បុរសខ្លាំងបញ្ចេញថ្វីមាត់ពិតនិយាយភាសាវៀតណាមជាមួយមហាមិត្តម៉ឺនឆ្នាំបោះបង់ភាសាជាតិចោលក្នុងធុងសំរាម(មានវីដេអូ)

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នៅប្រទេសវៀតណាម ដែលជាប្រទេសមហាមិត្តម៉ឺនឆ្នាំ នាថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៣ បុរសខ្លាំងបានបញ្ចេញថ្វីមាត់ផ្ទាល់ និងពិតៗរបស់ខ្លួន ដោយនិយាយភាសាវៀតណាមផ្សាយតាមទូរទស្សន៍វៀតណាម បោះបង់ចោលភាសាខ្មែរ បង្កឲ្យមានការភ្ញាក់ផ្អើលផង កោតសរសើរផង និងងហួសចិត្តផង ខណៈដែលបុរសខ្លាំងចូលប្រជុំនៅអង្គការសហប្រជាជាតិ ឬនៅបណ្តាប្រទេសដទៃទៀត តែងប្រើប្រាស់ភាសាខ្មែរជាប់ជាប្រចាំ ។
ភាសានិងអក្សរត្រូវបានចាត់ទុកជាអង្គឯករាជ្យរបស់ប្រទេសនីមួយៗ ។ លើសពីនេះ មាត្រា៥នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងដែរថា "ភាសានិងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ។ " ដូច្នេះ ការណ៍ដែលថ្នាក់ដឹកនាំប្រទេសចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសដទៃទៀត ទោះចេះ ទោះមិនចេះភាសាអន្តរជាតិ ដូចជា អង់គ្លេស ឬបារាំងក៏ដោយ ហើយប្រើភាសាជាតិរបស់ប្រទេសខ្លួនផ្ទាល់ តាមរយៈការបកប្រែបន្ត គឺមិនមែនជាកំហុសឆ្គងទេ និងក៏មិនមែនជាបញ្ហាត្រូវរិះគន់អ្វីដែរ ។
ប៉ុន្តែអ្វីដែលបានក្លាយជាបញ្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺបុររសខ្លាំងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់តែប្រើប្រាស់ភាសាខ្មែរសម្រាប់ចូលរួមប្រជុំជាមួយបណ្តាប្រទេសដទៃ រួមទាំងប្រជុំនៅអង្គការសហប្រជាជាតិផង បែរជាបាននិយាយភាសាវៀតណាមយ៉ាងហំហានដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាមជាមហាមិត្តម៉ឺនឆ្នាំតែម្តង បោះបង់ភាសាជាតិខ្មែរចោលទៅក្នុងធុងសំរាម ដើម្បីថ្លែងរៀបរាប់អំពីប្រវត្តិ និងការដឹងគុណចំពោះប្រទេស និងកងទ័ព ព្រមទាំងប្រជាជនវៀតណាមដែលបានជួយរំដោះប្រទេសកម្ពុជាពីរបបវាលពិឃាត ប៉ុល ពត ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលបុរសខ្លាំងប្រើប្រាស់ភាសាខ្មែរ មិននិយាយភាសាអង់គ្លេស ឬភាសាបារាំងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ឬកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាផ្សេងទៀតកន្លងមក ក្រៅពីប្រជាពលរដ្ឋខ្មែរបានដឹងថា បុរសខ្លាំងមិនសូវចេះ ឬមិនចេះភាសាអង់គ្លេស ឬភាសាបារាំង គឺប្រជាពលរដ្ឋយល់ថា ទំនងជាបុរសខ្លាំងលើកតម្កើងតម្លៃភាសា និងអក្សរខ្មែរ ដែលជាភាសានិងអក្សរជាតិសម្រាប់ប្រើជាផ្លូវការ ដូចរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងគួរ្ឲ្យកោតសរសើរ ប៉ុន្តែឥឡូវនេះ បុរសខ្លាំងបែរជានិយាយភាសាវៀតណាមជាមួយប្រទេសមហាមិត្តវៀតណាមម៉ឺនឆ្នាំ បោះបង់ភាសាជាតិចោលក្នុងធុងសំរាម ទើបបានក្លាយជាព័ស្តុតាងបង្ហាញយ៉ាងច្បាស់លាស់ថា បុរសខ្លាំងគ្មានមនសិការលើកតម្កើងតម្លៃភាសាជាតិដែលជាអង្គឯករាជ្យរបស់ខ្មែរឡើយ ហើយក៏បានបង្ហាញទៀតថា បុរសខ្លាំងផ្តល់តម្លៃនិងលើកតម្កើងភាសាវៀតណាមឲ្យខ្ពង់ខ្ពស់ជាងភាសាជាតិខ្មែរ ៕
Source from: www.dtn7.com