រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃនិង​អគ្គស្នងការ​នគរបាល​ជាតិ​គួរ​មាន​វិធានការ​លុប​បំបាត់​វប្បធម៌​”​នគរបាល​យុត្តិធម៌​ធ្វើ​ចោរ​”

រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃនិង​អគ្គស្នងការ​នគរបាល​ជាតិ​គួរ​មាន​វិធានការ​លុប​បំបាត់​វប្បធម៌​”​នគរបាល​យុត្តិធម៌​ធ្វើ​ចោរ​”

​ល្បីល្បាញ​ជា​យូរ​មក​ហើយ​ថា​ គ្រប់​វត្ថុ​ដែល​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​នគរបាល​យុត្តិធម៌​ ដូច​ជា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ករណី​បង្ក្រាប​កូដកម្ម​របស់​កម្មករ​រោងចក្រ​ ឬ​ករណី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ក្តី​ គឺ​វត្ថុ​ដែល​ត្រូវ​បាន​ចាប់​យក​នោះ​ តែង​ទទួល​រង​ការ​ខូចខាត​ ការ​បាត់បង់​ ឬ​ការ​ប្តូរផ្លាស់​ខុស​ពី​ស្ថានភាព​ដើម​របស់​វត្ថុ​ ជា​អាទិ៍​ រថយន្ត​ ទោចក្រយានយន្ត​ គ្រឿងអលង្ការ​មាន​តម្លៃ​ ទូរស័ព្ទ​ទំនើប​ …​។​ល​។​ ឬ​ពាក្យ​សាមញ្ញ​ត្រូវ​បាន​គេ​ហៅ​ថា​ "​ស៊ី​គ្រឿង​"​ ។​ មិនតែប៉ុណ្ណោះ​ វត្ថុ​ដែល​ត្រូវ​ចាប់​យក​ទាំងនោះ​សូ​ម្បី​រថយន្ត​ក៏​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​លួច​បូម​ប្រេង​អស់​ឡើង​រីងស្ងួត​ពី​ធុងសាំង​ដែរ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ គឺ​កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​មក​ កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ចាប់​យក​រថយន្ត​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទោចក្រយានយន្ត​ ទូរស័ព្ទ​…​របស់​បុគ្គលិក​សហជីព​ និង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ដោយ​ចាត់​ទុក​ថា​ជា​វត្ថុ​តាង​ក្នុង​ហេតុការណ៍​កម្មករ​ កម្មការិនី​រោងចក្រ​សា​ប្រ៊ី​ណា​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ហើយ​ក៏​កើត​មាន​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​ និង​បុគ្គលិក​សហជីព​ ព្រមទាំង​កម្មករ​ កម្មការិនី​រោងចក្រ​ ។​

​នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ចេញ​ដីកា​សម្រេច​ប្រគល់​វត្ថុ​ដែល​ចាប់​យក​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ ។​ នៅ​ពេល​ដែល​ម្ចាស់​ដើម​មក​ទទួល​វត្ថុ​ដែល​ចាប់​យក​នោះ​ ដូច​ជា​ ទូរស័ព្ទ​ ទោចក្រយានយន្ត​ និង​រថយន្ត​…​គឺ​ទូរស័ព្ទ​ទំនើប​ត្រូវ​បាន​ផ្លាស់​ប្តូរ​គ្រឿងក្នុង​សំខាន់ៗ​ រួម​ទាំង​មេ​ម៉ូ​រី​ផង​ ទោចក្រយានយន្ត​បាត់​អស់​ម៉ា​ញ៉េ​តូ​ និង​កញ្ចក់​ ព្រមទាំង​មួក​សុវត្ថិភាព​ ទោចក្រយានយន្ត​ក៏​ទទួល​រង​ការ​ខូចខាត​ជា​ច្រើន​ ។​ ប៉ុន្តែ​ទោះ​បែប​នេះ​ក្តី​ មាន​ម្ចាស់​ដើម​របស់​វត្ថុ​ចាប់​យក​ខ្លះ​ស៊ូទ្រាំ​បង្ខំចិត្ត​ទទួលយក​ទូរស័ព្ទ​ និង​ទោចក្រយានយន្ត​ដែល​ខូចខាត​នោះ​ ដើម្បី​យក​មក​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រកបការងារ​ចិញ្ចឹមជីវិត​ ។​

​ដោយសារ​ការ​បាត់បង់​ ខូចខាត​រថយន្ត​ដែល​ជា​វត្ថុ​ចាប់​យក​ពី​ស្ថានភាព​ដើម​ខ្លាំង​ពេក​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ព្រម​ទទួលយក​រថយន្ត​ដែល​ជា​វត្ថុ​ចាប់​យក​នោះ​ឡើយ​ ហើយ​ក៏​បាន​សម្រេចចិត្ត​ប្តឹង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​ឯទៀត​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៤​ ម្សិលមិញ​នេះ​ ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ ។​

​នៅ​ក្នុង​ករណី​កម្លាំង​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ធ្វើការ​បង្ក្រាប​ទៅ​លើ​កម្មករ​ កម្មការិនី​រោងចក្រ​សា​ប្រ៊ី​ណា​ និង​ចាប់​យក​នូវ​ទ្រព្យ​សម្ភារៈ​របស់​សហជីព​ ព្រមទាំង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ គឺ​មាន​កំហុសឆ្គង​ពីរ​យ៉ាង​ ជា​អាទិ៍​ ៖

១-​មិន​បញ្ជូន​វត្ថុ​ចាប់​យក​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ជាមួយនឹង​សំណុំរឿង​ បែរជា​រក្សា​ទុកជា​អត្ត​នោ​ម័ត​អស់​រយៈពេល​ជាង​០៦​ខែ​ ទើប​យក​មក​ប្រគល់​ឲ្យ​ស្ថាប័ន​តុលាការ​ ។​

២-​ធ្វើ​ឲ្យ​មានការ​បាត់បង់​ និង​ខូចខាត​នូវ​វត្ថុ​ដែល​ចាប់​យក​ ជា​ហេតុ​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​ហៅ​មន្ត្រី​នគរបាល​យុត្តិធម៌​ថា​ ជា​"​ចោរ​"​ ។​

​ដូច្នេះ​ សូម​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​ត្រួតពិនិត្យ​ និង​ន​មាន​វិធានការ​លុប​បំបាត់​នូវ​វប្បធម៌​នគរបាល​យុត្តិធម៌​ធ្វើ​ជា​"​ចោរ​"​នេះ​ផង​ កុំ​ឲ្យ​អាប់ឱន​កិត្យានុភាព​កងកម្លាំង​នគរបាល​ជាតិ​តទៅ​ទៀត​ ៕​

Sar-Kheng-29


Source from: www.dtn7.com

No comments:

Post a Comment