សមត្ថកិច្ចជលផលខេត្តបាត់ដំបង ខ្វះខាតមធ្យោបាយនិងកម្លាំង សម្រាប់បង្ក្រាបបទល្មើស

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជលផល ដែលមានភារកិច្ច ចុះបង្ក្រាបទីតាំង បទល្មើសនេសាទ នៅតាមដែននេសាទ ដងស្ទឹងទន្លេ បានជួបបញ្ហាប្រឈមជាច្រើន ដោយសារខ្វះថវិកា និងធនធានមនុស្ស បណ្តាលឲ្យជនអនាមិក ហ៊ានគំរាមកំហែង និងប្រមូលផ្តុំក្រុមជនល្មើស ហុំព័ទ្ធប្រឆាំងរារាំង មន្ត្រីសមត្ថកិច្ចមិនអោយ រុះរើសឧបករណ៍នេសាទខុសច្បាប់ ទាំងនោះទៀតផង។
លោក ជួង សុភា នាយខ័ណ្ឌជលផល ខេត្តបាត់ដំបង បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទ ជួបការប្រឈម ដូចជាបទល្មើសនេសាទ នៅតែមានប្រព្រឹត្តលួចលាក់ នៅតំបន់ព្រៃជ្រៅ។ នៅមានការលួចលាក់ចិញ្ចឹមត្រីឆ្តោរ នៅឃុំព្រៃចាស់ ស្រុកឯកភ្នំ និងនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ និងព្រំប្រទល់ភូមិដូនទ្រី ត្រង់ចំណុចចំការកុង ឃុំកកោះ ស្រុកមោងឬស្សី ហើយជនប្រព្រឹត្តបទល្មើស មានបណ្តាញផ្តល់ព័ត៌មាន គ្រប់ច្រកល្ហកធ្វើអោយពិបាក ក្នុងការទប់ស្កាត់និងបង្ក្រាប។
មានបញ្ហាជាច្រើនទៀតដូចជា គណៈកម្មការសហគមន៍នេសាទ នៅតែមានការភ័យខ្លាចរអា ដោយសារតែកន្លងមក តែងទទួលរងនូវការគំរាមកំហែង ពីសំណាក់ជនអនាមិក។ ជនល្មើសបានប្រមូលផ្តុំគ្នា ហុំព័ទ្ធប្រឆាំងរារាំង មន្ត្រីមានសមត្ថកិច្ច មិនអោយរុះរើឧបករណ៍ នេសាទខុសច្បាប់។ កង្វះខាតមន្ត្រីបំពេញការងារ ក្នុងខណ្ឌរដ្ឋបាលជលផលបាត់ដំបង ទាំងផ្នែករដ្ឋបាល និងកិច្ចការជំនាញ។ កង្វះខាតមធ្យោបាយ ដូចជាទូកកាណូត ម៉ូតូសម្រាប់ ប្រតិបត្តិការ និងស្នាក់ការ ថវិការនិងប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ សកម្មភាពអប់រំ និងផ្សព្វផ្សាយច្បាប់ និងបច្ចេកទេសវារីវប្បកម្ម ដល់សហគមន៍មូលដ្ឋាន។
លោក ជួង សុភា នាយខណ្ឌជលផល ខេត្តបាត់ដំបង បានសំណូមពរដល់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ជួយផ្តល់នូវប្រេងឥន្ធនៈថវិកា និងមធ្យោបាយសម្រាប់ ចុះបង្ក្រាបបទល្មើសជលផល។ សូមផ្តល់មន្ត្រីបន្ថែមទាំងក្នុង និងក្រៅជំនាញ ដើម្បីសម្របសម្រួល និងបំពេញការងារ ទូទៅក្នុងខណ្ឌ និងសូមមេត្តាបង្កើន ឬផ្តល់ឱកាសបន្ថែម ដល់មន្ត្រីខណ្ឌអោយបាន ចូលរួមវគ្គបំពាក់បំប៉នផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ក្នុងការបំពេញការងារ ឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕ ដោយ សុខជា
Source from: watphnom-news.com
No comments:
Post a Comment