
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយចាញ់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងមកឈ្មោះ ខឹម វាសនា ដែលល្បីខាងពូកែនិយាយ សម្បូណ៌វោហារតាមវិទ្យុ និងតាមក្បាលមេក្រូឲ្យប្រជាពលរដ្ឋមួយចំនួនជឿទុកចិត្តនោះ ឥឡូវកំពុងប្រឈមនឹងបណ្ដឹងពីបទព្រហ្មទណ្ឌជាហូរហែនៅតុលាការ រឿងបោកប្រាស់ជំពាក់ប្រាក់គេមិនសងផង រឿងបរិហារកេរ្តិ៍ផង រឿងក្លែងព័ត៌មានផង និងរឿងបទប្រមាថផង។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ លោក ខឹម វាសនា ត្រូវប្រឈមនឹងបណ្ដឹងពីបទឆបោក និងពីបទកំហែងយកដោយមានស្ថានទម្ងន់ទោស ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់លោក ឌុក មឿន ជាដើមបណ្ដឹងរដ្ឋប្បវេណីរស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលប្តឹងប្រឆាំងនឹងលោកខឹម វាសនា នេះ លោក ឌុក មឿន ដែលជាដើមបណ្ដឹងបានចូលខ្លួនអមដោយមេធាវីផង ចូលទៅបំភ្លឺការពារលើបណ្ដឹងរបស់ខ្លួនរួចហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមក។
លើសពីនេះទៀត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ លោក ឈឹម ផលវរុណ នាយកវិទ្យាស្ថានពលរដ្ឋវិជ្ជា ដែលគេរិះគន់ខ្លាំងគួរសមនៅក្នុងបណ្តាញសង្គម Facebook នោះក៏បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយប្តឹងប្រឆាំងនឹងលោក ខឹម វាសនា ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទក្លែងព័ត៌មាន និងពីបទប្រមាថ ព្រមទាំងទាមទារសំណងការខូចខាតខាងកិត្តិយស និងជំងឺចិត្តចំនួន១១ម៉ឺនដុល្លារអាមេរិកពីលោក ខឹម វាសនា។
សំណុំរឿងព្រហ្មទណ្ឌ ដែលមានលោក ឈឹម ផលវរុណ ជាដើមបណ្ដឹងរដ្ឋប្បវេណីនេះ គឺតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឲ្យលោក ខឹម វាសនា ជាជនសង្ស័យឲ្យចូលខ្លួនទៅបំភ្លឺតុលាការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១៤ និង៣០នាទីរសៀលខាងមុខ។
សូមបន្តរង់ចាំតាមដានមើលទាំងអស់គ្នាតទៅទៀត តើលោក ខឹម វាសនា មេបក្សចាញ់ឆ្នោត ដែលពូកែវោហារនឹងដោះស្រាយការពារខ្លួនយ៉ាងណាជាមួយបណ្ដឹងព្រហ្មទណ្ឌដែលមានជាហូរហែប្រឆាំងមកលើខ្លួននោះ?៕
Source from: www.dtn7.com