រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគួរមានវិធានការលុបបំបាត់វប្បធម៌”នគរបាលយុត្តិធម៌ធ្វើចោរ”

ល្បីល្បាញជាយូរមកហើយថា គ្រប់វត្ថុដែលចាប់យកទៅរក្សាទុកនៅកន្លែងនគរបាលយុត្តិធម៌ ដូចជាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ករណីបង្ក្រាបកូដកម្មរបស់កម្មកររោងចក្រ ឬករណីប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗក្តី គឺវត្ថុដែលត្រូវបានចាប់យកនោះ តែងទទួលរងការខូចខាត ការបាត់បង់ ឬការប្តូរផ្លាស់ខុសពីស្ថានភាពដើមរបស់វត្ថុ ជាអាទិ៍ រថយន្ត ទោចក្រយានយន្ត គ្រឿងអលង្ការមានតម្លៃ ទូរស័ព្ទទំនើប …។ល។ ឬពាក្យសាមញ្ញត្រូវបានគេហៅថា "ស៊ីគ្រឿង" ។ មិនតែប៉ុណ្ណោះ វត្ថុដែលត្រូវចាប់យកទាំងនោះសូម្បីរថយន្តក៏ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌លួចបូមប្រេងអស់ឡើងរីងស្ងួតពីធុងសាំងដែរ ។
ព័ស្តុតាងជាក់ស្តែងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀត គឺកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣កន្លងមក កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាប់យករថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទោចក្រយានយន្ត ទូរស័ព្ទ…របស់បុគ្គលិកសហជីព និងកម្មកររោងចក្រសាប្រ៊ីណា មានទីតាំងឋិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយចាត់ទុកថាជាវត្ថុតាងក្នុងហេតុការណ៍កម្មករ កម្មការិនីរោងចក្រសាប្រ៊ីណានាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរ ហើយក៏កើតមានអំពើហិង្សាប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងបុគ្គលិកសហជីព ព្រមទាំងកម្មករ កម្មការិនីរោងចក្រ ។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចប្រគល់វត្ថុដែលចាប់យកឲ្យទៅម្ចាស់ដើមវិញ ។ នៅពេលដែលម្ចាស់ដើមមកទទួលវត្ថុដែលចាប់យកនោះ ដូចជា ទូរស័ព្ទ ទោចក្រយានយន្ត និងរថយន្ត…គឺទូរស័ព្ទទំនើបត្រូវបានផ្លាស់ប្តូរគ្រឿងក្នុងសំខាន់ៗ រួមទាំងមេម៉ូរីផង ទោចក្រយានយន្តបាត់អស់ម៉ាញ៉េតូ និងកញ្ចក់ ព្រមទាំងមួកសុវត្ថិភាព ទោចក្រយានយន្តក៏ទទួលរងការខូចខាតជាច្រើន ។ ប៉ុន្តែទោះបែបនេះក្តី មានម្ចាស់ដើមរបស់វត្ថុចាប់យកខ្លះស៊ូទ្រាំបង្ខំចិត្តទទួលយកទូរស័ព្ទ និងទោចក្រយានយន្តដែលខូចខាតនោះ ដើម្បីយកមកធ្វើជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅប្រកបការងារចិញ្ចឹមជីវិត ។
ដោយសារការបាត់បង់ ខូចខាតរថយន្តដែលជាវត្ថុចាប់យកពីស្ថានភាពដើមខ្លាំងពេក ជាហេតុធ្វើឲ្យលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាមិនព្រមទទួលយករថយន្តដែលជាវត្ថុចាប់យកនោះឡើយ ហើយក៏បានសម្រេចចិត្តប្តឹងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធឯទៀតទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ ចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា ។
នៅក្នុងករណីកម្លាំងនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបទៅលើកម្មករ កម្មការិនីរោងចក្រសាប្រ៊ីណា និងចាប់យកនូវទ្រព្យសម្ភារៈរបស់សហជីព ព្រមទាំងកម្មកររោងចក្រសាប្រ៊ីណា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនោះ គឺមានកំហុសឆ្គងពីរយ៉ាង ជាអាទិ៍ ៖
១-មិនបញ្ជូនវត្ថុចាប់យកទៅសាលាដំបូងខេត្តកំពង់ស្ពឺជាមួយនឹងសំណុំរឿង បែរជារក្សាទុកជាអត្តនោម័តអស់រយៈពេលជាង០៦ខែ ទើបយកមកប្រគល់ឲ្យស្ថាប័នតុលាការ ។
២-ធ្វើឲ្យមានការបាត់បង់ និងខូចខាតនូវវត្ថុដែលចាប់យក ជាហេតុនាំឲ្យមជ្ឈដ្ឋាននានាហៅមន្ត្រីនគរបាលយុត្តិធម៌ថា ជា"ចោរ" ។
ដូច្នេះ សូមឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាត្រួតពិនិត្យ និងនមានវិធានការលុបបំបាត់នូវវប្បធម៌នគរបាលយុត្តិធម៌ធ្វើជា"ចោរ"នេះផង កុំឲ្យអាប់ឱនកិត្យានុភាពកងកម្លាំងនគរបាលជាតិតទៅទៀត ៕
Source from: www.dtn7.com