រណ្តៅដីធំៗនិងមានជម្រៅជិត ៣០ម៉ែត្រជាច្រើនកន្លែងរបស់ឈ្មោះ លាង ក្នុងសង្កាត់ភ្លើងឆេះរទេះ គ្មាននរណាហ៊ានហើបមាត់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានរណ្តៅដីធំៗជាច្រើនកន្លែង ដែលកំពុងធ្វើសកម្មភាព ជីកកាយយកអាចម៍ដីលក់ ដែលមានទំហំរាប់ហិកតា មានជម្រៅប្រមាណ ២០ម៉ែត្រទៅ៣០ ម៉ែត្រជិតដល់ក្បាលប្រេត ដែលមានមេឈ្មួញឈ្មោះ លាង តែម្តងកំពុងធ្វើសកម្មភាព ដោយគ្មានញញើតដល់សមត្ថកិច្ច ពាក់ព័ន្ធណាឡើយ។
រណ្តៅដីធំៗនិងជ្រៅៗទាំងនោះ ស្ថិតនៅក្នុងចំណុច ភូមិជំនាង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ហើយសកម្មភាពបើកការដ្ឋាន ជីកកាយយកអាចម៍ដីលក់ របស់លោក លាង នេះធ្វើទៅបានដោយសារតែ មានការឃុបឃិតពីអាជ្ញាធរ និងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាអ្នកបើកដៃឲ្យផងដែរហើយរណ្តៅដីធំៗទាំងនេះ អាចបង្កឲ្យមានផល ប៉ះពាល់យ៉ាងខ្លាំង ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន ដែលទាមទារឲ្យលោក អភិបាលរាជធានីភ្នំពេញ មេត្តាជួយចុះត្រួតពិនិត្យមើលឡើងវិញ អំពីបញ្ហាដែលកើតមាន នៅក្នុងសង្កាត់ភ្លើងឆេះរទេះ នេះផង។
ប្រភពពីប្រជាពលរដ្ឋ បានបន្តទៀតថា ការបើកការដ្ឋានជីកកាយ យកអាចម៍ដីលក់របស់លោក លាង មានជម្រៅរហូតដល់ ២០ម៉ែត្រទៅ៣០ ម៉ែត្រគឺវាខុសនឹងបច្ចេកទេស ដែលច្បាប់បានកំណត់។ បើតាមការអះអាងរបស់មន្ត្រី សមត្ថកិច្ចជំនាញនៅសាលាខណ្ឌ គឺការដ្ឋានជីកកាយយកអាចម៍ដីលក់ របស់លោក លាង បណ្តាលឲ្យមានរណ្តៅធំៗ វាអាចបង្កឲ្យមានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យខូចខាតដល់ដីស្រែ របស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ ដែលពួកគាត់កំពុងបង្កបង្កើនផល ដូចជាដំណាំស្រូវជាដើម។
ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអ្នកធ្វើដំណើរ តាមផ្លូវជាតិបានរអ៊ូរទាំថា ក្រុមឡានដឹកដីធំៗ របស់លោក លាង បច្ចុប្បន្ននេះកំពុងតែ បង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះបរិស្ថាន និងការធ្វើដំណើរ រួមទាំងការរស់នៅ របស់ប្រជាពលរដ្ឋ ដោយសារតែក្រុមឡានដឹកជញ្ជូនអាចម៍ដីទាំងនោះ ដាក់ពេញហៀរទ្រុង ជ្រុះអាចម៍ដីពេញផ្លូវថ្នល់ បង្កការលំបាកសព្វបែបយ៉ាង ដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង។ ពាក់ព័ន្ធនឹងករណីនេះ កាសែតវត្តភ្នំ បានធ្វើការព្យាយាមទំនាក់ទំនង ទៅលោកអភិបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការបំភ្លឺរាល់បញ្ហា ដែលមានកើតឡើងដូចខាងលើ ក៏ប៉ុន្តែពុំមានប្រភពណា ទំនាក់ទំនងបាននោះទេ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com
No comments:
Post a Comment