ផឹកស៊ីស្រវឹងនាំគ្នាជិះម៉ូតូទៅបុកឡាន ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់ ទាំងកណ្តាលថ្ងៃត្រង់

ខេត្តស្វាយរៀង ៖ បុរស ៣នាក់បានជួបជុំគ្នា ផឹកស៊ីស្រវឹងជោកជាំ ហើយនាំគ្នាជិះម៉ូតូ សង់កូរ៉េ ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកឡានតូរីស កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយ ផ្លូវជាតិលេខ១៣ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់និងរងរបួសម្នាក់
ជនរងគ្រោះដែលបានស្លាប់ រួមមាន ១-ឈ្មោះ ប៊ុន រាជ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិជុំ ឃុំថ្នាធ្នង់ ស្រុករំដួល ទី២-ឈ្មោះ ផុន សាភឿន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិជុំ ឃុំថ្នាធ្នង់ ស្រុករំដួល និងម្នាក់ទៀតឈ្មោះ អុក រតនៈ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅក្នុងភូមិ បុស្សផ្លាំង ឃុំបុស្សមន ស្រុករំដួល គ្រាន់តែរងរបួស។
សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីអ្នកបើកបរ ស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំ ម្យ៉ាងវិញទៀតបើកបរ មិនប្រកាន់ស្តាំ ទើបបណ្តាលអោយ ម៉ូតូជ្រុលទៅបុក រថយន្តប៉ែកខាងស្តាំ។ មុនកើតហេតុ គេបានឃើញយុវជន ៣នាក់នាំគ្នាផឹកស៊ី នៅក្រុងស្វាយរៀង លុះម៉ោង ១២ថ្ងៃត្រង់ ពួកគេបានស្រវឹងជោកជាំ ហើយក៏នាំគ្នាជិះម៉ូតូ ឌុបគ្នាទៅផ្ទះវិញ។
លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយ រថយន្តតូរីសដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ផ្លោងទៅបុកជាមួយ កញ្ចក់ឡានខាងមុខ បែកផុងជាប់ក្បាល ហើយម៉ូតូ ត្រូវរថយន្តកិនជាប់ពីក្រោម។ ចំណែក ២នាក់ទៀតដែលជិះពីក្រោយ បានខ្ទាតចូលក្រោមឡាន សន្លប់ស្តូកស្តឹង ឈាមហូរពេញថ្នល់៕
Source from: watphnom-news.com