អ្នកលេង Facebook ធ្វើការគំរាមដោយអាវុធមួយឈុតទៀតលើថ្នាក់ដឹកនាំគណបក្សប្រឆាំង

មានការគំរាមដោយអាវុធ និងគ្រាប់រំសេវមួយឈុតទៀតហើយ ទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំងគឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិពីសំណាក់អ្នកលេង Facebook ដែលប្រើប្រាស់ Account ឈ្មោះ Dein Sokhom បន្ទាប់ពីមានអំពើគំរាមលើកមុនរបស់ Account ឈ្មោះ ផែង វណ្ណៈ ទៅលើឯកឧត្តម កឹម សុខា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក។
Account Facebook មួយឈ្មោះ Dein Sokhom បាន Post នៅក្នុង Status របស់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ម្សិលម្ង៉ៃ ដោយបង្ហាញនូវរូបភាពកាំភ្លើងជាច្រើនដើម និងគ្រាប់រំសេវជាច្រើនគ្រាប់ ព្រមទាំងបានប្រើពាក្យថា «ពួកយើងត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធ! សុខចិត្តស្លាប់ទាំងពូជ តែមិនសុខចិត្តឲ្យឆ្កែ រង្ស៊ី និងកឹម សុខា ដឹកនាំប្រទេសជាដាច់ខាត។»។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ថ្វីដ្បិតគេហទំព័របណ្តាញព័ត៌មានសង្គម Facebook មិនទាន់ឋិតនៅក្រោមដែនកំណត់របស់រាជរដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែការ Post នូវរូបភាពអាវុធ និងគ្រាប់រំសេវសំដៅកម្ចាត់ ឬប្រយុទ្ធទៅលើថ្នាក់ដឹកនាំ ឬបុគ្គលណាក៏ដោយពីសំណាក់អ្នកលេង Facebook ជាពិសេស Account ឈ្មោះ Dein Sokhom គឺមានន័យថា ជាការគំរាមកំហែងទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយប្រឆាំង និងធ្វើឲ្យមហាជនវាយតម្លៃថា អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ Dein Sokhom មានទំនោរគាំទ្រយ៉ាងពេញទំហឹងទៅលើគណបក្សនយោបាយកាន់កាប់អំណាចទើបមានចរិតបែបនេះ៕
Source from: www.dtn7.com