លោក ប៉ុល សៀង ពង្រាយប៉ូលីសសេដ្ឋកិច្ច ឲ្យចុះប្រមូលលុយពីអ្នករកស៊ី ដឹកទំនិញតាមផែស្ងួត និងផ្លូវជាតិលេខ១-៣ យ៉ាងប្រសេចប្រសាច

រាជធានីភ្នំពេញ ៖ នៅក្នុងនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គេសង្កេតឃើញមន្ត្រីជាច្រើន មានបានខ្លាំងណាស់ មិនសមមាត្រទៅនឹង ប្រាក់ខែក្នុងក្របខណ្ឌរដ្ឋនោះទេ ហើយអ្នកដែលលេចមុខលេចមាត់ជាងគេ គឺលោកប៉ុល សៀង មានតួនាទីជាអនុប្រធាននាយកដ្ឋាន ទទួលបន្ទុកផ្នែកចាត់តាំង ហើយមួយរយៈកន្លងមកនេះ គេសង្កេតឃើញមន្ត្រី នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះឈរជើងតាមផ្លូវជាតិលេខ១ លេខ២ និងលេខ៣ ប្រើអំណាចគាបជំរិតក្រុមឈ្មួញ ឲ្យបង់លុយតាមតែអំពើចិត្ត ក្នុងន័យប្រមូល ផលប្រយោជន៍ទាំងនោះ យកមកបង់ជូនលោក ប៉ុល សៀង ដើម្បីទទួលបាន លិខិតបញ្ជាបេសកកម្ម ដែលមានអាណត្តិរយៈពេល ៣ខែ។
មន្ត្រីតូចតាចមួយចំនួន ដែលមិនចេះរកលុយ ឬមិនសូវពូកែកាប់ដាវ មិនដែលមានឱកាស ចុះប៉ុស្តិ៍នោះទេ ព្រោះប៉ុស្តិ៍មួយៗសុទ្ធតែ ជាប់កាតព្វកិច្ចបង់លុយ ទៅតាមចំនួនដែលលោក ប៉ុល សៀង បានកំណត់ និងមានការដេញថ្លៃ មិនខុសពីការដេញថ្លៃ ភាស៊ីតាមផ្សារ តាមបេនឡាន ប៉ុន្មាននោះទេ។ នគរបាលសេដ្ឋកិច្ចមួយចំនួន ហ៊ានដេញថ្លៃខ្ពស់ ក្នុងការបង់លុយ ថ្លៃទិញប៉ុស្តិ៍ ដើម្បីមានឱកាស អាចឈរជើងចាំប្រមូលលុយ ពីក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងប្រសេចប្រសាចតាមដងផ្លូវ តាមរយៈការយកលិខិត បេសកកម្មរបស់អគ្គស្នងការ នគរបាលជាតិ ទៅប្រមូលលុយពីក្រុមឈ្មួញ ដោយដាក់ប៉ុស្តិ៍ជជុះ ត្រៀមរថយន្តសម្រាប់ប្រដេញ ផ្ទុយពីគោលការណ៍ របស់អគ្គស្នងការនគរបាលជាតិ។
ក្នុងកិច្ចប្រជុំរបស់ គណៈបញ្ជាការឯកភាពខេត្ត មួយចំនួន ក៏ធ្លាប់បានលើកឡើង ពីភាពអសកម្ម និងទម្លាប់ដ៏អាក្រក់ របស់មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលយកលិខិត បញ្ជាបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ទៅប្រមូលលុយកោសរូសបង្ខំឲ្យ ក្រុមឈ្មួញបង់លុយតាមតែទំនើងចិត្ត ជាថ្នូរនៃការមិនប៉ះពាល់ ឬរំខានសកម្មភាពដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ដឹកជញ្ជូនទំនិញក៏ដូចជា អ្នករកស៊ីស្របច្បាប់និងខុសច្បាប់ សុទ្ធតែជាប់កាតព្វកិច្ច បង់លុយឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ច តាមរបៀបពុករលួយមិនដែល មានវិក្កយបត្រនោះទេ ហើយក្នុងតួនាទី ជាអ្នកចាត់តាំងកងកម្លាំងឲ្យចុះប៉ុស្តិ៍ លោក ប៉ុល សៀង ហ៊ាននិយាយត្រង់ៗ អំពីតម្លៃដែលត្រូវបង់ក្នុងមួយខែ ឬមួយអាណត្តិ នៃលិខិតបេសកកម្ម ។
បើមន្ត្រីណាហ៊ានទទួល ត្រូវតែធានាក្នុងការបង់លុយ ឲ្យបានគ្រប់ចំនួននិងទៀងទាត់ ដោយលោក ប៉ុល សៀង មិនខ្វល់ថា មន្ត្រីដែលចុះប៉ុស្តិ៍ទាំងនោះ រកលុយមិនបាន ឬមានបញ្ហាផ្សេងៗនោះទេ ប្រសិនបើមានទម្លាប់មិនល្អ ក្នុងការឡើងលុយ មិនគ្រប់ចំនួន ឬមិនទាន់ពេលវេលា ថ្ងៃក្រោយមិនសង្ឃឹមថា អាចមានឱកាស បានចុះប៉ុស្តិ៍ល្អនោះទេ។ មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ប៉ុល សៀង ក្នុងតួនាទីជា នាយការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានយកឈ្មោះថ្នាក់លើ ទៅប្រើប្រាស់ក្នុងការ ប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួននិងបានបញ្ជូនកម្លាំងជំនិតៗ ឲ្យចុះប្រចាំការតាមផ្លូវជាតិលេខ១ លេខ២ និងលេខ៣ ទីដែលមានការដឹកជញ្ជូនទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ គ្រប់ប្រភេទមកពីស្រុកយួន ចូលរាជធានីភ្នំពេញ។
មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលចុះប្រចាំការ តាមផ្លូវជាតិលេខ១ លេខ២ និងលេខ៣ ក៏ធ្លាប់បានរអ៊ូរទាំពីការ ដាក់កំហិតឲ្យបង់លុយក្នុងកម្រិតខ្ពស់ ពីសំណាក់លោក ប៉ុល សៀង ហើយនៅតាមផែស្ងួតមួយចំនួន បានក្លាយជាមូលដ្ឋាន ដែលលោក ប៉ុល សៀង ចាត់តាំងមន្ត្រីរបស់ខ្លួន ឲ្យចុះប្រមូលលុយ ពីការដឹកជញ្ជូនទំនិញ យ៉ាងប្រសេចប្រសាច មិនខ្វល់ពីការរឹតបន្តឹង របស់ថ្នាក់លើនោះទេ។ អាចបញ្ជាក់បានថា ភាពមិនគប្បីឬទម្លាប់អាក្រក់ របស់នគរបាលសេដ្ឋកិច្ច ដែលចុះតាមប៉ុស្តិ៍ ផ្តើមឡើងដោយអំពើកោសរូស តម្រូវឲ្យបង់លុយសម្រាប់ លិខិតបេសកកម្ម ពីសំណាក់លោក ប៉ុល សៀង តែម្តង ហើយគេមិនច្បាស់ថា តើលោក ប៉ុល សៀង បានតម្រូវឲ្យកងកម្លាំង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបង់លុយប្រចាំខែ ដើម្បីទទួលបាន លិខិតបញ្ជាបេសកកម្ម ចុះតាមប៉ុស្តិ៍ក្នុងចំនួនប៉ុន្មាននោះទេ។
ចំពោះប្រាក់ដែលប្រមូលបាន មិនដឹងជាលោក ប៉ុល សៀង បង់ជូនថ្នាក់លើប៉ុន្មាន និងទុកសម្រាប់អភិវឌ្ឍន៍ ជីវភាពគ្រួសារខ្លួនឯងប៉ុន្មាននោះទេ ព្រោះលិខិតបេសកកម្មនោះ មានអាណត្តិតែ ៣ខែប៉ុណ្ណោះ ត្រូវឡើងមកសុំលិខិតថ្មី និងត្រូវចំណាយលុយម្តងទៀត ដែលពេលខ្លះ ការដេញថ្លៃប៉ុស្តិ៍ ចុះទៅប្រមូលលុយ ពីការដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់មិនទាន់បានរួចថ្លៃទិញប៉ុស្តិ៍ផង ស្រាប់តែដល់អាណត្តិ ត្រូវទិញប៉ុស្តិ៍សាជាថ្មីម្តងទៀត។ សម្រាប់នរគបាលសេដ្ឋកិច្ចមួយចំនួន ដែលជាជើងកាប់ដាវ គាបជំរិតក្រុមឈ្មួញ ឲ្យបង់លុយតាមតែអំពើចិត្ត មិនមានបញ្ហាអ្វីចោទនោះទេ សម្រាប់ការចំណាយលុយទិញប៉ុស្តិ៍ល្អៗ ក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារ ក្នុងមួយខែៗ ប៉ុន្តែសម្រាប់មន្ត្រីមួយចំនួនទៀត បើចុះប៉ុស្តិ៍ចុះរដូវភ្លៀង ឬអំឡុងពេលមានការរឹតបន្តឹងច្បាស់ជាចូលដើមមិនខានឡើយ។
គេចង់ឃើញ អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពអសកម្ម របស់លោក ប៉ុល សៀង ដែលប្រើអំណាចតួនាទីខាងផ្នែកចាត់តាំង ទៅកោសរូសឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង់លុយតាមតែអំពើចិត្ត ដើម្បីទទួលបានលិខិត បញ្ជាបេសកកម្មក្នុងរយៈពេល ៣ខែម្តង ហើយមកដល់ពេលនេះលោក ប៉ុល សៀង ក៏បានក្តោបក្តាប់ដោយផ្ទាល់ ចំពោះកម្លាំងនគរបាលសេដ្ឋកិច្ច ដែលចុះដាក់ប៉ុស្តិ៍ជជុះ តាមផ្លូវជាតិលេខ១ លេខ២ និងលេខ៣ ជាពិសេសកងកម្លាំង ដែលបញ្ជូនទៅតាមផែស្ងួត កំពុងប្រព្រឹត្តអំពើ ពុករលួយជាលក្ខណៈប្រព័ន្ធ មិនក្រែងញញើតវិធានការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយនោះទេ។ មន្ត្រីមួយចំនួនបានចំអកថា ដើម្បីលុបបំបាត់ការបង្កើតប៉ុស្តិ៍ជជុះខុសច្បាប់ ក្នុងការស្ទាក់ចាប់ឡាន ដឹកទំនិញឬឡានដឹកឈើ ឲ្យចូលបង់លុយ គឺអាចធ្វើបាន តាមរយៈកំណែទម្រង់ បញ្ឈប់មិនឲ្យលោក ប៉ុល សៀង កោសរូសទារលុយ ពីពួកគាត់ ដើម្បីទទួលបានលិខិត បញ្ជាបេសកកម្មចុះតាមប៉ុស្តិ៍៕
Source from: watphnom-news.com