
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពីបទទម្លាក់យោង ដោយយកគ្រាប់កង់ ឆបោកយកគ្រឿងអលង្ការ ពីនារីម្នាក់អស់រលីងពីខ្លួន តែក្រោយពីធ្វើសកម្មភាព បានជាង ២ម៉ោងក៏ត្រូវសមត្ថកិច្ច ប៉ូលិសខណ្ឌទួលគោកសហការជាមួយជនរងគ្រោះ ចាប់បាននិងដកហូត គ្រឿងអលង្ការ មកវិញដែរ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី០២ ខែធ្នូ នៅក្នុងប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យមានឈ្មោះ សួន ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១១១ ផ្លូវ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មានឈ្មោះ យិន បុប្ផា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបររត់តុ នៅភោជនីយដ្ឋានពីរ៉ាមីត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នេះអាចចាត់ទុកថា សំណាងហើយដែលសមត្ថកិច្ច តាមចាប់ជនល្មើសបាន ដោយដកហូតគ្រឿងអលង្ការ និងទ្រព្យសម្បត្តិមកវិញ។
ប៉ូលិសបានដកហូតវត្ថុតាងមួយចំនួន ក្នុងនោះរួមមាន កូនកាបូបដាក់គ្រាប់កង់ ១ថង់ ខ្សែកកាឡៃជ្រលក់ទឹកមាស មួយខ្សែ ដែលជាឧបករណ៍ សំរាប់ប្រើប្រាស់ ក្នុងសកម្មភាព ឆបោកនារីរងគ្រោះ។ ខ្សែកប្លាទីនទម្ងន់ ១ជី កងដៃប្លាទីន ១ជី កងដៃប្លាទីន មានកណ្តឹងចំនួន ២ ចិញ្ចៀនប្លាទីន ២វង់ ទូរស័ព្ទ ១គ្រឿង កាបូបលុយមួយ ដែលមានលុយខ្មែរជាង ១ម៉ឺនរៀល លុយដុល្លារ ៨០ដុល្លារ ប្រាក់បាត ២០បាត អត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួននារីរងគ្រោះ មួយសន្លឹក ប័ណ្ណសំគាល់ខ្លួន ជានិស្សិតមួយសន្លឹក(ជារបស់ជនរងគ្រោះ)។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅ ផ្សារដីហុយដើម្បីទិញម្ហូបអាហារ ពេលចូលដល់ក្នុងផ្សារនោះ ក៏ស្រាប់តែមានជនសង្ស័យ ៣នាក់ ប្រុសម្នាក់ស្រី ២នាក់ដើរមកក្បែរជនរងគ្រោះ ហើយធ្វើជារើសបានខ្សែកមាស មួយខ្សែនៅចំពោះមុខ ជនរងគ្រោះ ក្នុងខណៈ នោះក្រុមល្មើសប្រាប់មក ជនរងគ្រោះថា កុំអោយប្រាប់គេ ចាំយើងចែកខ្សែកនេះគ្នា។ នៅពេលនិយាយត្រូវគ្នាហើយនោះ ក្រុមល្មើសបានបបួល ជនរងគ្រោះមកកន្លែងស្ងាត់ និងអោយជនរងគ្រោះ ដោះគ្រឿងអលង្ការ ពីខ្លួនរួមនឹងកាបូបលុយ ទូរស័ព្ទទៅពួកគេជាថ្នូរ និងកាបូបដែលមានគ្រាប់កង់។
ក្រោយពីធ្វើសកម្មភាព បានសំរេចហើយ ក្រុមល្មើសបានឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោល ហើយនារីរងគ្រោះនៅពេលបើកកាបូប ដែលក្រុមជនល្មើសអោយ ឃើញសុទ្ធតែគ្រាប់កង់ ក៏បានរត់មកប្តឹងប៉ូលិសអោយជួយភ្លាមៗផងដែរ។ ចំណែកសមត្ថកិច្ចប៉ូលិស ខណ្ឌទួលគោក ពេលទទួលបានបណ្តឹង ពីនារីរងគ្រោះហើយនោះ ក៏បានសហការជាមួយជនរងគ្រោះ រហូតតាមមកចាប់ ជនសង្ស័យបាន នៅចំណុចខាងលើតែម្តង៕
Source from: watphnom-news.com