ក្រុមអ្នករកស៊ីដឹកទំនិញ និងកសិផល ឆ្លងកាត់ច្រកក្អមសំណរ បើកកកាយពីប៉ុស្តិ៍ជជុះ ដែលកោសរូសបង្ខំឲ្យបង់លុយ តាមរបៀបពុករលួយ

រាជធានីភ្នំពេញ ៖ ការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល មិនសូវមានប្រសិទ្ធភាពទេ ជាពិសេសការកែទម្រង់ លើការប្រមូលពន្ធគយ កំពុងតែបរាជ័យ មិនខុសពីវិធានការ បង្ការបង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់នោះទេ ព្រោះគ្រាន់តែពីចំណុច ប្រជុំជនអ្នកលឿង ទៅដល់ច្រកព្រំដែនក្អមសំណ តាមបណ្តោយទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ មានប៉ុស្តិ៍ជជុះរបស់សមត្ថកិច្ចដល់ទៅជាង ១០កន្លែង ចាំគាបជំរិតកោសរូស បង្ខំឲ្យប្រជាពលរដ្ឋ ដឹកជញ្ជូនផលកសិកម្មចុះទៅស្រុកយួន បង់លុយទៅតាមតម្លៃ ដែលបានកំណត់ និងគ្មានវិក្កយបត្រ ដែលទាមទារឲ្យអគ្គនាយកគយ និងរដ្ឋាករ ពិនិត្យមើលបញ្ហានេះឡើងវិញផង។
ក្រុមអ្នករកស៊ីដឹកជញ្ជូនកសិផល សម្រាប់ទូកដែលមានចំណុះ ២០តោន ពីតំបន់ផ្សេងៗចុះទៅស្រុកយួន តាមច្រកក្អមសំណ តាមផ្លូវទឹកទន្លេមេគង្គ បានឲ្យដឹងថា បន្ទាប់ពីមានការកែទម្រង់ស៊ីជម្រៅ ពួកគាត់ត្រូវរងគ្រោះ ចូលបង់លុយឲ្យប៉ុស្តិ៍ជជុះ របស់សមត្ថកិច្ច កាន់តែច្រើនជាងពេលមុន មិនដឹងជាខាងណាខ្លះទេ គ្រាន់តែដឹងថា ចំណុចដែលត្រូវ ចូលបង់លុយនោះ ជារបស់គយ ប៉ុស្តិ៍ជជុះរបស់យោធា នគរបាលស្រុក ប៉ូលិសសេដ្ឋកិច្ច ជាច្រើនកន្លែងទៀត បើគិតទៅគ្រាន់តែ ចូលបង់លុយឲ្យប៉ុស្តិ៍ជជុះមិនតិចជាង ១៣កន្លែងនោះទេ សម្រាប់ការដឹកជញ្ជូន ផលកសិកម្មចុះទៅស្រុកយួន ឬការដឹកទំនិញ ទាំងស្របច្បាប់ និងបង់ពន្ធមិនគ្រប់ ចូលតាមច្រកក្អមសំណ។
មានការបញ្ជាក់ផងដែរថា ការរកស៊ីនាំចូលទំនិញ បង់ពន្ធទៅតាមច្បាប់ទម្លាប់ រកប្រាក់ចំណេញមិនឃើញទេ ដូច្នេះហើយបានជា ក្រុមអ្នករកស៊ីសឹងជាទូទៅ បានរិះរកវិធីទំនាក់ទំនង ជាមួយលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាប្រធានការិយាល័យគយ ច្រកក្អមសំណ ឲ្យជួយសម្របសម្រួលក្នុងការ នាំចូលទំនិញគ្រប់ប្រភេទ ដោយបង់ពន្ធមិនគ្រប់ ដើម្បីសេសសល់ប្រាក់មួយចំនួន យកទៅចាយវាយ បង់ឲ្យប៉ុស្តិ៍ជជុះ ដ៏ប្រសេចប្រសាច។ ក្នុងករណីដែលមិនព្រមបង់លុយ ទៅតាមការទាមទារនោះទេ សមត្ថកិច្ចមួយចំនួន បានរំខានឬបង្កបញ្ហាផ្សេងៗ នាំឲ្យខូចខាតទំនិញ និងខាតបង់ ពេលវេលាផងដែរ ម្ល៉ោះហើយអ្នករកស៊ីមួយចំនួន មិនចង់មានរឿងវែងឆ្ងាយ ក៏ចេះតែបង់លុយទាំងទើសទាល់។
