
ការប្រឹងប្រែងស្វែងរកចំណូលពន្ធគយបង់ចូលថវិការដ្ឋ គឺជាសមត្ថកិច្ច និងជាគុណសម្បត្តិរបស់មន្ត្រីគយនិងរដ្ឋាករ ប៉ុន្តែក៏តម្រូវឲ្យមន្ត្រីគយនិងរដ្ឋាករទាំងអស់អនុវត្តន៍ការប្រមូលពន្ធគយ ស្របទៅតាមច្បាប់ស្តីពីគយនៃព្រះរាជាណាចក្រកម្ពុជា តារាងកំណត់ពន្ធគយ និងរូបភាពនៃការបង់ពន្ធគយឲ្យមានតម្លាភាព និងយុត្តិធម៌ផងដែរ ពោសគឺមិនមែនអនុវត្តន៍រូបមន្តលើកផែនការប្រមូលចំណូលប្រចាំឆ្នាំទាប និងស្វែងរកចំណូលដាក់ហោប៉ៅជាប្រចាំ ធ្វើជាអ្នកមានបានគ្រប់ៗគ្នា តាមវិធីគាបសង្កត់ឈ្មួញដែលមិនមែនបក្ខពួករបស់ខ្លួនឲ្យក្តៅក្រហាយនោះឡើយ ។
និយាយអំពីរបៀបរបបនិងល្បិចរកលុយក្រៅប្រព័ន្ធ ដើម្បីប្រមូលដាក់ហោប៉ៅចែកគ្នារបស់ទីស្នាក់ការគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលដឹកនាំដោយលោក ឈួន ហៃ គឺមានវិធីសំខាន់ៗចំនួន៣ដូចខាងក្រោម ៖
១-បើកដៃឲ្យស្ត្រីម្នាក់ឈ្មោះ ថោង គឹមឡេង ដែលស្និទ្ធនឹងមេគយខេត្តបន្ទាយមានជ័យ ឈ្មោះ ថោង សុខាំភូ ដើរតួជាអ្នករត់ការបង់ពន្ធគយ ចំពោះក្រុមហ៊ុននាំទំនិញចូលនានាតាមច្រកអន្តរជាតិប៉ោយប៉ែត ដោយបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ស្ត្រីរូបនោះ ។ ប៉ុន្តែស្ត្រីឈ្មោះ ថោង គឹមឡេង ក៏ល្បីឈ្មោះដែរថា ធ្វើការមិនទទួលខុសត្រូវ ពោលគឺយកលុយពីក្រុមហ៊ុននាំទំនិញចូលហើយៗធានាអះអាងថា រត់ការបង់ពន្ធគយត្រឹមត្រូវរួចរាល់នោះ បែរជាពេលទំនិញនាំចូលមកត្រូវបានក្រុមមន្ត្រីគយចល័តតាមឃាត់ចាប់ និងតម្រូវឲ្យបង់ពន្ធផាកពិន័យតាមរូបភាពនៃបទល្មើសគយទៅវិញ ធ្វើឲ្យមជ្ឈដ្ឋានអ្នកជំនួញសង្ស័យថា ក្រុមគយប៉ោយប៉ែតរួមដៃគ្នាជាមួយស្ត្រីឈ្មោះ ថោង គឹមឡេង "គាបស៊ី" លើអ្នកនាំទំនិញចូល ។
ឧទាហរណ៍ ក្រុមហ៊ុនហ្វីកាតាក់ អ៊ិចស្ព្រេស ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់ជប៉ុននាំចូលស្បែកជើងមកពីប្រទេសថៃនោះ ក៏ធ្លាប់ត្អូញត្អែររអ៊ូររទាំ និងភ្ញាក់ផ្អើលចំពោះអំពើមិនទទួលខុសត្រូវរបស់ស្ត្រីឈ្មោះថោង គឹមឡេង ដែរ ដោយក្រុមហ៊ុនបានអះអាងថា បានបង់ពន្ធគយត្រឹមត្រូវរួចរាល់ហើយ តាមរយៈស្ត្រីឈ្មោះ ថោង គឹមឡេង ប៉ុន្តែពេលទំនិញនាំចូលមក ស្រាប់តែគយចល័តចាប់ផាកពិន័យទំនិញស្បែកជើងថា ជាបទល្មើសគយចំនួនជាង៦.០០០ដុល្លារអាមេរិកទៅវិញ កាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក ។
