ឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ រំដោះបាននាងៗ ៤នាក់អប់រំឲ្យទៅផ្ទះវិញ

ខេត្ដកណ្ដាល ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល បានឃាត់ខ្លួនមេខ្យល់ជួញដូរ មនុស្សឆ្លងដែន ខុសច្បាប់ម្នាក់ កាលពីវេលាម៉ោង ១៣និង៣០ នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ១ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ដោយបានរំដោះ នារីរងគ្រោះ ៤នាក់ដែលមេខ្យល់អូសទាញ បម្រុងនាំទៅ ប្រទេសក្រៅដោយខុសច្បាប់ ។
មេខ្យល់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ លី បូណា រ៉ាន់ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្ដកណ្ដាល មិនមែនជាមេខ្យល់ធំ ក្នុងការនាំមនុស្សឆ្លងដែន ខុសច្បាប់នោះទេ គ្រាន់តែជាអ្នកនាំនារីរងគ្រោះ ឱ្យទៅបំពេញឯកសារ និងជួបជាមួយមេខ្យល់ធំ ដែលមានឈ្មោះឈិត សារឹម ភេទស្រី អាយុ ៤៩ឆ្នាំ ប្ដីឈ្មោះទេព ប៊ុនធឿន អាយុ ៥០ឆ្នាំ មានទីលំនៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ដោយឡែក នារី ៤នាក់ទៀតដែល សមត្ថកិច្ចរំដោះរួចផុត ពីការជួញដូរនោះ រួមមាន ១-ឈ្មោះ ខុម ពៅ ហៅស្រីទូច អាយុ ៣០ឆ្នាំ កាន់ប៉ាស្ព័រលេខ១៦០៣៤៤២ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ផុតកំណត់ ឆ្នាំ២០១៦ ២-ឈ្មោះ សុទ្ធ ចាន់ថា ភេទស្រី អាយុ ១៩ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ ១៦០៥៧៤២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ ផុតកំណត់ឆ្នាំ២០១៦ ទាំងពីរនាក់នេះ មានទីលំនៅភូមិវាលធំ ឃុំពាមឧកញ៉ា អុង ស្រុកល្វាឯម ខេត្ដកណ្ដាល។
៣-ឈ្មោះ ផល សុខជា អាយុ ២៥ឆ្នាំ កាន់ប៉ាស្ព័រ N1600221 ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ផុតកំណត់ ឆ្នាំ២០១៦ មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្ដកណ្ដាល និងទី៤-ឈ្មោះ ឡេង ស៊ីណាត តែឈ្មោះនៅក្នុងប៉ាស្ព័រ ឡេង សាវី អាយុ ២៥ឆ្នាំ កាន់ប៉ាស្ព័រលេខ N1600222 ចុះថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១៣ ផុតកំណត់ ឆ្នាំ២០១៦ ។ នារីទាំង ៤នាក់នេះ ត្រូវបានសមត្ថកិច្ចអប់រំ ទើបបញ្ជូនឱ្យទៅផ្ទះវិញ កុំឱ្យចាញ់បោកការឃោសនា របស់មេខ្យល់តទៅទៀត៕
Source from: watphnom-news.com