សិស្សវិទ្យាល័យកំពង់ស្ពឺ បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បុកគ្នាដូចរន្ទះរបួសធ្ងន់ស្រាល ៣នាក់

ខេត្ដកំពង់ស្ពឺ ៖ ម៉ូតូពីរគ្រឿង បានបោលបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅមុខវិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បណ្តាលអោយ សិស្សសាលាម្នាក់ និងភាគីម៉ូតូម្ខាងទៀត រងរបួសជាទម្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
មុនពេលកើតហេតុ ម៉ូតួមួយគ្រឿង ស៊េរីឆ្នាំ២០១៤ ជិះម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ សិស្សសាលាមួយគ្រឿងទៀត ដែលទើបចេញ ពីសាលាជិះឆ្លងផ្លូវ ក៏ជ្រុលទៅបុកគ្នាលាន់ដូចរន្ទះ បណ្តាលអោយ ជនរងគ្រោះទាំងសងខាង រងរបួសដេករដូករណែលពេញផ្លូវ។ អាចចាត់ទុកជាសំណាងហើយ ដែលអំឡុងពេលកើតហេតុ មិនមានរថយន្តធុនធំ បើកកាត់ទីនោះ។
យ៉ាងណាក៏ដោយ ភាគីសិស្សសាលា ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១E-១៩៥៤ ជិះឆ្លងផ្លូវពីជើងទៅត្បូង មិនត្រូវបានស្គាល់ អត្តសញ្ញាណទៅឡើយទេ រងរបួសបាក់និងបែកកជើងឆ្វេង។ ចំណែកភាគីម្ខាងទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BQ-៧១៦២ មានឈ្មោះ ឆ្លាត រដ្ឋា អាយុ ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ រងរបួសជាទម្ងន់ មិនសង្ឃឹមរស់៕
Source from: watphnom-news.com
No comments:
Post a Comment