខែធ្នូ មុនពេលកើតហេតុ ខ្លួនបានដុតទៀន រួចចេញទៅដេកផ្ទះកូនធម៌ នៅក្រោយផ្ទះ ពេលនោះក៏បានផ្តាំកូនស្រី និងកូនប្រសារថា មុននឹងទៅខួបកំណើតគេ ពន្លត់ភ្លើងទៀនផង។លុះដល់ម៉ោង ៨យប់អ្នកជិតខាង ឃើញពន្លឺភ្លើង ជះខ្លាំងស្មានតែខែរះ ក៏ឡើងលើផ្ទះអើតតាមបង្អួច មើលមកឃើញផ្ទះរបស់គាត់ កំពុងឆាបឆេះ ក៏ទូរស័ព្ទហៅគ្នីគ្នាតទុយោបាញ់ទឹកពន្លត់ តែជួយមិនទាន់ រហូតឆេះរាបដល់ដី។
ឈ្មោះ ឆៃ យ៉ា ជាកូនស្រី បានអោយដឹងថា ពេលប្តីឌុបខ្លួន ទៅខួបកំណើតក្មូយថ្លៃ ដោយប្រញាប់ពេក មិនបានចាំបណ្តាំម្តាយ អោយពន្លត់ភ្លើងទៀន ទើបបណ្តាលអោយឆេះ ផ្ទះបែបនេះ។ ស្ត្រីម៉េម៉ាយរងគ្រោះ បានអំពាវនាវដល់ សប្បុរសជនរកជំនួយ សង់លំនៅដ្ឋាន ដើម្បីជ្រកនៅ ព្រោះបច្ចុប្បន្ននេះ គាត់សុំផ្ទះអ្នកជិតខាង ស្នាក់នៅបណ្តោះអាសន្ន។ អជ្ញាធរក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ភ្លើងទៀនភ្លើងធូប ពេលដុតហើយរងចាំ វារលត់អស់ចាំចូលដេក ឬក៏ចេញពីផ្ទះ ព្រោះខែនេះមានកំដៅ និងមានខ្យល់ វាងាយឆាបឆេះខ្លាំងណាស់៕ ដោយ សុខជា
Source from: watphnom-news.com