មានការបញ្ជាក់ផងដែរថា គ្រាន់តែប៉ុស្តិ៍ជជុះរបស់ជំនាញគយ មានចំនួន ៣កន្លែង គឺទី១ ប៉ុស្តិ៍ជជុះរបស់ សាខាគយខេត្តព្រៃវែង មានទីតាំងនៅជាប់ស្នាក់ការ គណបក្សប្រជាជន ក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបង់លុយជាង ១០ម៉ឺនរៀល ទី២ប៉ុស្តិ៍ជជុះរបស់ ជំនាញគយ នៅខាងជើង វត្តសន្សំកុសល ក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបង់ចាប់ពី ៤ម៉ឺនទៅ៦ ម៉ឺនរៀល និងគយច្រកក្អមសំណត្រូវបង់លុយចំនួន ១លាន៣ សែនដុង ប្រហាក់ប្រហែលនឹង ២៥ម៉ឺនរៀល។ ក្រៅពីបង់លុយឲ្យប៉ុស្តិ៍ជជុះ ដ៏ប្រសេចប្រសាច គឺនៅពេលទៅដល់ទឹកដីយួន ត្រូវបង់ពន្ធនាំចូល គឺចំណាយច្រើនណាស់ សម្រាប់ទូកដឹកកសិផលចំណុះ ២០តោន គ្រាន់តែចំណាយលើសេវាផ្សេងៗ អស់រាប់លានរៀល ដូច្នេះតើឲ្យពួកគាត់ ទៅទិញកសិផលពីប្រជាពលរដ្ឋ ក្នុងតម្លៃថ្លៃម្តេចនឹងកើត។
ក្នុងអ្នករកស៊ីដឹកជញ្ជូនទំនិញ មកពីស្រុកយួន ក៏ដូចជាប្រជាពលរដ្ឋ រកស៊ីដឹកជញ្ជូនកសិផល ចុះទៅស្រុកយួន បាននិយាយគ្រប់ៗគ្នាថា លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាប្រធានការិយាល័យគយ ប្រចាំច្រកក្អមសំណ បានប្រព្រឹត្តអំពើពុករលួយដុះស្លែ មិនដែលខ្វល់ខ្វាយ ពីវិធានការរឹតបន្តឹង ឬការកែទម្រង់ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនោះទេ គឺលោក អ៊ឹម សុវណ្ណា ហៅរ៉ូ នៅតែចាត់តាំងឲ្យមានអំពើពុករលួយ តាមរយៈការបិទភ្នែក ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់ យ៉ាងអនាធិបតេយ្យដដែល។ ការដឹកនាំរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ធ្វើឲ្យមន្ត្រីតូចតាចជាច្រើនមិនសប្បាយចិត្តនោះទេ ព្រោះគាត់គិតតែ ផលប្រយោជន៍ផ្ទាល់ខ្លួន រហូតមានការទម្លាយ រឿងរ៉ាវនៃការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ទំនិញបង់ពន្ធមិនគ្រប់ ចេញមកខាងក្រៅជាបន្តបន្ទាប់។
គេចង់ឃើញអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ពិនិត្យមើលឡើងវិញ ពីភាពអសកម្ម និងអំពើពុករលួយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដែលបានធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ មិនទាន់មានការកែទម្រង់នោះទេ ហើយលោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានកាន់តំណែងនេះ ឡើងដុះស្លែទៅហើយ មិនដែលមានការផ្លាស់ប្តូរទៅណាសោះ បើទោះបីជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ធ្លាប់បានប្រកាសថា ជំនាញគយត្រូវផ្លាស់វេនគ្នា មិនឲ្យកាន់តំណែងដដែលៗ លើសពី ២អាណត្តិក៏ដោយ។ ដោយសារតែតួនាទីជា មេគយក្អមសំណ ឡើងដុះស្លែទៅហើយនោះ លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មានឱកាសប្រព្រឹត្ត អំពើពុករលួយ ឃុបឃិតជាមួយ ក្រុមឈ្មួញទាំងតូចទាំងធំ ឲ្យនាំចូលទំនិញបង់ពន្ធមិនគ្រប់ យ៉ាងអនាធិបតេយ្យ ជាពិសេសមានការ កោសរូសបង្ខំឲ្យអ្នករកស៊ី ដឹកជញ្ជូនកសិផល បង់លុយក្នុងកម្រិតខ្ពស់៕
Source from: watphnom-news.com