២-ផ្តល់សិទ្ធិអាទិភាពដល់ក្រុមហ៊ុនមួយឈ្មោះ កម្ពុជា អង្គរអ៊ិចស្ព្រេស លើការដឹកជញ្ជូនទំនិញសព្វសារពើដែលនាំចូលតាមច្រកប៉ោយប៉ែតមករាជធានីភ្នំពេញ ដោយបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ក្រុមហ៊ុននេះ តែបើក្រុមឈ្មួញជ្រែទំនិញជ្រើសយកក្រុមហ៊ុនដឹកជញ្ជូនផ្សេង ក្រៅពីក្រុមហ៊ុនកម្ពុជា អង្គរអ៊ិចស្ព្រេសនោះ គឺក្រុមមន្ត្រីគយនឹងធ្វើការកោសរូសគាបសង្កត់ឲ្យបង់លុយមុខក្រោយឥតឈប់ឈរ ដោយគ្មានចេញវិក្កយបត្របញ្ជាក់ឡើយ ។ មានន័យថា ក្រុមហ៊ុនកម្ពុជា អង្គរអ៊ិចស្ព្រេស សឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់មន្ត្រីគយច្រកទ្វារប៉ោយប៉ែតទៅហើយ ដើម្បីបានផលប្រយោជន៍ចែកគ្នា ។
៣-ក្រៅអំពីឈ្មួញអ្នកជ្រែទំនិញចំនួន៣នាក់ដែលស្និទនឹងក្រុមមន្ត្រីគយច្រកទ្វារប៉ោយប៉ែត គឺក្រុមឈ្មួញជាង១០នាក់ទៀត បានទទួលរងការគាបសង្កត់មិនស្វាងពីក្រុមមន្ត្រីគយទាំងនោះ ដើម្បីឲ្យបង់លុយក្រៅប្រព័ន្ធច្រើនលើសលប់ជាងការបង់ពន្ធតាមអត្រាកំណត់របស់រដ្ឋទៅទៀត ។
ក្រុមឈ្មួញជ្រែទំនិញដែលគ្មានបក្ឋពួកជាមួយមន្ត្រីគយ បានឲ្យដឹងថា ការនាំទំនិញស្បែកជើងពីថៃមកមួយការ៉ុង ទម្ងន់៣០គីឡូក្រាមទៅ៤០គីឡូក្រាម ត្រូវម៉ៅថ្លៃដឹកអស់ចំនួន២០.០០០រៀល និងត្រូវបង់ឲ្យគយអស់ចំនួន១៥.០០០រៀល ក្នុងមួយការ៉ុង ។ ក្នុងមួយរទេះអាចដឹកបានចំនួន២២ការ៉ុង ដោយគយតម្រូវទុកឲ្យសល់ចំនួន២ការ៉ុង សម្រាប់សេវាកម្មករ ។ ការបង់ពន្ធគយផ្លូវការ គឺទំនិញតូចតាចត្រូវបង់ចំនួនពី២លានរៀលទៅ៣លានរៀលក្នុង១ខែ និងក្នុងម្នាក់ៗ តែការបង់ក្រៅផ្លូវការ ឬបង់ក្រៅប្រព័ន្ធមានចំនួន២លានរៀលទៅ៥លានរៀលក្នុង១សប្តាហ៍ និងបើប្រភេទទំនិញអាល្អៗ និងច្រើនក៏ត្រូវបង់ច្រើនជាងនេះទៀត ។
ក្រុមឈ្មួញរកស៊ីជ្រែទំនិញនាំចូលតាមច្រកប៉ោយប៉ែត ដែលភាគច្រើនមិនមែនជាបក្ខពួកមេគយប៉ោយប៉ែតឈ្មោះ ឈួន ហៃ និងមេគយខេត្តបន្ទាយមានជ័យ ឈ្មោះថោង សុខាំភូ សំណូមពរឲ្យឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករ មេត្តាត្រួតពិនិត្យនិងមានវិធានការទៅលើអំពើរបស់មេគយ ឈួន ហៃ និងមេគយ ថោង សុខាំភូ ផង៕
Source from: www.dtn7.com