រាជរដ្ឋាភិបាលគ្រោងប្តឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាទៅតុលាការដោយសារក្រសួងការងាររាយការណ៍ថាជាសហជីពមិនមានចុះបញ្ជិកា

យោងតាមលិខិតរបាយការណ៍ និងលើកយោបល់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ និងយោងតាមចំណារឯកភាពចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើលិខិតលើកយោបល់របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ រាជរដ្ឋាភិបាលមានគម្រោងប្តឹងលោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា ទៅតុលាការជាសមត្ថកិច្ច ដោយសារក្រសួងការងារចោទប្រកាន់ថា សហភាពសហជីពកម្ពុជា គឺជាសហជីពមិនមានចុះបញ្ជិកាត្រឹមត្រូវតាមច្បាប់ ។
រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍គ្រោងប្តឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ទៅតុលាការជាសមត្ថកិច្ចបែបនេះ គឺអនុលោមតាមស្មារតីលិខិតលេខ២១០២ សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូនឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រៅអំពីការគ្រោងប្តឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ទៅតុលាការជាសមត្ថកិច្ច ពីព្រោះតែសហជីពនេះគ្មានចុះបញ្ជិកាត្រឹមត្រូវនោះ គឺរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញលិខិតព្រមានចំពោះសហជីពចំនួន៥ទៀតឲ្យគោរពតាមសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ និងបញ្ឈប់ការញុះញង់ធ្វើបាតុកម្មជាបន្ទាន់ រួមមាន ៖ ១-សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដឹកនាំដោយលោក អាត់ ធន់, ២-សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ដឹកនាំដោយលោកស្រី ម៉ម ញឹម, ៣-សម្ព័ន្ធសហជីពចលនាកម្មករ ដឹកនាំដោយលោក ប៉ាវ ស៊ីណា, ៤-សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ជា មុនី និង៥-សម្ព័ន្ធសហជីពកម្ពុជា ដឹកនាំដោយលោកស្រី យ៉ាវ សោភ័ណ្ឌ ។ លើសពីនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ក្នុងករណីមិនបញ្ឈប់បាតុកម្ម នឹងចាត់វិធានការព្យួរបញ្ជិកា បើនៅបន្តនឹងលុបចេញពីបញ្ជិកាអង្គការសហជីព ហើយបើនៅតែរឹងរូសនឹងប្តឹងទៅតុលាការ ។
ទាក់ទងនឹងសកម្មភាពធ្វើកូដកម្ម បាតុកម្មរបស់កម្មករ កម្មការិនីនោះ គឺរាជរដ្ឋាភិបាលបានកំណត់ពេលវេលាឲ្យកម្មករ និយោជិតចូលធ្វើការវិញនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ បើអង្គការសហជីពណាដែលបង្កការរំខាន ត្រូវទទួលខុសត្រូវរាល់ផលវិបាកដែលកើតឡើង ។ កម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់ និងចាត់វិធានការចំពោះជនអនាធិបតេយ្យដែលដើរញុះញង់គំរាមកំហែង បង្ខំឲ្យកម្មករឈប់ធ្វើការ និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ និងជួយការពាររោងចក្រឲ្យបើកដំណើរការតាមកាលបរិច្ឆេទកំណត់ ។
នៅទីបញ្ចប់នៃការសម្រេចរបស់រាជរដ្ឋាភិបាល គឺបានបញ្ជាក់ថា ការទាមទារប្រាក់ឈ្នួលអប្បបរមាដំឡើងដល់១៦០ដុល្លារអាមេរិកក្នុង១ខែភ្លាមៗជូនកម្មករ និយោជិត គឺមិនអាចអនុវត្តន៍បានឡើយ ។
សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីការបង្កើតសហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន ហើយកំពុងប្រឈមនឹងរាជរដ្ឋាភិបាលប្តឹងទៅតុលាការ ដោយសារមិនទាន់មានចុះបញ្ជិកាត្រឹមត្រូវនោះ គឺសហភាពសហជីពកម្ពុជាធ្លាប់បានដាក់ពាក្យសុំចុះបញ្ជិកាទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈម្តងជាពីរដងរួចមកហើយ ប៉ុន្តែក្រសួងមិនអនុញ្ញាត ។ លើសពីនេះ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺលោក រ៉ុង ឈុន ក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជា ធ្លាប់បានធ្វើលិខិតផ្លូវការចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៧ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃទំនិញនៅលើទីផ្សារឲ្យមានតម្លៃសមស្រប ហើយត្រូវបានរាជរដ្ឋាភិបាលឆ្លើយតបមកលោក រ៉ុង ឈុន វិញតាមលិខិតលេខ០១សជណ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខាផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាហេតុធ្វើឲ្យថ្នាក់ដឹកនាំសហភាពសហជីពកម្ពុជាយល់ឃើញថា សូម្បីតែប្រមុខរាជរដ្ឋាភិបាលក៏បានទទួលស្គាល់ថា មានអង្គការមួយឈ្មោះ សហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន ទើបរាជរដ្ឋាភិបាលធ្វើលិខិតផ្លូវការឆ្លើយតបមកលោក រ៉ុង ឈុន វិញដូច្នេះ ។ ប៉ុន្តែគួរឲ្យសោកស្តាយ បែរជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នជំនាញធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យសហភាពសហជីពកម្ពុជាចុះបញ្ជិកាតាមច្បាប់ទៅវិញ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលចាប់ផ្តើមប្រើប្រាស់វិធានការក្តៅទៅលើក្រុមសហជីពដែលនាំគ្នាតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមាឲ្យមានតម្លៃសមស្របជូនកម្មករ កម្មការិនី ដើម្បីគិតគូរដល់ជីវភាពដល់កម្មករ ជាបណ្តើរៗហើយៗក៏អាចសន្មតបានថា ស្រមោលបាតដៃទី៣របស់បុរសខ្លាំងចាប់ផ្តើមបញ្ចេញទៅលើតំណាងកម្មករ ដែលមិនស្តាប់តាមការបង្គាប់ ឬការសម្រេចរបស់រាជរដ្ឋាភិបាល ដែលមានបុរសខ្លាំងជានាយករដ្ឋមន្ត្រី ៕
Source from: www.dtn7.com