ដេប៉ូប្រមូលទិញឈើខុសច្បាប់របស់ចែម៉ាប់ នៅចំណុច១១៥ និងការដឹកឈើទៅស្រុកយួន តាមច្រកជោះជ្រៅ គ្មាននរណាហ៊ានប៉ះពាល់

ខេត្តក្រចេះ ៖ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មិនដឹងជាទទួលបាន ផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗពីមេឈ្មួញ ដឹកជញ្ជូនឈើដុះស្លែម្នាក់ឈ្មោះ ចែម៉ាប់ ដែលបានបង្កើតទីតាំង ប្រមូលទិញឈើ និងស្តុកឈើខុសច្បាប់សម្រាប់នាំចេញទៅស្រុកយួន ត្រង់ចំណុច១១៥ ក្នុងភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ចូលពីផ្លូវជាតិលេខ៦អា ប្រមាណ១០០ម៉ែត្រ។ សូម្បីលោក គន់ ងីម ជាប្រធានដែនជម្រកសត្វព្រៃស្នួល មានភារកិច្ចគ្រប់គ្រងតំបន់នោះ ក៏មិនដែលហ៊ានហើបមាត់ម្តងណាឡើយ នាំឲ្យប្រជាពលរដ្ឋរិះគន់ថា តួនាទីជាមន្ត្រីបរិស្ថាន គ្រប់គ្រងដែនជម្រកសត្វព្រៃស្នួលនេះ លោក គន់ ងីម អាចធ្វើអ្វីៗបានតាមអំពើចិត្ត មិនដែលខ្វល់ខ្វាយ ពីបទបញ្ជារបស់ថ្នាក់លើ ក្នុងការបង្ការបង្ក្រាប បទល្មើសកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ ម្តងណាឡើយ។
សេចក្តីរាយការណ៍ពីស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទីតាំងស្តុកឈើខុសច្បាប់ របស់ចែម៉ាប់ នៅចំណុច១១៥ នោះ កំពុងប្រមូលទិញឈើ ពីប្រជាពលរដ្ឋដែលចូលទៅ កាប់បំផ្លាញក្នុង ដែនជម្រកសត្វព្រៃស្នួល ហើយក៏មានការប្រមូលទិញ ពីឈ្មួញតូចតាចមួយចំនួន ដែលដឹកជញ្ជូនមកពី ខេត្តស្ទឹងត្រែង ឬខេត្តមណ្ឌលគិរី ផងដែរ។ ទីតាំងស្តុកឈើទ្រង់ទ្រាយធំ របស់ចែម៉ាប់ បានប្រមូលឈើដឹកជញ្ជូន ទៅលក់នៅស្រុកយួន គ្មានក្រែងញញើត ពីការរឹតបន្តឹងរបស់អាជ្ញាធរ មានសមត្ថកិច្ចនោះទេ ព្រោះចែម៉ាប់ គិតឃើញថា អំណាចលុយរបស់គាត់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត ឲ្យតែមានលុយទិញទឹកចិត្តមន្ត្រីជំនាញ និងសមត្ថិកិច្ចពាក់ព័ន្ធធ្វើអ្វីក៏បាន គ្មាននរណាហ៊ានក្អកទេ។
សេចក្តីរាយការណ៍បានបន្តទៀតថា ចែម៉ាប់ បានក្លាយជាឈ្មួញមានឥទ្ធិពល ព្រោះគាត់ចេះស្ពាយលុយ យកទៅបង់ជូនមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទើបគ្មាននរណាទៅក្បែរទីតាំងស្តុកឈើ ឬដេប៉ូរបស់គាត់ ដែលមានសកម្មភាព ដឹកជញ្ជូនឬប្រមូលទិញលក់ តាំងពីប្រភេទឈើលេខ១ ឈើលេខ២ ឈើគ្រញូង និងប្រភេទឈើប្រណីត។ ជាទៀងទាត់ គេដឹងថា ចែម៉ាប់ បានដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកជ្រោះជ្រៅ ស្ថិតនៅតាមច្រកចូលនៃផ្សារ កាបី ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលនៅទីនោះ មានសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួល យ៉ាងរលូនល្អបំផុត មិនដែលមានផលរមាស់អ្វីឡើយ។
