លោកស្រី ងួន ធារី ប្រធានការិយាល័យគណនេយ្យ ឲ្យបក្ខពួកគ្រប់គ្រងលុយកាក់ ជំនួសមន្ត្រីក្នុងក្របខ័ណ្ឌ នៅមន្ទីរសុខាភិបាលខេត្តក្រចេះ

ខេត្តក្រចេះ ៖ ដោយសារអត់ទ្រាំមិនបាន ចំពោះភាពអសកម្ម និងអំពើពុករលួយ របស់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តក្រចេះ មន្ត្រីតូចតាចធ្លាប់បាន ដាក់ពាក្យប្តឹងលោក ឈ្នាង សុវុត្ថា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទាក់ទិននឹងការកិបកេងថវិកាជាតិ យកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រោយមក ក្រុមអធិការកិច្ចបានចុះទៅស៊ើបអង្កេត លើបញ្ហានេះ ក៏ស្ងាត់សូន្យឈឹង មិនដឹងជាទទួលបានលទ្ធផល បែបណានោះទេ។ ហើយកាលពីពេលថ្មីៗនេះ មន្ត្រីក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ ជាច្រើនទៀត បានប្រតិកម្មចំពោះករណី ដែលលោកស្រី ងួន ធារី ជាប្រធានការិយាល័យគណនេយ្យ បានបន្តយកបក្ខពួករបស់ខ្លួន មកកាន់ការងារ គ្រប់គ្រងលុយកាក់ តាមតែទំនើងចិត្ត ដែលទាមទារឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួយពិនិត្យមើលភាពអសកម្ម ទាំងអស់នេះឡើងវិញផង។
មន្ត្រីតូចតាចជាច្រើន បានលើកឡើងថា នៅក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ តាំងពីអំឡុងឆ្នាំ២០១២ រហូតមកដល់ ពេលបច្ចុប្បន្ននេះ លោកស្រី ងួន ធារី បានឡើងកាន់តំណែងជា ប្រធានការិយាល័យគណនេយ្យ គឺគាត់បានយកបក្ខពួករបស់ខ្លួន ដែលបម្រើការងារ ជាសន្តិសុខរបស់មន្ទីរឈ្មោះ តយ អេងគីន មកធ្វើជាអ្នកកាន់ ឯកសារលុយកាក់ និងរត់សំបុត្រផ្សេងៗ ក្នុងការិយាល័យគណនេយ្យ ដើម្បីប្រមូលផលប្រយោជន៍ យកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ លោកស្រី ងួន ធារី ក៏បានយកឈ្មោះបុគ្គលិក ក្រៅក្របខ័ណ្ឌ មកដាក់ក្នុងលិខិតបេសកកម្មសេះហោះ ដើម្បីប្រមូលលុយរបបផ្សេងៗ យកទៅឲ្យឈ្មោះ តយ អេងគីន តាមរបៀបពុករលួយ ដែលរឿងពិតឈ្មោះ តយ អេងគីន មិនត្រូវមានតួនាទី មកកាន់លុយរត់សំបុត្រ ឬទទួលបានលុយបេសកកម្មអីនោះទេ។
រឿងដែលលោកស្រី ងួន ធារី បានប្រព្រឹត្តក្នុងការ យកបុគ្គលិកសន្តិសុខ មកកាន់ការងារគ្រប់គ្រងលុយកាក់ បានធ្វើឲ្យមន្ត្រីជាច្រើន ដែលមានឈ្មោះក្នុងក្របខ័ណ្ឌ បំពេញតួនាទីការងារ ក្នុងការិយាល័យគណនេយ្យ មានការខឹងសម្បាយ៉ាងខ្លាំង ព្រោះចំណាត់ការ របស់លោកស្រី ងួន ធារី បានធ្វើឲ្យមន្ត្រីជាច្រើន អត់មានការងារធ្វើ បែរជាយកបុគ្គលិកសន្តិសុខ មកកាន់ការងារលុយកាក់ជំនួសមន្ត្រីជំនាញ ដែលមានការតែងតាំង ក្របខ័ណ្ឌត្រឹមត្រូវ។ លើសនេះទៅទៀត សម្រាប់ករណីដែលយកឈ្មោះ បុគ្គលិកក្របខ័ណ្ឌ ទៅដាក់លើបេសកកម្មក្លែងបន្លំ ឬលិខិតបេសកកម្មសេះហោះ ដើម្បីយកលុយទៅបើក ឲ្យឈ្មោះ តយ អេងគីន គឺជាអំពើពុករលួយធ្ងន់ធ្ងរ ពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌ នៃការក្លែងលិខិត និងការរំលោភលើទំនុកចិត្ត ព្រោះការយកឈ្មោះមន្ត្រីទៅដាក់ ក្នុងបេសកកម្មសេះហោះនោះ សាមីខ្លួនមិនបានដឹង និងមិនមានការឯកភាពទេ។
