មេបក្ស​ចាញ់ឆ្នោត ខឹម វាសនា មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ជា​ហូរហែ​នៅ​តុលាការ​ក្នុងករណី​ក្លែង​ព័ត៌មាន​ផង និង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​មិន​សង​ផង​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​គណបក្សនយោបាយ​ចាញ់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កន្លងមក​ឈ្មោះ ខឹម វាសនា ដែល​ល្បី​ខាង​ពូកែ​និយាយ សម្បូណ៌​វោហារ​តាម​វិទ្យុ និង​តាម​ក្បាល​មេក្រូ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជឿទុកចិត្ត​នោះ ឥឡូវ​កំពុង​ប្រឈម​នឹង​បណ្ដឹង​ពីបទ​ព្រហ្មទណ្ឌ​ជា​ហូរហែ​នៅ​តុលាការ រឿង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​មិន​សង​ផង រឿង​បរិហារកេរ្តិ៍​ផង រឿង​ក្លែង​ព័ត៌មាន​ផង និង​រឿង​បទ​ប្រមាថ​ផង​។​

កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ លោក ខឹម វាសនា ត្រូវ​ប្រឈម​នឹង​បណ្ដឹង​ពីបទ​ឆបោក និង​ពីបទ​កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​សំណាក់​លោក ឌុ​ក មឿ​ន ជាដើម​បណ្ដឹងរដ្ឋប្បវេណី​រស់នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ប្តឹង​ប្រឆាំងនឹង​លោក​ខឹម វាសនា នេះ លោក ឌុ​ក មឿ​ន ដែលជា​ដើមបណ្ដឹង​បាន​ចូលខ្លួន​អមដោយ​មេធាវី​ផង ចូលទៅ​បំភ្លឺ​ការពារ​លើ​បណ្ដឹង​របស់​ខ្លួន​រួចហើយ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​។​

លើសពីនេះ​ទៀត កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៣ លោក ឈឹម ផល​វរុណ នាយក​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ដែល​គេ​រិះគន់​ខ្លាំង​គួរសម​នៅក្នុង​បណ្តាញ​សង្គម Facebook នោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​ប្តឹង​ប្រឆាំងនឹង​លោក ខឹម វាសនា ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍ បទ​ក្លែង​ព័ត៌មាន និង​ពីបទ​ប្រមាថ ព្រមទាំង​ទាមទារ​សំណង​ការខូចខាត​ខាង​កិត្តិយស និង​ជំងឺ​ចិត្ត​ចំនួន​១១​ម៉ឺន​ដុល្លារ​អាមេរិក​ពី​លោក ខឹម វាសនា​។​

សំណុំរឿង​ព្រហ្មទណ្ឌ ដែលមាន​លោក ឈឹម ផល​វរុណ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​នេះ គឺ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះ​ឲ្យ​លោក ខឹម វាសនា ជា​ជនសង្ស័យ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង​១៤ និង​៣០​នាទី​រសៀល​ខាងមុខ​។​

សូម​បន្ត​រង់ចាំ​តាមដាន​មើល​ទាំងអស់គ្នា​តទៅទៀត តើ​លោក ខឹម វាសនា មេបក្ស​ចាញ់ឆ្នោត ដែល​ពូកែ​វោហារ​នឹង​ដោះស្រាយ​ការពារ​ខ្លួន​យ៉ាងណា​ជាមួយ​បណ្ដឹង​ព្រហ្មទណ្ឌ​ដែលមាន​ជា​ហូរហែ​ប្រឆាំង​មកលើ​ខ្លួន​នោះ​?៕​

6555555543


Source from: www.dtn7.com

No comments:

Post a Comment