រូបភាពជាក់ស្តែង គេសង្កេតឃើញ ចែម៉ាប់ បានជ្រែងជើងចាំប្រមូលទិញ ឈើខុសច្បាប់ ដែលដឹកជញ្ជូនមកពីគ្រប់ទិសទី សូម្បីតែទីតាំងដេប៉ូលក់ឈើ ឬកន្លែងស្តុកឈើរបស់គាត់ ក៏គ្មានលិខិតអនុញ្ញាតត្រឹមត្រូវនោះដែរ ប៉ុន្តែមិនដែលមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាមួយ ហ៊ានចុះទៅសួរនាំ ឬបង្ក្រាបនោះទេ។ ជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ឃ្សឹម លោក ទេព គន្ធពិដោរ សង្ស័យទទួលបាន ផលប្រយោជន៍ ច្រើនក្រាស់ក្រែល ពីចែម៉ាប់ ទើបគាត់មិនដែលហ៊ានហើបមាត់ រួចគាត់ទម្លាក់ការទទួលខុសត្រូវ ទៅលើលោក គន់ ងីម ជាមន្ត្រីបរិស្ថាន និងជាប្រធានដែនជម្រក សត្វព្រៃស្នួល ដែលមានភារកិច្ចគ្រប់គ្រងតំបន់នោះ ប៉ុន្តែរឿងពិតប្រសិនបើ មិនបង់លុយឲ្យលោក ទេព គន្ធពិដោរ ច្បាស់ណាស់ដែលថា ចែម៉ាប់ មិនអាចប្រមូលទិញ ឬដឹកជញ្ជូនឈើ ដោយអនាធិបតេយ្យបានទេ។
គេចង់ឃើញលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ ពិចារណាឡើងវិញ ពីភាពអសកម្ម និងអំពើពុករលួយរបស់លោក ទេព គន្ធពិដោរ ដែលឃុបឃិតឲ្យចែម៉ាប់ ប្រមូលទិញឈើ ស្តុកឈើ និងដឹកជញ្ជូនឈើ ចេញទៅលក់នៅស្រុកយួន តាមច្រកជ្រោះជ្រៅ ផ្ទុយពីបទបញ្ជារបស់ រាជរដ្ឋាភិបាល ព្រោះសកម្មភាពរកស៊ី ប្រមូលទិញឈើខុសច្បាប់របស់ ចែម៉ាប់ មានទ្រង់ទ្រាយធំ ខ្លាំងសម្បើមណាស់ និងជាប្រភពបង្កើតឲ្យមាន បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ គួរឲ្យសោកស្តាយបំផុត ហើយចែម៉ាប់ នៅតែក្រអឺតក្រទមក្នុងមុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដែលគ្មាននរណាហ៊ានប៉ះពាល់ ។
សមត្ថកិច្ចមួយចំនួន បានបង្ហើបឲ្យដឹងថា ចែម៉ាប់ មានខ្នងបង្អែក ជាសមត្ថកិច្ច និងមន្ត្រីជំនាញធំៗ នៅក្នុងខេត្តក្រចេះ ដែលធ្លាប់តែចេញចូល យកលុយពីចែម៉ាប់ មិនសូវលស់ពេលណាឡើយ។ នៅពេលដែលជំនាញ រដ្ឋបាលព្រៃឈើរក្សា ភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮចំពោះ ការប្រមូលទិញឈើ និងការនាំចេញឈើ ទៅលក់នៅស្រុកយួន ដែលមានរូបភាព កាន់តែអនាធិបតេយ្យរបស់ ចែម៉ាប់ សមត្ថកិច្ចដទៃទៀត បានត្រឹមតែលាបាតដៃសុំប្រាក់ ពីចែម៉ាប់ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចដទៃ គ្រាន់តែជាជើងក្រោយ បើជំនាញរដ្ឋបាលព្រៃឈើ របស់លោក ទេព គន្ធពិដោរ និងប្រធានដែនជម្រក សត្វព្រៃស្នួលលោក គន់ ងីម រក្សាភាព ស្ងៀមស្ងាត់ទៅហើយ អ្វីៗអាចដំណើរការដោយរលូនល្អ៕
Source from: watphnom-news.com