ខំធ្វើការសំណង់សន្សំលុយទិញមាស ត្រូវស្ត្រី ២នាក់ដាក់ថ្នាំសណ្តំយកអស់ជាង ២ជី

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ ដាក់ថ្នាំសណ្តំ ដោះយកគ្រឿងអលង្ការ ហើយបានឈរយំសស្រាក់ នៅមុខវត្តធុតង្គចំការដូង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៤៤ នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣នៅចំណុចផ្លូវលេខ២១៧ ទល់មុខវត្តធុតង្គចំការដូង ក្នុងភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ប៊ុត រ៉ានី អាយុ ២១ឆ្នាំ ជាកម្មការិនី មានស្រុកកំណើត នៅភូមិចាម ឃុំត្របែក ស្រុកព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ការដ្ឋានសំណង់ក្នុងភូមិថ្មី។ ស្ត្រីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ នាងបានដើរទៅផ្សារថ្នល់បត់ ដើម្បីទិញម្ហូប នៅពេលនោះក៏មានស្ត្រី ២នាក់ ម្នាក់រាងធាត់ និងម្នាក់ទៀតរាងស្គម ដើរមកទះស្មារបស់នាង ធ្វើឲ្យនាងវង្វេងវង្វាន់ បាត់បង់ស្មារតី។
ពេលនោះស្ត្រីជាជនល្មើស បាននាំនាងដើរសំដៅ ទៅមុខសាលាកសិកម្មចំការដូង ដោះយកគ្រឿងអលង្ការរបស់នាង រួមមានក្រវិលមាស ១គូ ទម្ងន់ ៥ហ៊ុន និងខ្សែកមាស ២ជី រួចហើយស្ត្រីទាំង ២នាក់នោះ បានដឹកនាងមកដាក់ នៅមុខវត្តធុតង្គចំការដូងនេះ ទើបដើរទៅទិសត្បូងបាត់ទៅ។ ក្រោយពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ ទៅប្តឹងនៅស្នាក់ការ ប៉ុស្តិ៍រដ្ឋបាលដង្កោ ដើម្បីស្រាវជ្រាវតាមរកចាប់ខ្លួនស្ត្រីជនល្មើស នាំមកផ្តន្ទាទោស៕
Source from: watphnom-news.com
No comments:
Post a Comment