រឿងរ៉ាវមួយទៀតនោះ គឺកើតមាននៅក្នុង មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ តាំងពីឆ្នាំ២០១២ មកម្ល៉េះ គឺលោកស្រីឱសថការី យាវ ចាន់ណាវី មានតួនាទីជាអនុប្រធានផ្នែក បានជួលឈ្មោះ គូ សុខភឿន ដែលមិនមាន សញ្ញាបត្រអ្វីសោះមកធ្វើការ និងយាមជំនួស ដែលត្រង់ចំណុចនេះ មន្ត្រីក្នុងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មួយចំនួន បានលើកជាសំណួរថា តើមន្ទីរពេទ្យ ជាទីទុកចិត្តរបស់ប្រជាជនទេ បើគ្រូពេទ្យកាន់ផ្នែកឱសថការី ជួលមនុស្សអត់មានសញ្ញាបត្រ មកធ្វើការជំនួស និងគ្មានជំនាញត្រឹមត្រូវ។ មានការបញ្ជាក់ផងដែរថា ក្នុងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មានអ្នកជំងឺជាច្រើន ដែលគ្មានលទ្ធភាព ចេញទៅព្យាបាលនៅស្រុកយួន ឬឡើងមកភ្នំពេញ ក៏ទ្រាំសម្រាកព្យាបាលជំងឺ ទៅតាមយថាកម្ម នៅក្នុងមន្ទីរពេទ្យ ខេត្តក្រចេះ បើទោះបីជាគ្មានជំនឿចិត្ត ក៏ចេះតែទ្រាំទៅ ដោយសារតែពួកគាត់គ្មានជម្រើស ។
មន្ត្រីតូចតាចជាច្រើនបានលើកឡើងថា ការដឹកនាំរបស់ ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ ពោរពេញដោយ រឿងអាស្រូវពុករលួយ គ្រួសារនិយម មិនទាន់មានការកែទម្រង់នោះទេ ហើយកន្លងមកគេធ្លាប់ឃើញ ក្រុមអធិការកិច្ច ចុះមកត្រួតពិនិត្យ និងស៊ើបអង្កេតលើ ភាពមិនប្រក្រតីមួយចំនួន ឃើញកំហុសដូចការចោទប្រកាន់ របស់មន្ត្រីតូចតាចមែន ប៉ុន្តែទីបំផុតមន្ត្រីដែលប្រព្រឹត្តខុស ឬមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ នៅតែកាន់តំណែង យ៉ាងក្រអឺតក្រទមដដែល មិនមានការដោះដូរទៅណាទេ។ មន្ត្រីជាច្រើនសឹងតែអស់ជំនឿ ទៅលើក្រុមអធិការកិច្ច ដែលចុះមកធ្វើការស៊ើបអង្កេតស្រាវជ្រាវម្តងៗ មានគេទទួលបាយទឹក នាំទៅកន្លែងកម្សាន្តសប្បាយ ហើយគេសង្ស័យថា អាចមានស្រោមសំបុត្រ ជូនក្រុមអធិការកិច្ចទាំងនោះ ទើបលទ្ធផលនៃការធ្វើអធិការកិច្ច រកមិនឃើញកំហុសឆ្គង ឬឈានដល់ការដាក់ពិន័យ មន្ត្រីពុករលួយនិងអសកម្ម។
មន្ត្រីជាច្រើន បានសំណូមពរឲ្យអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ ពីភាពអសកម្មនិងអំពើពុករលួយ ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ ក៏ដូចជាក្នុងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ដើម្បីឲ្យលោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជួយដឹងឮ ដោះស្រាយរកយុត្តិធម៌ជូនមន្ត្រីតូចតាច ដែលត្រូវបានថ្នាក់លើ ជាពិសេសផ្នែកគណនេយ្យ កិបកេងប្រាក់ឧបត្ថម្ភ ឬប្រាក់របបបេសកកម្ម របស់ពួកគាត់ តាមតែអំពើចិត្ត។ ហើយរឿងរ៉ាវអស់ទាំងនេះ គួរតែអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេត ស្រាវជ្រាវឡើងវិញផង ព្រោះអំពើពុករលួយ និងគ្រួសារនិយម នៅក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ កើតមានជាច្រើនឆ្នាំមកហើយ មិនត្រូវបានក្រសួងសុខាភិបាល យកចិត្តទុកដាក់កែទម្រង់ ឲ្យមានភាពល្អប្រសើរ ដើម្បីឲ្យស្របតាម កម្មវិធីនយោបាយ កែទម្រង់ស៊ីជម្រៅ ក្នុងអាណិត្តថ្មីនោះទេ៕
Source from: watphnom-news.com